សែន​ផ្នូរ​រួច មិន​ដុត​លុយ​ជូន​ដូនតា ប៊ិះ​វ័​ណ្ណ​ក

សែន​ផ្នូរ​រួច មិន​ដុត​លុយ​ជូន​ដូនតា ប៊ិះ​វ័​ណ្ណ​ក



ខេត្តស្ទឹងត្រែង ៖ ការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ឃាត់ខ្លួន​មនុស្ស​០៣​នាក់ រថយន្ត​មួយ​គ្រឿង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ២០១៦ រួម​នឹង​ក្រដាសប្រាក់​ប្រភេទ​១០០​ដុល្លារ ចំនួន​៣៣២​សន្លឹក ស្មើនឹង​៣៣.២០០​ដុល្លារ ថា ជា​ដុល្លារ​ក្លែងក្លាយ​នោះ ទីបំផុត គឺជា​ដុល្លារ​សែន​ឆេ​ង​ម៉េ​ង ដែល​ពួក​គាត់​សែន​ផ្នូរ​ហើយ​មិន​បាន​ដុត​លុយ​ទាំងនោះ​ជូន​ដូនតា​ទេ បែរជា​ទុក​តាម​រថយន្ត​ខ្លួន​ទៅ​វិញ​។

ប្រភព​ពី​មន្ត្រី​ច្រក​ទ្វារ​ត្រពាំង​គ្រៀល ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ ស៊ា​ម ម៉ុង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ២-​ឈ្មោះ​កេ​ត ចាន់​ដេ​ត ភេទ​ប្រុស អាយុ​៦១​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​រស់នៅ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង និង​៣-​ឈ្មោះ ផែ​វ មិត្ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ធ្វើ​ឡើង​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា ខណៈ​កម្លាំង​ចម្រុះ​ប្រចាំ​ច្រក​ទ្វារ​បាន​ធ្វើការ​ត្រួតពិនិត្យ​មនុស្ស​៣​នាក់ មក​បំពេញបែបបទ​ឆ្លង​ដែន​ចូល​ប្រទេស​ឡាវ ហើយ​បន្ត​ត្រួតពិនិត្យ​នៅ​ក្នុង​រថយន្ត​របស់​ពួក​គេ ក៏​ប្រទះ​ឃើញ​ក្រដាសប្រាក់​ប្រភេទ​១០០​ដុល្លារ ជា​ច្រើន​សន្លឹក​និង​មិន​ប្រក្រតី ទើប​សម្រេច​ឃាត់ខ្លួន​ពួក​គេ និង​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នាំ​ខ្លួន​មក​សាកសួរ​ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង ។

លោក សាន់ និមល ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រាប់​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ថា ករណី​នេះ​កម្លាំង​ការិយាល័យ ទំនាក់ទំនង BLO ប៉ុស្តិ៍​ព្រំដែន និង​ស្នាក់​ការ​ដុ​ង​ក្រឡ ត្រពាំង​គ្រៀល បាន​ត្រួតពិនិត្យ​លិខិតឆ្លងដែន និង​ក្រោយមក​ឆែកឆេរ​ឃើញ​មាន​ក្រដាសប្រាក់​ដុល្លារ ក៏​ប្រាប់​ថា ជា​ដុល្លារ​ក្លែងក្លាយ ហើយ​ពួក​លោក​មិន​បាន​ពិនិត្យ​ជាក់ស្តែង​ទេ បន្ទាប់​មក​ក៏​រាយការណ៍​ជូន​លោកស្នងការ​បញ្ជា​ឲ្យ​នាំ​យក​មនុស្ស​ទាំងនោះ​មក​ស្នងការដ្ឋាន ។

លោកស្នងការ​រង​បន្ត​ថា ពេល​នោះ​លោក​ក៏​បាន​ឲ្យ​នាយ​រង​ការិយាល័យ ដែល​ជា​សេនាធិការ​របស់​លោក ធ្វើការ​ត្រួតពិនិត្យ និង​រាយការណ៍​ជូន​លោក​វិញ តែ​ដោយ​មិន​អស់ចិត្ត​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៤ ខែសីហា លោក​ក៏​បាន​សួរ​ផ្ទាល់​ហើយ​មើល​ផ្ទាល់​លុយ​ដុល្លារ​នោះ ទើប​ដឹង​ថា ជា​លុយ​ឆេ​ង​ម៉េ​ង​សម្រាប់​សែន ។ ចំពោះ​លុយ​សែនខ្មោច​នេះ ក្នុង​ច្បាប់​អត់​មាន​ចែង​ទេ ។

លោកស្នងការ​រង​បន្ត​ទៀតថា ពេល​ពិនិត្យ​មើល​លុយ​នេះ​ទៅ​គឺ​សុទ្ធតែ​ជា​លុយ​ហ្វូ​តូ​កូ​ពី​(​ថតចម្លង​)​ទាំងអស់ ។ ក្រោយមក​លោក​បាន​រាយការណ៍​ប្រាប់​ព្រះរាជអាជ្ញា​ថា មិន​អាច​ធ្វើ​អ្វី​បាន​ទេ មាន​តែ​អប់រំ​ប្រាប់​ពួក​គាត់​វិញ​ថា ថ្ងៃក្រោយ​កុំ​ដាក់​លុយ​បែប​ហ្នឹង​ក្នុង​រថយន្ត គួរ​ទុក​ចោល​នៅផ្ទះ​សម្រាប់​សែន​អី​ក៏​សែន​ទៅ ។

ចំពោះ​ចម្លើយ​របស់​ពួក​គាត់​ទាំងនោះ​បាន​ប្រាប់​ថា នៅ​អំឡុង​ដើម​ខែមេសា ក្រោួយ​ពី​ពួក​គាត់​សែន​ឆេ​ង​ម៉េ​ងរួច​ «​លុយ​សែន​» នេះ​សល់​ទុក​ក្នុង​រថយន្ត​នោះ​រហូត ដោយ​មិន​បាន​យក​ចេញ ហើយ​ពួក​គាត់​ទាំងនោះ​មាន​គោលបំណង​ទៅ​ធ្វើ​ទេសចរណ៍​នៅ​ទឹកធ្លាក់​បាក់​ផេង ក្នុង​ប្រទេស​ឡាវ ពេល​ទៅ​ដល់​ព្រំដែន មិន​បាន​ចាប់អារម្មណ៍ អំពី​លុយ​សែនខ្មោច​នោះ​ទៀត ដល់​ពេល​នគរបាល​ព្រំដែន​ពិនិត្យ​មិន​ចាប់អារម្មណ៍​ថា ជា​លុយ​ឆេ​ង​ម៉េ​ង​បែរជា​ស្មានថា ជា​ដុល្លារ​ក្លែងក្លាយ ក៏​បាន​ឃាត់ខ្លួន​សួរនាំ ។

ក្រោយ​ពី​ការ​អប់រំ​ណែនាំ​ហើយ លោកស្នងការ​រង​ក៏​ឲ្យ​ពួក​គាត់​វិល​ទៅ​លំនៅ​ឋាន​វិញ ។ ដោយ​លោក​បាន​បន្ថែម​ថា ពួក​គាត់​ទាំងនោះ មិន​មានការ​ពាក់ព័ន្ធ​រឿង​អ្វី​ទេ ៕