សុវណ្ណឌឿន ផ្តួលថៃ ត្រឹម២ទឹក តែកីឡាករជាប់ថែប្រពន្ធកូនខ្ចី ឡេះ តើក ចាញ់ថៃដាច់

អ្នកប្រដាល់ ឡុង សុវណ្ណឌឿន បានប្រើពេលត្រឹម២ទឹក ក្នុងការផ្តួលកីឡាករថៃ Inseedang ឲ្យសន្លប់ នៅក្នុងការប្រកួតសមរភូមិអ្នកប្រយុទ្ធ ដណ្តើមខ្សែក្រវាត់គោជល់ ទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែ ឡេះ តើក ដែលដាក់ឲ្យប្រកួតមិត្តភាពជំនួសការប្រកួតវិលជុំដណ្តើមខ្សែក្រវាត់នោះ បានចាញ់ពិន្ទុកីឡាករថៃ ដាច់តែម្តង។

sovanduen1

ឡុង សុវណ្ណឌឿន បានម៉ាត់កីឡាករ Inseedang ឲ្យដួលក្រោកលែងរួចនៅក្នុងទឹកទី២ ហើយជ័យជម្នះនេះ វាស្របទៅនឹងការតាំងចិត្តរបស់គេផ្ទាល់ ព្រោះ សុវណ្ណឌឿន បាននិយាយតាំងពីមុនការប្រកួតថា គេត្រូវផ្តួល Inseedang ឲ្យសន្លប់ នៅក្នុងរង្វង់៣ទឹក ដើម្បីប្រជែងយកឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតំណាងឲ្យភាគីកម្ពុជា។

sovanduen2

ប៉ុន្តែកីឡាករជើងចាស់ ឡេះ តើក ដែលដាក់ឲ្យប្រកួតមិត្តភាពជាមួយ Nakroblek ជំនួសថៃ Thilek Emiren Air ដែលបានសុំដកខ្លួន ដោយសារបញ្ហារបួសនោះ បានចាញ់ពិន្ទុ Nakroblek ដាច់តែម្តង ហើយការចាញ់នេះ ត្រូវបានគេមើលឃើញថា ដោយសារ ឡេះ តើក ជាប់រវល់ថែទាំងប្រពន្ធកូនខ្ចី គ្មានពេលហ្វឹកហាត់។

sovanduen3

យ៉ាងណាក៏ដោយ ការប្រកួតគ្នាដោយប្រយោលរវាងកីឡាករកម្ពុជាទាំង៤នាក់មាន ពេជ្រ សីហា ឡុង សុវណ្ណឌឿន សរ រាជសីហ៍ និង ឡេះ តើក ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ឡើងទៅប្រកួតជាមួយអ្នកបានលេខ១ខាងភាគីថៃនៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ត្រូវបានកែប្រែទាំងស្រុង។

sovanduen4

តាមការប្រកាសរបស់លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកម្មវិធីកីឡារបស់ PNN កាលពីល្ងាចថ្ងៃអាទិត្យនោះ បានឲ្យដឹងថា ការដកខ្លួនដោយបញ្ហារបួសរបស់កីឡាករថៃ Thilek Emiren Air និង Chokdee Sor Thanapetch បានធ្វើឲ្យកម្មវិធីប្រកួតរបស់យើងមានភាពរអាក់រអួល ជាហេតុនាំឲ្យយើងឈានទៅដល់ការឯកភាពគ្នា ក្នុងការកែប្រែលក្ខខណ្ឌប្រកួតថ្មី ដោយតម្រូវយកអ្នកមានពិន្ទុខ្ពស់ជាងគេចំនួន៤នាក់ ក្នុងចំណោមបេក្ខភាពនៅសល់ទាំង៦នាក់ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញម្តង ហើយអ្នកឈ្នះ ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ តែគ្មានការប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ដដែល។

sovanduen5

តាមការកែប្រែលក្ខខណ្ឌប្រកួតនេះកីឡាករទាំង៤រូបរបស់កម្ពុជា ត្រូវឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រ ដោយក្នុងនោះ ឡុង សុវណ្ណឌឿន ត្រូវជួប ឡេះ តើក ហើយ ពេជ្រ សីហា ត្រូវប៉ះ សរ រាជសីហ៍ ព្រោះកីឡាករថៃ Sumaee និង Inseedang គ្មានឱកាសប្រជែងជាមួយកីឡាករកម្ពុជាទាំង៤នាក់ទៀតនោះទេ ដោយសារការប្រកួតកន្លងមកនេះ អ្នកទាំង២នេះបានចាញ់ដោយពិន្ទុ និងសន្លប់ទាំងវេទនារហូត៕

sovanduen6

The post សុវណ្ណឌឿន ផ្តួលថៃ ត្រឹម២ទឹក តែកីឡាករជាប់ថែប្រពន្ធកូនខ្ចី ឡេះ តើក ចាញ់ថៃដាច់ appeared first on CamboSport.