អ្នក​នាង​អម្ពរ ទេវី មក​ដល់​កម្ពុជា ​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ ទៅ​ទទួល

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​អ្នក​នាង​អម្ពរ ទេវី បាន​មក​ដល់​កម្ពុជា​ដើម្បី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាព យន្ត​ថ្មី​មួយ​ក្រោយ​ខកខាន​ជា​ច្រើន​ឆ្នាំ ។ ទស្សនិកជន​អបអរសាទរ​ចំពោះ​ការ​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​របស់​តារា​ប្រជាប្រិយ​អម្ពរ ទេវី ។

អ្នក​នាង​អម្ពរ ទេវី បាន​មក​ដល់​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា ២០១៦ ។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ដឹកនាំ​ផលិត​ដោយ​អ្នកស្រី​ពាន់ ភួង​បុប្ផា គឺ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី »  ជា​ភាពយន្ត​ដើមហេតុ​សំខាន់​នាំ​ឱ្យ​អ្នក​នាង​អម្ពរ ទេវី ស្កាត់​មក​តាំងពី​អា​មេ​រិ​ក​នា​ពេល​នេះ ។

អ្នក​នាង​អម្ពរ ទេវី បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ភាពយន្ត​អស់​រយៈពេល​ជាង​១​ទសវត្សរ៍​មក​ហើយ ។ តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាំ​មិន​ភ្លេច​ព្រោះតែ​នាង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ភាពយន្ត ។ ក្រោយ​ប្រឡូក​យ៉ាង​ជោកជាំ​ក្នុង​វិស័យ​ភាពយន្ត​អ្នក​នាងទេវី បាន​បន្សាត់​ខ្លួន​ទៅ​ឆ្ងាយ​ទាំង​មាតុភូមិ ទាំង​ការ​សម្តែង ។ ជាង​១០​ឆ្នាំ​ហើយ​ដែល​អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុង​អំឡុង​ទស​វត្ស​រិ៍​ទី​៩០ រូប​នេះ​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អាម​រិ​ក ហើយ​ក្រោយមក​បាន​រៀប​ការ​គូ​ថ្មី ។​ដំណឹង​នៃ​ការ​វិល​មក​រក​ការ​សម្តែង​ឡើង​វិញ​បាន​លេចឮ​ឡើង​តាំង​ដើមឆ្នាំ​២០១៦​មក​ម្លេ​៉ះ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែសីហា អ្នក​នាង​អម្ពរ ទេវី បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន ។

អ្នកស្រី​ពាន់ ភួង​បុ​ផ្ផា ជា​អ្នកដឹកនាំ​ខ្សែភាពយន្ត ដែល​បាន​ទៅ​ទទួល​បាន​លើក​ឡើង​ថា ដំណើរ​មក​ដល់​របស់​អ្នក​នាង​អម្ពរ ទេវី​មុន​ការ​គ្រោងទុក​ព្រោះតែ​នាង​បាន​ផ្លាស់​ប្តូរ​យន្តហោះ​។ អ្នក​នាង​អម្ពរ ទេវី បាន​វិល​មក​កម្ពុជា​ជាមួយ​កូនប្រុស ហើយ​អតីត​ស្វាមី​គឺ​លោក​ពេជ្រ ភា​រុណ ក៏​បាន​ទៅ​ទទួល​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ ។

ក្រៅពី​ការ​សាកសួរ​សុខទុក្ខ​សាច់ញាតិ គម្រោង​សំខាន់​របស់​អ្នក​នាង​អម្ពរ ទេវី គឺ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​របស់​ផលិតកម្ម​ថោ​ន​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​ដែល​អ្នកស្រី​ពាន់ ភួង​បុប្ផា ជា​អ្នកដឹកនាំ​សម្តែង ។ ភាពយន្ត​នេះ​ចាប់ផ្តើម​ផលិត​មួយ​រយៈពេល​មក​ហើយ​។ ចំពោះ​ប្លង់ សំខាន់​ៗ​សម្រាប់​តារា​សម្តែង​ជើង​ចាស់​អម្ពរ ទេវី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៨​ខែសីហា ២០១៦ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥​ខែសីហា ២០១៦ ។

អ្នកស្រី​ពាន់ ភួង​បុប្ផា មាន​បំណង​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​អ្នក​នាង​អម្ពរ ទេវី និង​អ្នក​សារព័ត៌មាន​ប្រយោជន៍​ដើម្បី​ឲ្យ​អ្នក សារព័ត៌ មាន​ផ្តិត​យក​រូបភាព និង​ជជែក​ពី​ការងារ​ដែល​នាង​ធ្វើ​នៅ​ពេល​នេះ ។ បើ​ទោះបីជា​វ័យ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​អ្នកស្រី​ពាន់ ភួង​បុប្ផា​ថា អ្នក​នាង​អម្ពរ ទេវី នៅ​តែ​ស្រស់​ស្អាត ពិសេស​មិន​ធាត់​ខ្លាំង​ដូច​សិល្បករ​ជំនាន់​នាង ផ្សេង​ៗ​ទៀត​ទេ ។ អ្នកស្រី​ពាន់ ភួង​បុប្ផា រំពឹង​ថា គម្រោង​ចេញ​ថត​ជា​ថ្មី​របស់​អ្នក​នាង​អម្ពរ ទេវី នឹង​បញ្ចប់​តាម​ការ​គ្រោងទុក ហើយ​ទស្សនិកជន​នឹង​នៅ​តែ​បន្ត​គាំទ្រ​ការ​សម្តែង​របស់​នាង ។

រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ថោ​ន ដឹកនាំ​សម្តែង​ដោយ​អ្នកស្រី​ពាន់​ភួង​បុប្ផា បាន​ប្រកាស​ចេញ​ថត កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា​ឆ្នាំ​២០១៦​។ តារា​សម្តែង​៤​ជំនាន់​ផ្សេង​គ្នា​ដែល​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» មាន​ដូច​ជាតា​រា​ល្បី​ជំនាន់​ទសវត្សរ៍​ទី​៦០ អ្នកស្រី​ឌី សា​វ៉េ​ត​, តារា​សម្តែង​ទសវត្សរ៍​ទី​៩០, អ្នក​នាង​អម្ពរ ទេវី​, លោក​ទេព រិ​ន​ដា​រ៉ូ​, តារា​សម្តែង​ល្បីឈ្មោះ​អំឡុង​ក្នុង​ឆ្នាំ​២០០០ អ្នក​នាង​ស៊ឹ​ម សូលី​កា និង​អ្នក​នាង​ស្វែង សុជាតា និង​តារា​សម្តែង​ល្បីឈ្មោះ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី​, កញ្ញា ឌុ​ច លី​ដា និង​លោក​យិ​ត មាស​ឧស្សាហ៍​ជាដើម ។

ក្រៅពី​តារា​សម្តែង​ល្បីឈ្មោះ​ទាំងនោះ​ក្នុង​ផ្ទៃរឿង​មាន​បទ​ចម្រៀង​របស់​តារាចម្រៀង​អ្នក​នាង​មាស សុខ​សោភា និង​លោក​ខេ​ម​ផង​ដែរ ។  ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ត្រូវ​គេ​រំពឹង​ថា នឹង​មានការ​គាំទ្រ​ពី​ទស្សនិកជន ខណៈ​ជា​ទស្សនីយភាព​សិល្បៈ​ពិសេស​ប្លែក​មិន​ធ្លាប់​មាន ។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧ ។

បច្ចុប្បន្ន​អ​តី​តារា​សម្តែង​អម្ពរ ទេវី កំពុង​រស់នៅ​ទីក្រុង​តា​កូ​ម៉ា រដ្ឋ​វ៉ា​ស៊ី​ន​តោន ជាមួយ​កូន​ពីរ​នាក់ គឺ​កូនប្រុស​ច្បង​ឈ្មោះ​ភិ​រុណ ឥន្ទ​បុត្រ អាយុ​១៤​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ភិ​រុណ លក្ស្មី​ទេវី អាយុ​៦​ឆ្នាំ ។ ស្នាដៃ​សម្តែង​ភាពយន្ត​របស់​អ្នក​នាង​អម្ពរ ទេវី មិន​តិច​ជាង​១០០​រឿង​ទេ ដោយ​រឿង ល្បី​ៗ​រួម​មាន រឿង «​សម្ដី​ចុង​ក្រោយ​» រឿង «​ឆ្អឹង​អណ្ដែត​» រឿង​«​ចុងស្រល់​» និង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​»​ជាដើម ៕