៥ប្រយោគកុហកនេះ នឹងជួយឱ្យគូស្នេហ៍អ្នក មានអារម្មណ៍ល្អគ្រប់ពេល!

ដឹងច្បាស់ណាស់ថាមនុស្សស្អប់ «ពាក្យកុហក» ហើយការកុហកគ្នាទៅវិញទៅមក ចំពោះដៃគូស្នេហា គឺវាមិនមែនជារឿងល្អនោះទេ។  តាំងពីដើមមក គ្រប់គូស្វាមីភរិយា ទាំងអស់ត្រូវការជាចាំបាច់ណាស់ នូវសេចក្តី «ទៀងត្រង់» ឱ្យគ្នានឹងគ្នាទាំងសងខាង ក៏ប៉ុន្តែនៅក្នុងកាលៈទេសៈខ្លះ ភាពស្មោះត្រង់ក៏មិនអាចជួយធានាបានគ្រប់រឿងនោះដែរ តែមានកាលៈទេសៈខ្លះ ដែលការកុហកអាចជម្រើសល្អទៅវិញ ព្រោះជួយពង្រឹងទំនាក់ទំនង និងធ្វើឱ្យម្នាក់ទៀតសប្បាយចិត្ត។

ដូច្នេះ៥ប្រយោគកុហក ដែលជួយឱ្យគូស្នេហ៍ មានអារម្មណ៍ល្អគ្រប់ពេល ទោះបីនៅក្នុងស្ថានភាពអាក្រក់បែបណាក្តី មានដូចខាងក្រោម៖

១.អ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់ជាទីបំផុតតាំងពីកើតមក៖ សម្រាប់មនុស្សស្មោះ ងាយណាស់នឹងនិយាយ ព្រោះប្រយោគមួយឃ្លានេះ ពីរោះ និងអស្ចារ្យណាស់ សម្រាប់អ្នកដែលបានស្តាប់វា។ ជាការពិតណាស់បើអ្នក តែងតែនិយាយប្រយោគនេះ ទៅកាន់មនុស្សជាទីស្រឡាញ់រាល់ថ្ងៃ វាជារឿងប្រសើរ ព្រោះវាហាក់ដូចជាការ អនុញ្ញាតិឱ្យមនុស្សជាទីស្រឡាញ់​​បានដឹងថាអ្នកស្រឡាញ់គាត់ច្រើនបំផុត ទោះបីជា វាមិនមែនជាការពិត  យ៉ាងហោចណាស់ក៏បានធ្វើឱ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ថា  មានមោទនភាពណាស់ ក្នុងការដែលមានអ្នកមើលឃើញពីតម្លៃរបស់គេ។

២.ខ្ញុំមិនដែលគិតដល់សង្សារចាស់ម្តងណាឡើយ៖ ជឿជាក់ថាវាជារឿងពិបាក នៅ ក្នុងការកាត់ចិត្តបំភ្លេចសង្សារចាស់  ប៉ុន្តែក៏គ្មាននរណាម្នាក់សប្បាយចិត្តទេ ពេលដែល នៅក្បែរគ្នាហើយ តែគេបែរជានឹកដល់អ្នកផ្សេងទៅវិញនោះ។ ដូច្នេះទោះបីជាមាន ពេលខ្លះអ្នកកំពុងតែនឹកដល់សង្សារចាស់ក៏ដោយ ចូរព្យាយាមនិយាយប្រយោគនេះ ទៅកាន់បុគ្គលដែលនៅជាមួយអ្នកបច្ចុប្បន្ន ព្រោះការគោរពអារម្មណ៍របស់ភាគី ម្ខាងទៀត វាបានបង្ហាញថា យើងគឺជាមនុស្សម្នាក់ ដែលចេះមានទំនួលខុសត្រូវចំពោះ ស្នេហារបស់ខ្លួនឯង។ កុំបណ្តោយឱ្យរឿងអតីតកាល បំផ្លាញទំនាក់ទំនងបច្ចុប្បន្ន។

៣.ខ្ញុំយល់ពីអ្នកគ្រប់យ៉ាង៖ ដើម្បីចៀសវាងពីការមិនយល់ចិត្តគ្នា ឬបង្កការយល់ច្រឡំ ជាយថាហេតុនោះ​​ សូមព្យាយាមប្រាប់ថា "ខ្ញុំយល់ពីអ្នកច្បាស់ណាស់" ដើម្បីឱ្យគេ មានអារម្មណ៍ស្ងប់ចិត្ត  មិនច្រឡោតខ្លាំង  ទោះបីជាមានពេលខ្លះ អ្នកមិនអាចយល់ពី ដៃគូម្ខាងទៀតច្បាស់ក៏ដោយ បន្ទាប់ពីនោះ ចាំសួរនូវអ្វីដែលអ្នកមិនយល់នៅពេលក្រោយវិញ ទើបជាការប្រសើរ។ ដូច្នេះពាក្យកុហកនៅពេលនេះក៏អាចជួយ មនុស្សឱ្យគេចផុតពីទំនាស់បានមួយគ្រាដែរ។

៤.ខ្ញុំមិនបាននិយាយដើមអ្នកប្រាប់មិត្តភក្តិទេ៖ ធ្វើយ៉ាងណាបើត្រូវចាប់បានថាអ្នក ពិតជាបាននិយាយដើមគូស្នេហ៍ប្រាប់មិត្តដទៃមែន?  បញ្ហានេះច្រើនកើតឡើង ចំពោះ គូស្នេហ៍វ័យក្មេង​ ដែលមិនសូវមានការគិតពិចារណាខ្ពស់។  ជាញឹកញាប់រឿងនេះបាន ក្លាយទៅជាប្រធានបទក្តៅមួយ ក្នុងការបង្កការបែកបាក់គ្នា។ ដូច្នេះបើគ្មានដំណោះស្រាយ អ្នកគួរកុហកសិន  តែវាមិនមែនជាការដោះសារទេ។  ធ្វើបែបនេះ នឹងមិនឱ្យបាត់បង់ទំនុកចិត្ត រវាងគ្នាបានមួយរយៈពេលដែរ  ប៉ុន្តែយកល្អបំផុតគូស្នេហ៍ ទាំងឡាយ មិនត្រូវនិយាយរឿងមិនល្អរបស់គ្នា ប្រាប់ទៅជនទី៣នោះទេ។

៥.អ្នកចម្អិនអាហារបានឆ្ងាញ់ខ្លាំងណាស់៖ ក្រៅពីរឿងខាងលើ ការចម្អិនគឺរឹតតែ សំខាន់ក្នុងការចងចិត្តគូស្នេហ៍។ ប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងនេះ ឱ្យបានគង់វង្ស ពេលខ្លះការពិត ក៏មិនអាចលាតត្រដាងចេញមកខាងក្រៅអស់ពេកដែរ។ ទោះបីគាត់ មិនពូកែខាងធ្វើម្ហូប ប៉ុន្តែសូមកុំប្រាប់ត្រង់ៗពេកថា វាអត់ឆ្ងាញ់ តែគួរនិយាយថាវាឆ្ងាញ់ ប៉ុន្តែនៅខ្វះគ្រឿងនេះបន្តិច...ជាដើម។ ដូច្នេះដៃគូអ្នកនឹងដឹងពីចំណុចខ្វះខាត ហើយព្យាយាមកែប្រែវា នៅពេលក្រោយៗទៀត។

សរុបមក ទាំងនេះគឺគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ដើម្បីឱ្យអ្នករៀនស្វែងយល់ ថាពេលខ្លះ ពាក្យកុហកក៏មានតម្លៃដែរ  ប៉ុន្តែនៅទីនេះគ្មានបំណងឱ្យនរណាម្នាក់ ក្លាយទៅជាមនុស្សចេះនិយាយកុហកទេ។ ដូច្នេះចុងក្រោយ ភាពស្មោះត្រង់គឺនៅតែ ជាអាទិភាពកំពូលមួយ ដែលអ្នកគួរតែត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមក មិនអាចខ្វះបាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥ប្រយោគកុហកនេះ នឹងជួយឱ្យគូស្នេហ៍អ្នក មានអារម្មណ៍ល្អគ្រប់ពេល!