ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ស៊ី​រី​ស្លាប់​ជិត​70​នាក់

របប​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​នានា​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ប្រទេស ដោយ​សម្លាប់​ជន​ស៊ី​វិល​ជិត​៧០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ពិសេស​នៅ​ក្រុង​អា​ឡែ​ប ។

លើ​រណសិរ្ស​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី FDS គាំទ្រ​ដោយ​សហរដ្ឋ​អា​មេ​រិ​កបាន​ប្រកាស​ពី​ការ​ប្រយុទ្ធ​នៅ AL-BAB បន្ទាប់​ពី​វាយ​ដណ្តើម​យក​បាន​ទីតាំង​យុទ្ធសាស្ត្រ MINBEJ ពី​ពួក​ជី​ហា​ដ ។

ជា​ចំណុច​សំខាន់​នៃ​សង្គ្រាម​ដែល​បំផ្លិចបំផ្លាញ​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ជាង​៥​ឆ្នាំ​មក​ហើយ ទីក្រុង​អា​ឡែ​ប​ត្រូវ​បាន​ពុះ​បំបែក​ជា​២ គឺ​បណ្តា​សង្កាត់​នៅ​ភាគ​ខាងកើត​ក្រុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម និង​បណ្តា​សង្កាត់​ភាគ​ខាងលិច​កាន់កាប់​ដោយ​របប​ក្រុង​ដា​ម៉ាស់ ។ ពួក​ឧទ្ទាម​កាលពី​ថ្ងៃ​ទី​៦ សីហា វាយ​ដណ្តើម​យក​បាន​សង្កាត់​រដ្ឋាភិបាល RAMOUSSA ដែល​អាច​ឱ្យ​ពួក​គេ​បំបែក​ការ​ឡោម​ព័ទ្ធ​តំបន់​ត្រួតត្រា​របស់​ពួក​ឧទ្ទាម​នៃ​ទីក្រុង​នេះ ។ ភាគី​ទាំង​២​សុទ្ធតែ​បន្ថែម​កម្លាំង ហើយ​ត្រៀមប្រយុទ្ធ​ដណ្តើម​យក​ទីក្រុង​ធំ​ទី​២​នេះ​របស់​ប្រទេស​ទាំងមូល ។ ការ​ប្រយុទ្ធ​គ្នា​នានា​ប្រមូលផ្តុំ​នៅ​ភាគ​ខាងត្បូង និង​ភាគ​អាគ្នេយ៍​ក្រុង​អា​ឡែ​ប ក៏​ប៉ុន្តែ​នា​ថ្ងៃ​ទី​១៤ សីហា ពួក​ឧទ្ទាម​ប្រកាស​ពី​ការ​វាយប្រហារ​ថ្មី​ប្រឆាំង​សង្កាត់​រដ្ឋាភិបាល ZAHRA ជាយក្រុង​ភាគ​ខាងលិច ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស ព្រមទាំង​ពួក​ឧទ្ទាម​រាយការណ៍​ពី​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​ក្នុង​សង្កាត់​នេះ ។ ចំណែក​កងទ័ព​រដ្ឋាភិបាល​គាំទ្រ​ដោយ​ពួក​យុទ្ធ​ជន​អុ​ី​រ៉​ង់ និង​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​កំពុង​ប្រឈម​មុខ​គ្នា នឹង​ក្រុម​សម្ព័ន្ធភាព​ឧទ្ទាម គឺ​ពួក​ឧទ្ទាម​និយម​កណ្តាល និង​ពួក​ជី​ហា​ដ​ក្រុម​រណសិរ្ស FRONT FATEH AL-CHAM (​អតីត​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ដែល​ប្រកាស​ផ្តាច់ខ្លួន​ពី​អាល់​កៃ​ដា​) ។

កងទ័ពអាកាស​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​វាយប្រហារ​តំបន់​នានា​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​អា​ឡែ​ប និង​នៅ​ខេត្ត​អីុដ​លី​ប​ជិតខាង​ដែល​កាន់​កាប់​​ដោយ​ពួក​ឧទ្ទាម​ជី​ហា​ដ​ពី​ឆ្នាំ​២០១៥​មក ។ យោង​តាម OSDH ថា ជន​ស៊ី​វិល​យ៉ាងតិច​៤៥​នាក់​ស្លាប់​ក្នុង​តំបន់​ពួក​ឧទ្ទាម​នៃ​ក្រុង​អា​ឡែ​ប និង​ក្នុង​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ខណៈ​ជន​ស៊ី​វិល​២២​នាក់​ទៀត ស្លាប់​នៅ​ទីក្រុង​អីុ​ដ​លី​ប និង​ខេត្ត​មានឈ្មោះ​ដូច​គ្នា​ដោយសារ​ការ​ទម្លាប់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា ដែល​នៅ​បន្ត​នា​ថ្ងៃ​ទី​១៤ សីហា ។

ម្យ៉ាងវិញទៀត OSDH រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៤ សីហា ថា ពួក​ឧទ្ទាម​យ៉ាងតិច​១៥​នាក់​ស្លាប់ និង​២០​នាក់​ទៀត​របួសធ្ងន់ ក្នុង​ការ​វាយប្រហារ​អត្តឃាត​ក្បែរ​រថយន្ត​បឺស​មួយ​គ្រឿង ដែល​ដឹក​ពួក​គេ​នៅ​ក្បែរ​ព្រំដែន​តួ​ក​គី ក្នុង​ខេត្ត​អីុ​ដ​លី​ប ។

យោង​តាម AFP ថា ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​សំដៅលើ​សង្កាត់ RAMOUSSA ចាប់តាំងពី​ពួក​ឧទ្ទាម​វាយ​យក​បាន​កាលពី​មួ​យស​ប្តា​ហ៍​មុន​មក ។ រួច​នា​យប់​ថ្ងៃ​ទី​១៤ សីហា ពួក​បះបោរ​បាន​ធ្វើការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​តំបន់​រោងចក្រ​ស៊ីម៉ង់ត៍ CHEIKH SAID ស្ថិត​នៅ​ភាគ​អាគ្នេយ៍​សង្កាត់ RAMOUSSA ដែល​ក្លាយជា​បន្ទាយ​យោធា​របស់​របប​ក្រុង​ដា​ម៉ាស់ ។ ពួក​គេ​ចង់​ពង្រឹង​ទីតាំង និង​ការពារ​សន្តិសុខ​ផ្លូវ​ផ្គត់ផ្គង់​ដែល​ទើប​វាយ​បើក​បាន​វិញ ។ OSDH ក៏​រាយការណ៍​ម្យ៉ាងទៀត​ពី​ជន​ស៊ី​វិល​ស្លាប់​៩​នាក់ នៅ​ភាគ​ខាងលិច​ក្រុង​អា​ឡែ​ប​ដោយសារ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម ៕