​កន្លែង​ចាក់​កន្ទុយលេខ​ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​

ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​បាន​រាយការណ៍​ឲ្យ​ដឹងថា កន្លែង​ចាក់​កន្ទុយលេខ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​ភាគច្រើន​ច្រើន​បើក​ដំណើរការ​ក្រោម​ស្លាក​កន្លែង​វេ​លុយ និង​ប្តូរ​លុយ តែ​ការពិតជា​កន្លែង​ទទួល​ចាក់​កន្ទុយលេខ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​មិនបាន​អើពើ​នោះទេ ហើយ​កន្លែង​ចាក់​កន្ទុយលេខ​ខាង​ទាំងនោះ​កំពុងមាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ រីឯ​អ្នក​ចាក់​កន្ទុយលេខ​ក៏មាន​ចំនួន​ច្រើន​ផងដែរ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ចាក់​កន្ទុយលេខ​ដែល​គេ​ស្គាល់​ច្បាស់​ជាងគេ គឺ​ជ្រក​ក្រោម​កន្លែង​ធ្វើ​អាជីវកម្ម​វេរ​លុយ​អ៊ី​ម៉ាន់​នី​យីហោ ហុក​ហុង ស្ថិតនៅ​ខាងលិច​ផ្សារ​ព្រៃ​ផ្តៅ ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​មាន​៣​កន្លែង​ក្រោយ​ផ្សារ​ព្រៃ​ផ្តៅ​ក៏មាន ហើយ​មានកូន​កញ្ច្រែង​២០​នាក់ ១​ថ្ងៃ​ប្រមូល​លុយ​បាន​មិន​ក្រោម​១០​ទៅ​៣០​លាន​រៀល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លែង​ចាក់​កន្ទុយលេខ​មួយចំនួន​កំពុងតែ​បើក​ដំណើរការ​នៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ អាច​នឹង​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ ព្រោះ​រហូតមកដល់​សព្វ​ថ្ងៃនេះ កន្លែង​ចាក់​កន្ទុយលេខ​ទាំងនោះ​ដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​អ្វី​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កំពង់ស្ពឺ មេត្តាជួយ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ឡើងវិញ​ផង ព្រោះ​សព្វថ្ងៃនេះ កន្លែង​ចាក់​កន្ទុយលេខ​ក្នុង​ខេត្តកំពង់ស្ពឺ ពិសេស​ក្រុង​ច្បារមន ហាក់​គ្មាន​សញ្ញា​ថា​ថយចុះ​នោះទេ គឺមាន​តែ​ការកើនឡើង​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លែង​ចាក់​កន្ទុយលេខ​ទាំងនោះ​ជា​កន្លែង​ខុសច្បាប់​ទាំងស្រុង ហើយក៏​មិនបាន​ចូលរួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​អ្វី​ដែរ​ផ្ទុយទៅវិញ​វា​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ញៀន​លេងល្បែង​កន្ទុយលេខ​ជា​រៀងរាល់ថ្ងៃ​៕

ad45686c-677a-4b16-b75e-75aecb8704b2​    ​    ​