ក្តៅ​ៗ ! ចាប់​បាន​ឃាតករ​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​កណ្ដាលស្ទឹង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ឃាតករ​បាញ់​សម្លាប់​ជនជាតិ​កូរ៉េ​នៅ​ស្រុក​កណ្ដាលស្ទឹង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ផ្សារ​កណ្ដាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ជន​រង​គ្រោះ​ព្រោះ​ឃាតករ​ជំពាក់​លុយ​ជន​រង​គ្រោះ​ហើយ​អត់​មាន​លុយសង​​ក៏​សម្លាប់​តែ​ម្តង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ដោយ​កំពុងធ្វើការ​សាកសួរ​ឲ្យ​បាន​ច្បាស់​សិន ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សហការ​គ្នា​រវាង​កម្លាំង​អាវុធហត្ថ​ខេត្តកណ្ដាល អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

សូម​បញ្ជាក់​ថា បុរស​វ័យ​កណ្ដាល​ម្នាក់​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រ​ព្រលប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​សាលាសំណាក់ ត្រង់​រង្វង់​មូល​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​ពី​អ្នក​ស្និទ្ធស្នាល​ជាមួយ​សមាគម​ជនជាតិ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នោះ​ឈ្មោះ Schoi Dong Seob ជនជាតិ​កូរ៉េ អាយុ​៥២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ និង​ជា​អ្នកជំនួញ ដែល​តែងតែ​ចេញចូល​ស្រុក​ខ្មែរ​ញឹកញាប់ តែ​គេ​មិន​ទាន់​ដឹង​ថា​ស្នាក់​នៅ​ទីណា​ពិតប្រាកដ​នៅឡើយ​ទេ ៕