«ទំនាក់ទំនងសម័យទំនើប» ប្រធាន​បទ​បន្ថែម​ទី១ នៃ​ការ​ប្រកួត Big Photography Challenge

ប្រិយមិត្ត​ដែល​ចូល​រួម​ការប្រកួត​រូបថត​តាម online ដ៏​ធំ​ប្រចាំ​ឆ្នាំ Big Photography Challenge អាច​ចាប់​ផ្តើម​ប្រកួត​ប្រធានបទ​បន្ថែម​ទី​១​បាន​ហើយ ប្រធានបទ​នេះ​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​ក្នុង​សម័យ​ទំនើប​នេះ។ អ្នក​ចូល​រួម​ប្រកួត​មាន​រយៈ​ពេល​៨​ថ្ងៃ​លើ​ប្រធានបទ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ សីហា ឯ​ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

 

ក្នុង​ប្រធានបទ​នេះ​ អ្នក​ថត​រូប​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​វិវត្ត​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រយៈពេល​១០​ឆ្នាំ​មក​នេះ ដែល​ជួយ​អ្នក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​មិន​ថា​អ្នក​នៅ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ។ កាល​ពី​មុន​មនុស្ស​ត្រូវ​ចំណាយ​ពេល​រង់ចាំ​អ្នក​ម្ខាង​ទៀត​ធ្វើការ​ហៅ​ចូល​មក​ទូរស័ព្ទ​លើ​តុ តែ​ឥឡូវ​នេះ​ការ​វិវត្ត​មិន​ត្រឹម​តែ​ឲ្យ​អ្នក​លឺ​សំឡេង​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​អាច​ផ្ញើសារ​ខ្លីៗ រហូត​ដល់​ការ​ហៅ​ជា​វីដេអូ​ទៀត​ផង។

 

ក្នុង​ប្រធាន​បទ​នេះ​តម្រូវ​ឲ្យ​ប្រិយមិត្ត​ចូលរួម ថត​រូប​​ដែល​​មាន​​អត្ថន័យ​ទាក់​ទង​នឹង​ទំនាក់​ទំនង​សម័យ​ថ្មី​ ដូចជា ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​ស្មាតហ្វូន​ឬ Tablet ជា​ដើម។ តែ​ត្រូវ​ចាំ​ថា​ទោះបី​ជា​វា​ងាយ​ស្រួល​ក្នុង​ការ​ផ្ដិត​យក​រូបភាព​មនុស្ស​និយាយ​ឬ​ផ្ញើសារ​នៅ​លើ​ទូរស័ព្ទ​ក៏​ដោយ តែ​វា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​រូប​នោះ​ប្រកប​ដោយ​អត្ថន័យ។

 

ខាង​ក្រោម​នេះ ជា​វីដេអូ​ណែនាំ​សម្រាប់​ការ​ប្រកួត​ថតរូប នៅ​ក្នុង​វគ្គ​ប្រកួត​ប្រជែង​បន្ថែម​ទី​១ អំពី «ទំនាក់​ទំនង​សម័យ​ទំនើប»៖

 

 

រង្វាន់​សម្រាប់​ប្រធា​នបទ​នេះ​រួមមាន ការមេរ៉ា Canon IXUS 255HS, ទូរស័ព្ទ Acer Z4 និង​​លេខ​ qb premium ជា​មួយ​ការ​ប្រើ​ទិន្នន័យ​ឥត​គិត​ថ្លៃ​​រយៈ​ពេល​ពេញ​១​ឆ្នាំ​​ (ដែល​មាន​តម្លៃ​ជាង​ $៤០០)។

 

Big Photography Challenge 2016 នេះ​ជា​ការ​ប្រកួត​លើក​ទី២ ដែល​រៀបចំ​ដោយ i-Qlick ក្រោម​ការ​ឧបត្ថម្ភពី​ក្រុមហ៊ុន qb, Hong Leong Bank និង Sabay ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រលាញ់​ការ​ថត​រូប ដើម្បី​បង្ហាញ​សមត្ថភាព​របស់​ខ្លួន និង​ថែម​ទាំង​ឈ្នះ​រង្វាន់​ដ៏​សម្បើម​ជាច្រើន​ទៀត រួមមាន កាមេរ៉ា Canon EOS M3 18-55 mm, កាមេរ៉ា Canon PowerShort N និង​ឧបករណ៍​សម្រាប់​ដាក់​សម្ភារៈ​ថត​រូប​ជាច្រើន​ឈុត​ទៀត៕

 

អត្ថបទ៖ ដៃគូសហការ