សារ​​​សំខាន់ៗរបស់​​មេ​ប្រយោគ​ក្នុង​កម្មវិធី​​បិទ​ពាន​​សហគ្រិន​​​វ័យ​​​ក្មេង​​​​​​ឆ្នាំ​​​២០១៦

សហគ្រិន​កម្ពុជា​ជា​ច្រើន រួម​ទាំង​មេ​ប្រយោគ  គណៈ​កម្មការ​​រៀបចំ​ការ​​ប្រកួត​  បេក្ខជន​​ឈ្នះ​ចុង​ក្រោយ​ និង​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ទាំង​អស់ បាន​ជួប​ជុំ​​គ្នា​​ម្តង​​ទៀត​ក្នុង​​កម្មវិធី សិក្ខា​សាលា ​វាយ​​តម្លៃ​​និង​​បិទ​​កម្មវិធី​​ពាន​​រង្វាន់​សហគ្រិន​​វ័យ​​ក្មេង​​កម្ពុជា​​ឆ្នាំ​​២០១៦។

 

សារ​​​សំខាន់ៗរបស់​​មេ​ប្រយោគ​ក្នុង​កម្មវិធី​​បិទ​ពាន​​សហគ្រិន​​​វ័យ​​​ក្មេង​​​​​​ឆ្នាំ​​​២០១៦

 

ថ្លែង​ក្នុង​ឱកាស​នោះ លោក  ប៉ិច បូឡែន  ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០១៦ និង​ជា​មេ​ប្រយោគ បាន​លើក​ឡើង​ថា លោក​​មិន​ចង់​ឲ្យ​​បេក្ខជន​ទាំង​អស់​យល់​ថា​​កម្មវិធី​នេះ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​​យក​ឈ្នះ​ចាញ់​​នោះ​ទេ តែ​ជា​ការ​ប្រលង​សាក​ល្បង​សមត្ថភាព​ខ្លួន​ឯង ដើម្បី​ឲ្យ​​ស្គាល់​ច្បាស់​​ពី​សក្តានុពល​អាជីវកម្ម​ខ្លួន និង​ទទួល​បាន​ឱកាស​ពង្រីក​អាជីវកម្ម​។ លោក​ថា៖ «ចង់​មាន​អាជីវកម្ម​ជោគជ័យ​​មួយ​​ យើង​​ត្រូវ​ច្បាស់​ថា​​អាជីវកម្ម​យើង​ មាន​ការ​ផ្សារ​ភ្ជាប់​នឹង​​សង្គម​​ប៉ុណ្ណា​    ហើយ​​ប្រព័ន្ធ​គ្រប់​គ្រង  អភិបាល​កិច្ច​ និង​តម្លា​ភាព​ហិរញ្ញវត្ថុ​  មាន​ស្ថេរភាព និង​និរន្ត​ហើយ​ឬ​នៅ សំខាន់​ជាង​នេះ​ទៀត យើង​​នឹង​​ឃើញ​ពី​ចន្លោះ​ប្រហោង​ដែល​ត្រូវ​បំពេញ​ដើម្បី​ឲ្យ​អាជីវកម្ម​​យើង​​កាន់​តែ​រីក​ចម្រើន​»។

 

សារ​​​សំខាន់ៗរបស់​​មេ​ប្រយោគ​ក្នុង​កម្មវិធី​​បិទ​ពាន​​សហគ្រិន​​​វ័យ​​​ក្មេង​​​​​​ឆ្នាំ​​​២០១៦លោក  ប៉ិច បូឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០១៦

 

ស្រដៀង​គ្នា​នេះ​ដែរ លោកស្រី Katie Scheding Longhurst, Parner Mango Tango ដែល​ជា​មេ​ប្រយោគ​មួយ​រូប​ក្នុង​​ការ​ប្រកួត​នេះ​ដែរ   បាន​​លើក​ទឹក​ចិត្ត​ឲ្យ​​បេក្ខជន​ដែល​មិន​បាន​​ទទួល​ពាន​រង្វាន់​ឆ្នាំ​នេះ ឲ្យ​​បន្ត​​ដាក់​​ពាក្យ​នៅ​​ឆ្នាំ​​ក្រោយ​ទៀត​ ។ «ការ​​ចូលរួម​ក្នុង​ការ​ប្រកួត​​ប្រជែង​ដណ្តើម​ពាន​រង្វាន់​សហគ្រិន​ឆ្នើ​ម​​វ័យ​​ក្មេង​នេះ នឹង​​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​គេ​​ស្គាល់​កាន់​តែ​ច្រើន  កាន់​តែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​   អ្នក​នឹង​ស្គាល់​សហគ្រិន​ផ្សេង​ទៀត​ជា​ច្រើន​ក្នុង​​វិស័យ​ដូច​គ្នា និង​ផ្សេង​គ្នា​ ហើយ​អ្នក​​​នឹង​​មាន​ឱកាស​ចាប់​​ផ្តើម​គិត​​ពី គោលដៅ​អាជីវកម្ម​របស់​អ្នក​​ទៅ​ថ្ងៃ​មុខ»។

 

សារ​​​សំខាន់ៗរបស់​​មេ​ប្រយោគ​ក្នុង​កម្មវិធី​​បិទ​ពាន​​សហគ្រិន​​​វ័យ​​​ក្មេង​​​​​​ឆ្នាំ​​​២០១៦លោកស្រី Katie Scheding Longhurst, Parner Mango Tango

 

ជំនួប​នេះ​​ធ្វើ​ឡើង​​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា កន្លង​ទៅ ដើម្បី​ដោះដូរ​យោបល់ និង ការ​បើក​ទូលាយ​ឲ្យ​​សួរ​សំណួរ​​ជា​ច្រើន​​ពាក់​ព័ន្ធ​នឹង​​ដំណើរ​ការ​​នៃ​​ការ​​ជ្រើស​រើស​​ម្ចាស់​ពាន​រង្វាន់​ទាំង​៤​ចុង​ក្រោយ​ប្រចាំ​ឆ្នាំ ២០១៦ ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ចុង​ខែ​កក្កដា​នេះ  និង​ដើម្បី​ជំរុញ​កម្មវិធី​ឆ្នាំ​ក្រោយ​​ឲ្យ​​កាន់​តែ​ប្រសើរ៕

 

អត្ថបទៈ លីដា