រឿង​សមាជិក​រាជរដ្ឋាភិបាល​ប្តឹង​គ្នា​ ៖​ តុលាការ​សម្រេច​ពិន័យ​ប្រាក់​៥​លាន​រៀល​ និង​សំណង​១០០​លាន​រៀល​ លើ​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ បរិហារកេរ្តិ៍​ អូ​ស្មាន​ ហា​ស្សាន់​

​ក្នុង​សំណុំរឿង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ប្តឹងផ្តល់​គ្នា​ទៅ​ស្ថាប័ន​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​នោះ​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​លើ​ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ដែល​ជា​ជនជាប់ចោទ​ចំនួន​៥​លាន​រៀល​ ដាក់​ក្នុង​ថវិការដ្ឋ​ និង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន​១០០​លាន​រៀល​ ដល់​ឯកឧត្តម​​ ឧកញ៉ា​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ ពី​បទ​បរិហារកេរ្តិ៍​ តាម​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

រឿង​សមាជិក​រាជរដ្ឋាភិបាល​ប្តឹង​គ្នា​ ៖​ តុលាការ​សម្រេច​ពិន័យ​ប្រាក់​៥​លាន​រៀល​ និង​សំណង​១០០​លាន​រៀល​ លើ​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ បរិហារកេរ្តិ៍​ អូ​ស្មាន​ ហា​ស្សាន់​

​តាម​រយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​នា​ពេល​កន្លង​មក​ ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ ធ្លាប់​បាន​លើក​ឡើង​ថា​ ឯកឧត្តម​ អូ​ស្មាន​ ហា​ស្សាន់​ ជា​អ្នក​គូស​ប្លង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​សាងសង់​ផ្លូវ​កាត់​វិហារ​ឥ​ស្លា​ម​នៅ​តំបន់​បឹង​កក់​ សំដៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​អ្វីមួយ​ ហើយ​ក៏​ធ្វើ​ឲ្យ​ឯកឧត្តម ឧកញ៉ា​ អូ​ស្មាន​ ហា​ស្សាន់​ "​ក្តៅស្លឹកត្រចៀក​"​ ដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រឆាំង​នឹង​ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ ជា​សមាជិក​រាជរដ្ឋាភិបាល​ដូច​គ្នា​ និង​ជា​ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម​ដូច​គ្នា​ ទៅ​ស្ថាប័ន​តុលាការ​ ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​តែ​ម្តង​ ។​

រឿង​សមាជិក​រាជរដ្ឋាភិបាល​ប្តឹង​គ្នា​ ៖​ តុលាការ​សម្រេច​ពិន័យ​ប្រាក់​៥​លាន​រៀល​ និង​សំណង​១០០​លាន​រៀល​ លើ​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ បរិហារកេរ្តិ៍​ អូ​ស្មាន​ ហា​ស្សាន់​

​មិន​ទាន់​បានដឹង​ថា​ តើ​ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​បទ​បរិហារកេរ្តិ៍​នេះ​ ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​ទៀត​ ឬ​យ៉ាងណា​នៅឡើយ​ ខណៈ​នា​ពេល​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ ធ្លាប់​បាន​សុំ​ទោស​ឯកឧត្តម​ អូ​ស្មាន​ ហា​ស្សាន់​ រួច​ហើយ​ ។​

លោក អូស្មាន ហាស្សាន់ គឺជាអ្នកជំនួញដ៏សកម្មម្នាក់តាំងពីមុនពេលក្លាយខ្លួនជាសមាជិករាជរដ្ឋាភិបាល ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦៩៨/៣៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៨ ។

​ឯកឧត្តម ឧកញ៉ា​ អូ​ស្មាន​ ហា​ស្សាន់​ អាយុ​៦២​ឆ្នាំ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដំណាលគ្នា​នឹង​ការ​តែងតាំង​ឯកឧត្តម​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ អាយុ​៥២​ឆ្នាំ​ ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ (​ជា​សមាជិក​រាជរដ្ឋាភិបាល​)​ ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ៕​

Related