រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​ដែល​អាជីវករ​អាច​លក់ដូរ​ត​កូនចៅ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស ដែល​សារាចរ​នេះ​អាច​ឲ្យ​អាជីវករ​លក់ដូរ​រហូត​ត​កូនចៅ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់​ថា «​មួយ​រយៈ​កន្លង​មក ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត ខ្ញុំ​តែង​ឆ្លៀត​ចូល​ពិនិត្យ​ការ​លក់ដូរ​របស់​ប្រជាជន​តាម​ទីផ្សារ​មួយ​ចំនួន​។ បញ្ហា​ប្រឈម​របស់​អាជីវករ​តាម​ផ្សារ​គ្រប់​ប្រភេទ​មាន​ដូច​ៗ​គ្នា គឺ​អាណត្តិ​លើ​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​និង​អាស្រ័យ​ផល​រហូត​បងប្អូន​ស្នើ​សុំ​មក​ខ្ញុំ​ឱ្យ​ពន្យារ​អាណត្តិ​ឱ្យ​បាន​ច្រើន​ឆ្នាំ​។

យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជា​ជាង​អង្គុយ​បក់ផ្សែង និង​ដើម្បី​ការពារ​ផលប្រយោជន៍​អាជីវករ​តកូនតចៅ​យូរអង្វែង ជៀសវាង​ពួក​អាក្រក់​ដើរ​ភូតភរ​បោកប្រាស់ ។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សហការី ពិសេស​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​សារាចរ​ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស ។

តាម​រយៈ​សារាចរ​នេះ បងប្អូន​អាជីវករ នឹង​ទទួល​បាន​សិទ្ធិ​តកូនតចៅ ដោយ​គ្មាន​ពេល​កំណត់  ហើយ​មិន​ចាំបាច់​ស្នើរ​សុំ​ពន្យារពេល​ទៀត​ទេ​។ ដោយឡែក ផ្សារ​កំពង់ឆ្នាំង​ដែល​បាន​ស្នើរ​សុំ​ពន្យា​អាណត្តិ​ពី​ឆ្នាំ​២០២៥ ដល់ ឆ្នាំ​២០៤០  ដែល​ខ្ញុំ​យល់ព្រម​ស​ប្តា​ហ៍​មុន​នេះ ក៏​ត្រូវ​បាន​បន្ត​គ្មាន​ទី​បញ្ចប់​តកូនតចៅ​ដែរ »៕