ប៉ូលិស​ថៃ​រក​ឃើញ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​នានា​នៅ​ទីតាំង​ទេសចរណ៍​សំខាន់​3

​ប៉ូលិស​ថៃ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៣ និង​១៤ សីហា នូវ​គ្រាប់បែក​នានា​ដែល​មិន​ទាន់​ផ្ទុះ​ក្នុង​ទីតាំង​ទេសចរណ៍​សំខាន់​៣ ខណៈ​កំពុង​ស្រាវជ្រាវ​រក​តម្រុយ​ក្រោយ​ការ​ផ្ទុះ​ទាំងឡាយ​នា​ពេល​ថ្មី​ៗ​នេះ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ។

ក្រសួងមហាផ្ទៃ​ថៃ​គូសបញ្ជាក់​ថា គ្រាប់បែក​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ ហើយ​នាំ​យក​ចេញ​កាលពី​ថ្ងៃ​ទី​១៤ សីហា ក្នុង​ទីតាំង​ទេសចរណ៍​២ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​គឺ​ទីតាំង​កម្សាន្ត​មាត់សមុទ្រ​ហ៊ួ​ហ៊ី​ន និង​កោះ​ភូ​កេ​ត ។

អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់ លោក GRISADA BOONRACH ថ្លែង​ថា គ្រាប់បែក​ទាំងនេះ​ហាក់ដូចជា​គេ​ចង់​ដាក់​ឱ្យ​ផ្ទុះ​ក្នុង​ពេល​ជាមួយ​គ្នា​ការ​ផ្ទុះ​ទាំងឡាយ​នា​លើក​មុន​នេះ។

យោង​តាម​ប៉ូលិស​ថា គ្រាប់បែក​ឯទៀត​ៗ រក​ឃើញ​នា​ថ្ងៃ​ទី​១៣ សីហា ក្នុង​ខេត្ត​ផាង​ង៉ា ដែល​នា​ថ្ងៃមុន​នេះ មានការ​ផ្ទុះ​នានា និង​អគ្គិភ័យ​មក​ពី​គេ​លួច​ដុត ។

សរុប​រវាង​ថ្ងៃ​ទី​១១ មក​ទី​១២ សីហា មាន​គ្រាប់បែក​ដល់​ទៅ​១១​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​ខេត្ត​៥​ភាគ​ខាងត្បូង​ថៃ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​ក្នុង​ប្រទេស ដែល​មាន​អ្នកទេសចរ​និយម​ទៅ​នោះ ។ ក្នុង​ចំណោម​អ្នក​របួស​មាន​អ្នកទេសចរ​បរទេស​១០​នាក់ ។ មនុស្ស​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​សួរ​ចម្លើយ​កាលពី​ថ្ងៃ​ទី​១៤ សីហា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត។

អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទាំងនេះ​អាច​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងត្បូង​ថៃ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ការ​យល់​ឃើញ​បែប​នេះ ៕