ចង់ដឹង​អ្នកនិពន្ធ​ដ៏​ល្បី​របស់ «​ហង្ស​មាស​» និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​ការ​តែង​និពន្ធ​ទំនុក​ចម្រៀង​?

កាលពីពេលថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះក្នុងផលិតកម្ម «ហង្សមាស» លោក សុខ ចាន់ផល បានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនដើម្បីចូលរួមចែករំលែកបទពិសោធន៍មួយចំនួនសម្រាប់អ្នកដែលចង់ក្លាយខ្លួនជានិពន្ធទំនុកចម្រៀង ដោយការលើកឡើងនេះស្របពេលជាមួយវិស័យចម្រៀងនៅក្នុងស្រុកយើងកំពុងមានការរីកដុះដាលឡើងនូវបទចម្រៀងថ្មីមិនចម្លងពីបរទេស ដែលគ្រប់គ្នាតែងតែហៅថា «Original song» ។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមការងារយើង លោក សុខ ចាន់ផល បាននិយាយជារួមថា «ជាធម្មតាបទចម្រៀងមួយបទគឺតែងតែមានសាច់រឿងរបស់វា (ស្រម៉ៃសាច់រឿង) ហើយដើម្បីសរសេរវាឲ្យចេញមកបានល្អគឺចាំបាច់យើងត្រូវតែមានចំណេះដឹងទូលំទូលាយជាពិសេសចំណេះដឹងខាងអក្សរសាស្ត្រខ្មែរ (វេយ្យករណ៍ និង ពាក្យពេចន៍)» ។ អ្នកនិពន្ធល្បីឈ្មោះខាងលើបញ្ជាក់ថា «យើងត្រូវប្រើពាក្យពេចន៍ក្នុងបទចម្រៀងឲ្យស្របតាមកាលៈទេសៈ បើកាលណាយើងមិនច្បាស់ពេក្យពេចន៍គឺអាចធ្វើឲ្យបទចម្រៀងរបស់យើងចេញមកមិនសូវល្អ (ភ្លាវ)» ។

ជាចុងក្រោយលោក សុខ ចាន់ផង បានប្រាប់ឲ្យដឹងទៀតថា អ្នកនិពន្ធត្រូវតែជាមនុស្សមានទស្សនៈវិជ្ជាទូលាយ យល់ដឹងច្រើននូវវប្បធម៌ទូទៅ ទើបអាចឲ្យសមិទ្ធិផលនៃការសរសេររបស់យើងមិនថាទាំងទំនុកចម្រៀង ក៏ដូចជារឿងផ្សេងចេញមកមានលក្ខណៈប្រសើរ ៕

អត្ថបទ. យុទ្ធ