ប្រជាជន​ហ្វីលីពីន ប្រឆាំង​ការបញ្ចុះ​សព​មេដឹកនាំ​ផ្តាច់ការ Marcos នៅ​កន្លែង​បញ្ចុះសព​របស់​វីរបុរស​ហ្វីលីពីន​ និពន្ធដោយ : ទេព អ៊ីវិសាល       August-15-2016, 4:44 pm         295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាជន​ហ្វីលីពីន ប្រឆាំង​ការបញ្ចុះ​សព​មេដឹកនាំ​ផ្តាច់ការ Marcos នៅ​កន្លែង​បញ្ចុះសព​របស់​វីរបុរស​ហ្វីលីពីន​​ប្រជាជន​ហ្វីលីពីន​រាប់រយ​នាក់ នៅ​ថ្ងៃទី​១៤ ខែសីហា​ម្សិលមិញ បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​បាតុកម្ម​ប្រឆាំងនឹង​សេចក្តីអនុម័ត​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែល​បានអនុញ្ញាត​ឲ្យ​បញ្ចុះ​សាកសព​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន​គឺ​អតីត​ប្រធានាធិបតី Ferdinand Marcos នៅ​កន្លែង​បញ្ចុះសព​របស់​វីរៈបុរស​នៃ​ប្រទេស​ហ្វីលីពីន​។

​យោងតាម​ការអះអាងរ​បស់​ប៉ូលិស​ហ្វីលីពីន​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Asia Correspondent យ៉ាងហោចណាស់​មាន​ប្រជាជន​ប្រមាណ​១៥០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ឧទ្យាន​ជាតិ Rizal នៃ​រដ្ឋធានី​ម៉ានីល ដោយ​ពួកគេ បាន​ទទូច​ឲ្យ​លោក​ប្រធានាធិបតី Duterte ពិចារណា​ឡើងវិញ​ក្នុងការ​អនុម័ត​លើ​ការផ្តល់​ទីកន្លែង​បញ្ចុះ​សាកសព​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos​។ ក្នុងអំឡុងពេល​នៃ​បាតុកម្ម​នោះ ពួកគេ បាន​លើក​បដា ដោយ​សរសេរថា « Marcos មិនមែនជា​វីរៈបុរស​នោះទេ​។​»

​តាម​ប្រភពព័ត៌មាន​ដដែល ក្រុមបាតុករ នឹង​ចាប់ផ្តើម​យុទ្ធនា​ការប្រមូល​ហត្ថលេខា​ដើម្បី​ធ្វើជា​ញត្តិ​ក្នុង​គោលដៅ​ដើម្បី​បញ្ឈប់​ដំណើរការ​នៃ​ការបញ្ចុះ​សាកសព​នោះ​នៅ​ខែក្រោយ​ផងដែរ​។ ហើយ ក្រុម​ដដែល​នោះ ក៏​គ្រោង​នឹង​ស្នើ​ទៅកាន់​តុលាការ​កំពូល​ដើម្បី​បញ្ឈប់​ដំណើរការ​នោះ ដោយ​ពួកគេ អះអាងថា​ជា​រឿង​«​អយុត្តិធម៌​»​សម្រាប់​ជនរងគ្រោះ​សិទ្ធិមនុស្ស​រាប់ពាន់នាក់​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​របប​ផ្តាច់ការ​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos​។

​សូម​ជម្រាប​ផងដែរ​ថា អតីត​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos ដែល​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ហើយ​សាកសព​នៅ​មិនទាន់​បញ្ចុះ​នៅឡើយ​នោះ បាន​ដឹកនាំ​ប្រទេស​ចាប់ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៨៦​។ របប​ដឹកនាំ​ហ្វីលីពីន​របស់លោក ត្រូវបាន​មើលឃើញថា​ជា​របប​ដឹកនាំ​ផ្តាច់ការ និង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​នយោបាយ​ហ្វីលីពីន ដ្បិត​គោលនយោបាយ​រឹតត្បិត និង​ការធ្វើ​ទុក​បុក​ម្នេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​របស់លោក​។ បន្ថែម​ពីនេះ របប​ដឹកនាំ​របស់លោក ក៏ត្រូវ​បាន​រីក​សុះសាយ​នៃ​អំពើពុករលួយ និង​បន្សល់​បំណុល​ជាតិ​ជាច្រើន​លាន​ទៀតផង​។

​ទោះបីជា​មានការ​ជំទាស់​ពី​ប្រជាជន​មួយចំនួន​ក៏ដោយ បុរស​ខ្លាំង​ហ្វីលីពីន​គឺ​លោក​ប្រធានាធិបតី Rodrigo Duterte បានចេញ​បញ្ជា​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ដើម្បី​ទទួលខុសត្រូវ​លើ​កិច្ចការ​នៃ​ការ​បញ្ចុះសព​នេះ​រួចទៅហើយ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​០៨ ខែសីហា​កន្លងទៅ លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​អះអាងថា​លោក បាន​បញ្ជា​ឲ្យ​កងកម្លាំង​របស់លោក​រៀ​ប​ចំ​បញ្ចុះ​សាកសព​នោះ​តាម​បញ្ជា​របស់លោក​ប្រ​ធានា​ធីប​តី​នៅ​ខែក្រោយ​នេះហើយ​។

​តាមពិត​ពាក់ព័ន្ធ​នឹង​ការបញ្ចុះ​សាកសព​មេដឹកនាំ​ផ្តាច់ការ Ferdinand Marcos ត្រូវបាន​លើកឡើង​ដោយ​លោក Rodrigo Duterte តាំងពី​អំឡុងពេល​នៃ​ការឃោសនាបោះឆ្នោត​មកម្ល៉េះ​។ ក្នុងពេលនោះ លោក Duterte សន្យាថា លោក នឹង​បញ្ចុះ​សាកសព​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos នៅ​កន្លែង​សម្រាប់​បញ្ចុះ​សាកសព​របស់​វីរៈបុរស​នៃ​ប្រទេស​ហ្វីលីពីន ពេល​លោក​ក្លាយជា​ប្រធានាធិបតី​។ ពេលនោះ​ដែរ លោក Duterte បាន​បញ្ជាក់ថា លោក Ferdinand Marcos សាក​សម​នឹង​បញ្ចុះ​នៅ​ទីនោះ ដ្បិត មេដឹកនាំ​ផ្តាច់ការ​រូបនោះ ក៏​ធា្ល​ប់​ធ្វើជា​ប្រធានាធិបតី​ហ្វីលីពីន​ដែរ​។ បន្ថែម​ពីនេះ លោក Dutete ក៏បាន​ច្រានចោល​ការជំទាស់​ផ្សេងៗ ដោយ​លោក លើកឡើងថា «​គ្មាន​នរណាម្នាក់ មិនមាន​កំហុស​នោះទេ ក្នុងនាម​ជា​មនុស្សលោក​នោះ​»៕