សេដ្ឋកិច្ចវិទូ​កម្ពុជា៖ ផលិតផល​ខ្មែរនៅ​មាន​បញ្ហា​ខ្លះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស

កង្វះ​អ្នក​ជំនាញ​ឌីហ្សាញ​ផលិតផល ការ​ដើរ​ទីផ្សារ និង តម្លៃ គឺជា ឧបសគ្គ​មួយ ​នៃ​ការ​លក់​ផលិត​ផល ប្រពៃណី​របស់​កម្ពុជា ឬ​ផលិត​ផល​ជា​អនុស្សាវរីយ៍ ទៅ​ឲ្យ​ភ្ញៀវ​បរទេស។ នេះ​ជា​ការ​លើក​ឡើង​របស់​សេដ្ឋកិច្ច​វិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ។

 

ទាក់ទិនទៅនឹង​ការ​ទាក់ទាញ​ឲ្យ​ភ្ញៀវ​បរទេស​ទិញ​ផលិតផល​របស់​ខ្មែរ​នេះ លោក​បណ្ឌិត​ ក៏​បាន​លើក​ឡើង​ដែរ​ថា សព្វថ្ងៃ​នេះ ភ្ញៀវ​បរទេស​ក៏​លំបាក​នៅ​ក្នុង​ការ​ជ្រើសរើស​ផលិតផល​របស់​ខ្មែរ ខណៈ​ផលិតផល​បរទេស​ (ប្រទេស​ជិត​ខាង) មាន​លក់​នៅ​ក្នុង​តំបន់​ទេសចរ​សំខាន់ៗ ដូចជា អង្គរ​វត្ត​ ជាដើម។

 

សេដ្ឋកិច្ចវិទូ​កម្ពុជា៖ ផលិតផល​ខ្មែរនៅ​មាន​បញ្ហា​ខ្លះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស

 

 

សេដ្ឋកិច្ច​វិទូ​កម្ពុជា​រូប​នេះ បាន​លើក​ឡើង​ពី​ចំណុច​បញ្ហា ​ដូចជា៖

 

១. បញ្ហា​ឌីហ្សាញ៖ ផលិតផល​ខ្មែរ​នៅ​ខ្វះ​ខាត​ឌីហ្សាញ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​បរទេស។ ការ​ឌីហ្សាញ​នេះ​សំដៅ​ការ​រចនា​ឲ្យ​លក្ខណៈ​ជា​ខ្មែរ​ តែ​បែប​សម័យ ទើប​បរទេស​ចង់​ទិញ​ទុក​ជា​អនុស្សាវរីយ​ក្រោយ​ពី​ទស្សនា​កម្សាន្ត​នៅ​ខ្មែរ។

 

២. បញ្ហា​គុណភាព និង តម្លៃ៖ វត្ថុ​អនុស្សាវរីយ៍​របស់​យើង​នៅ​មាន​តម្លៃ​ទាប តែ​គុណភាព​ក៏​ទាប​ដែរ​ ដូច្នេះ យើង​គួរ​ធ្វើ​ឲ្យ​វា​មាន​គុណភាព​ តែ​តម្លៃ​ក៏​ថ្លៃ ហើយ​ភ្ញៀវ​អាច​ទិញ​ទុក​ជា​អនុស្សាវរីយ៍​ទៅ​ស្រុក​គេ​វិញ។ ទន្ទឹម​នឹង​នេះ ការ​ផលិត​របស់​យើង​នៅ​មាន​កម្រិត ដែល​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​ខ្លាំង​ជាង​នេះ។ “បរទេស​គេ​មក​លេង​ស្រុក​យើង គេ​មិន​ខ្លាច​ចំណាយ​ទេ តែ​គេ​ចង់​បាន​ផលិតផល​ល្អ គុណភាព ដើម្បី​យក​ទៅ​ស្រុក​គេ​វិញ”។ លោក​ បណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍។

 

៣. បញ្ហា​ទីផ្សារ៖ សព្វថ្ងៃ​នេះ យើង​ក៏​នៅ​ខ្វះខាត​លើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​​អំពី​ផលិតផល​របស់​ខ្មែរ។ ប្រសិន​បើ​ផលិត​ផល​របស់​យើង​មាន​គុណភាព​ និង តម្លៃ​សមរម្យ​ យើង​អាច​ផ្សព្វផ្សាយ​លក់​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ “កន្លែង​ណា​ក៏​បាន​ ក៏​យើង​អាច​លក់​ ឲ្យ​តែ​លក់​ដាច់ គឺ​យើង​មាន​ការងារ​ធ្វើ​ហើយ”។

 

ផលិតផល​ក្នុង​ស្រុក ឬ ផលិតផល​ប្រពៃណី​ខ្មែរ​សំខាន់​ៗ​មាន​ដូចជា កន្រ្តកយួរដៃ គ្រឿង​ចម្លាក់​ សំពត់ ហូល ផាមួង ក្រមា កន្សែង និង សូត្រ​ជាដើម។ លោក​បណ្ឌិត ម៉ី កល្យាណ បាន​លើក​ឡើង​ថា មែន​ទែន​ទៅ​ផលិតផល​សូត្រ​ខ្លះ យើង​យក​វត្ថុធាតុដើម​ពី​ប្រទេស​ថៃ ហើយ​មក​ច្នៃ​លក់​នៅ​ទីផ្សារក៏មាន។

 

សេដ្ឋកិច្ចវិទូ​កម្ពុជា៖ ផលិតផល​ខ្មែរនៅ​មាន​បញ្ហា​ខ្លះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​បរទេស

 រូបតំណាង

 

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​បាន​សម្ដែង​ក្ដី​សង្ឃឹម​លើ​យុវជន​ជំនាន់​ក្រោយ​ ដែល​អាច​ផ្លាស់ប្ដូរ​នូវ​ទម្លាប់​ខាង​លើ ដោយ​ពួកគេ​នឹង​បង្កើន​បច្ចេកទេស រួម​ទាំង​ការ​ស្រាវជ្រាវ​ តាម​ទីផ្សារ និង ការ​រចនា​ផលិតផល​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចង់​ទិញ​ផលិតផល​របស់​ខ្មែរ។

 

លោក​បាន​លើក​ឡើង​ថា ប្រសិន​បើ​យើង​អាច​បង្កើន​​ផលិត​ផល​អនុស្សាវរីយ៍ ដោយ​លក់​​បាន​កាន់​តែ​ច្រើន​ គឺ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច គឺ​ស្មើនឹង​ការ​បង្កើន​ការងារ​ បង្កើន​ចំណូល និង ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​ស្គាល់​នូវ​ផលិតផល​របស់​ខ្មែរ ព្រោះ​ពួកគេ​បាន​ទិញ​ផលិតផល​ទាំង​នោះ​ទុក​ជា​អនុស្សាវរីយ៍៕

 

អត្ថបទ៖ វិបុត្រ