កីឡា​ការិនី​​កម្ពុជា​ លី ណារី ក្លាយ​ជា​​អត្តពលិក​ចាស់​ជាង​គេ​នៅ​អូឡាំពិក​

កីឡា​ការិនី​រត់​ម៉ារ៉ាតុង​កម្ពុជា​ លី ណារី​ បាន​ក្លាយ​ជា​អត្តពលិក​វ័យ​ចាស់​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០១៦​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​នាទី​ក្រុង​​រីយ៉ូ​ ​ប្រទេស​ប្រេស៊ីល។

 

កីឡា​ការិនី​​កម្ពុជា​ លី ណារី ក្លាយ​ជា​​អត្តពលិក​ចាស់​ជាង​គេ​នៅ​អូឡាំពិក​

អ្នក​ស្រី លី ណារី (រូបថត៖ Andy Merrick)

 

លោក Andy Merrick អ្នក​សរសេរ​ព័ត៌មាន​កីឡា​នៅ​អូឡាំពិក​​បាន​រៀប​រាប់​ថា​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​​អ្នក​ស្រី​ លី​ ណារី​បាន​ក្លាយ​ជា​​ស្ត្រី​កម្ពុជា​ទី​១​ដែល​បាន​ចូល​រួម​រត់​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អូឡាំពិក​ឆ្នាំ​២០១៦។ កីឡា​ការិនី​រូប​នេះ​បាន​បញ្ចប់​ការ​ប្រកួត​កាល​ពី​ល្ងាច​មិញ​ដែល​បាន​ទៅ​ដល់​ទី​​ផ្តាច់​ព្រ័ត្រ​ដោយ​បាន​​បង្ហាញ​ទង់​ជាតិ​កម្ពុជា​ ទោះ​ជា​មិន​បញ្ចប់​ដោយ​លទ្ធផល​ល្អ​ក៏​ដោយ។

 

លោក​បន្ត​ថា​ ណារី​មាន​អាយុ​៤៤​ឆ្នាំ​ដែល​បាន​ក្លាយ​ជា​អត្តពលិក​អាយុ​ច្រើន​ជាង​គេ​បំផុត​នៅ​អូឡាំពិក។ ​​មាន​កំណើត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ អ្នក​ស្រី​​​បាន​រៀប​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​​ជីវវិទ្យា​ និង​សិក្សា​ស្រាវជ្រាវ​អំពី​ជំងឺ​ឆ្លង​ផ្សេង​ៗ។

 

កីឡា​ការិនី​​កម្ពុជា​ លី ណារី ក្លាយ​ជា​​អត្តពលិក​ចាស់​ជាង​គេ​នៅ​អូឡាំពិក​អ្នក​ស្រី លី ណារី (រូបថត៖ NOCC)

 

ពាក់​ព័ន្ធ​នឹង​ប្រកួត​កាល​ពី​ល្ងាច​មិញ​ ឯកឧត្តម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ប្រេស៊ីល​ប្រាប់​ថា​ ​​ថេរវេលា​រត់​ម៉ារ៉ាតុង​ចាស់​​របស់​អ្នក​ស្រី​ លី ណារី​គឺ​២​​ម៉ោង​ ៥៩​នាទី​ និង​០៦​វិនាទី​ ប៉ុន្តែ​សម្រាប់​ការ​រត់​ប្រណាំង​នៅ​អូឡាំពិក​កាល​ពី​ល្ងាច​មិញ​នេះ​ អ្នក​ស្រី​ប្រើ​ថេរវេលា​អស់​​៣​ម៉ោង​ ២០​នាទី​ និង​​២៥​វិនាទី​ដែល​ដល់​ទី​​ក្នុង​លេខ​រៀង​ទី​១៣៣​ក្នុង​ចំណោម​បេក្ខនារី​១៥៧​ប្រទេស។

 

ឯកឧត្តម​បញ្ជាក់​ថា​ អ្នក​ចូល​រួម​រត់​ម៉ារ៉ាតុង​ទាំង​អស់​កាល​ពី​ល្ងាច​មិញ​សុទ្ធ​តែ​មិន​អាច​បំបែក​កំណត់​ត្រា​ល្បឿន​ចាស់​របស់​ខ្លួន​​​ដោយ​សារ​តែ​ផ្លូវ​រត់​ប្រណាំង​លំបាក​ បត់​បែន​ច្រើន​ និង​អាកាស​ធាតុ​ក្តៅ។

កីឡា​ការិនី​​កម្ពុជា​ លី ណារី ក្លាយ​ជា​​អត្តពលិក​ចាស់​ជាង​គេ​នៅ​អូឡាំពិក​លោក វិសាល (ឆ្វេង) និងឯកឧត្តម វ៉ាត់ ចំរើន (រូបថត៖ NOCC)

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​