ពលរដ្ឋថា «ឃាត​កម្ម» តែសមត្ថកិច្ចថា «​ដាច់​បាយ»

ខេត្ត​កំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​អុស​​​ក៏​ប្រទះ​ឃើញ​សាកសព​បុស​ម្នាក់​​​ ហើយ​ត្រូវ​​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់កន្លែង ។ ​ក្រោយការ​​ពិនិត្យ​សមត្ថកិច្ច​ថា ​ការស្លាប់នេះ​ដោយសារ​តែ​ការ​វង្វេង​នៅ​ក្នុង​ព្រៃ ហើយ​ដាច់​បាយ​ដាច់​ទឹក ​។

ហេតុការណ៍នេះ កើត​ឡើង​​កាលពី​​​ថ្ងៃ​ទី​១៤ ​សីហា​ ២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ ​ក្នុងភូមិ​ត្រាំ​ស្លឹក​ ឃុំ​តា​សាល ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត កំពង់ស្ពឺ​ ។

លោក​អនុសេនីយ៍ទោ​យ៉េន ​ប៉ោ​ហេង​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​តា​សាល​ឱ្យដឹង​ថា ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ សីហា​ រូប​លោក​បាន​​ទទួល​សេចក្តី​​រា​យ​​ការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់​អុស​នៅ​ក្នុង​ព្រៃ​ថា​ បាន​ប្រទះ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ក្នុង​ព្រៃ​។ ​រូប​លោក​បាន​រា​យការណ៍បន្ត​​ជូន​លោក​អធិការ​ ដើម្បី​ចាត់​ជំនាញ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ ។

​​លោក​អធិការ​បន្ត​ថា​ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​​ឈ្មោះ​​ពិសី​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សង្វា​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

យោង​តាម​​សាក្សី​ថា ​ជន​រងគ្រោះ​​​ចេះ​តែ​មាន​អាកា​រៈ​ភ័យ​ស្លន់ស្លោ ​និង​ចេះ​តែ​រត់​ចូល​ព្រៃ ​។ ​ហើយ​នៅ​ថ្ងៃ​ទី​១១​ សីហា​ កន្លងមក ​ជន​រង​គ្រោះ​​បាន​មក​ធ្វើ​ជា​កម្មករ​លើក​អុស​ឱ្យ​គេ​នៅ​ជិត​កន្លែង​កើតហេតុ​ ។ ​ពេល​មក​ដល់​កន្លែងលើក​អុស​ ជន​រង​គ្រោះ​មិន​បាន​នៅ​លើក​នោះ​ទេ ​គឺ​បាន​រត់​ចូល​ព្រៃ​បាត់​តាំងពី​ថ្ងៃ​នោះ​មក​ បើ​ទោះជា​អ្នក​ភូមិ​ជាមួយ​គ្នា​តាម​រក​យ៉ាងណា​ក៏​មិន​បាន​ប្រទះ​ឃើញ​ដែរ​រហូត​មក​ដល់​ពេល​នេះ​មានការ​ភ្ញាក់ផ្អើល​អំពី​ការ​ប្រទះ​ឃើញ​សាកសព​នេះ​ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយ​ករណី​ឃាតកម្ម​ណាមួយ ​។​ តែ​​ខាង​សមត្ថកិច្ច​​​ជំនាញ​ស្រុក​
ឱ​រ៉ា​ល់​វិញ​បាន​បញ្ជាក់​ថា ​ជន​រង​គ្រោះគឺ​ស្លាប់​ដោយ​ការ​ដាច់​បាយ​ដាច់​ទឹក​ មិនមែន​ស្លាប់​ដោយ​ករណី​ឃាតកម្ម​នោះ​ទេ​ ។