ការ​ប្រើ​ថ្នាំ​ឲ្យ​ឈឺ​ពោះ​ពេល​សម្រាល​បែប​ធម្ម​ជាតិ​

ភ្នំពេញ: ការប្រើថ្នាំចាក់ឲ្យឈឺពោះពេលសម្រាលបែបធម្មជាតិ ត្រូវបានមនុស្សជាច្រើនមានការភាន់ច្រឡំអំពីមុខងារវេជ្ជសាស្ត្ររបស់វា។

វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងសម្ភពលោក ថៃហ្វា វ៊ីហ្គង់ បានធ្វើការបកស្រាយពិស្ដារក្នុងទំព័រហ្វេសប៊ុកថា៖ «បងប្អូនស្ត្រីមួយចំនួនគាត់យល់ច្រឡំពីការប្រើថ្នាំឲ្យឈឺពោះពេលសម្រាលធម្មជាតិ។ ការប្រើថ្នាំឈឺពោះឲ្យសម្រាលធម្មជាតិគឺយើងប្រើបានករណីលើសថ្ងៃសម្រាល ហើយស្ត្រីអត់ឈឺពោះសោះ ឬក៏ពេលឈឺពោះហើយតែការឈឺ និងចង្កោមរបស់ស្បូននៅស្ទើរ យើងអាចចាក់ថ្នាំបន្ថែមដើម្បីឲ្យការចង្កោមស្បូនខ្លាំងល្អនិងកុំឲ្យការឈឺពោះតិចៗអូសបន្លាយយូរពេក»។

ការ​ប្រើ​ថ្នាំ​ឲ្យ​ឈឺ​ពោះ​ពេល​សម្រាល​បែប​ធម្ម​ជាតិ​

ការប្រើថ្នាំគឺដើម្បីឲ្យស្បូនចង្កោម កន្ត្រាក់ និងមាត់ស្បូនបើក មិនមែនចាក់ទៅឲ្យមាត់ស្បូនបើកចំហតែម្ដងទេ។មាត់ស្បូនអាចបើកបានគឺបើកដោយមានការចង្កោមស្បូនមកពីលើ។

ប៉ុន្តែបើករណីការចង្កោមស្បូនធ្វើឲ្យស្ត្រីឈឺខ្លាំង និងកម្រិតចង្កោមដល់កំពូលហើយ តែមាត់ស្បូនបើកបានតិចលេខ ឬក៏មាត់ស្បូនឡើងហើម ដូច្នេះគ្រូពេទ្យមិនអាចដាក់ថ្នាំបន្ថែមលើការចង្កោមខ្លាំងនោះទៀតបានទេ។

ការដែលការចង្កោមស្បូនដល់កំពូលហើយ គ្រូពេទ្យបែរជាដាក់ថ្នាំបន្ថែមលើឈឺហ្នឹងទៀត ម្ដាយអាចប្រឈមគ្រោះថ្នាក់គឺការបែកស្បូន និងការកន្ត្រាក់ស្បូនខ្លាំង កៀបកូនជាប់រហូត អាចឲ្យទារកខ្សោយ ឬគ្រោះថ្នាក់បាន។

ស្ត្រីមួយចំនួនយល់ខុសថា ពេលគាត់ឈឺពោះខ្លាំង តែមាត់ស្បូនអត់បើក ដូច្នេះគាត់អាចចាក់ថ្នាំឲ្យមាត់ស្បូនបើកចំហតែម្ដង។ តាមការពិតមាត់ស្បូនបើកបានដោយសារការចង្កោមស្បូនពីលើ។ គ្មានថ្នាំណាដែលចាក់ទៅឲ្យចំហមាត់ស្បូនបានទេ។

បើការចង្កោមស្បូនឈឺខ្លាំង ចង្កោមពេញហើយ តែមាត់ស្បូននៅតែមិនបើក ឬមាត់ស្បូនចេះតែហើមទៅៗ គ្រូពេទ្យត្រូវបញ្ចប់ការសម្រាលដោយវះកាត់។

ការឈឺពោះកូនដំបូងត្រូវការពេលវេលា និងភាពអត់ធ្មត់ច្រើន។ ដូច្នេះការប្រើថ្នាំក៏យើងត្រូវមានបែបបទនៃការប្រើ និងទៅតាមបច្ចេកទេសដែរ ដោយដាច់ខាតការប្រើថ្នាំលើសចំណុះ ឬបង្ខំថ្នាំជ្រុលដើម្បីកើតកុំឲ្យឆ្លងថ្ងៃ ឬឆ្លងចូលម៉ោងតាមជំនឿនានានោះ គឺជាទង្វើមួយដែលមិនគួរយកមកធ្វើក្នុងអំឡុងពេលសម្រាលទេ។

ការដែលស្ត្រីឈឺពោះខ្លាំងហើយ មាត់ស្បូនបើកពីមួយលេខទៅមួយលេខល្អហើយ គឺគ្រូពេទ្យត្រូវទុកការឈឺតាមធម្មជាតិ និងតាមដំណើររបស់ការកន្ត្រាក់ស្បូន។នេះជាជម្រើសល្អបំផុត។

ចៀសវាងដាច់ខាតក្នុងការសម្រាលដោយធម្មជាតិ ហើយទាមទារឲ្យពេទ្យប្រើថ្នាំបន្ថែមដើម្បីយកហុងស៊ុយម៉ោងល្អ និងថ្ងៃល្អ។ ការសម្រាលដោយធម្មជាតិ គឺយើងទុកអ្វីៗទៅតាមដំណើរ តាមធម្មជាតិគឺជាជម្រើសល្អបំផុត៕

ប្រភព ៖ postkhmer

  • ការ​ប្រើ​ថ្នាំ​ឲ្យ​ឈឺ​ពោះ​ពេល​សម្រាល​បែប​ធម្ម​ជាតិ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: