ពលរដ្ឋ​ស្រុក​ស្ទោង​ចោទ​ឧកញ៉ា​មួយ​រូប​ថា​សង់​ស្ថានីយ​សាំង​និង​ភោជនីយដ្ឋាន​បិទ​ផ្លូវ​ទឹក​ដាក់​ស្រែ

ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ព្រួយ​បារម្ភ​ថា ស្រូវ​ស្រែ​វស្សា​របស់​ពួក​គាត់​ជាច្រើន​ហិកតារ អាច​នឹង​ត្រូវ​ខូចខាត​ជា​មិន​ខាន ដោយសារ​មិន​មាន​ទឹក​សម្រាប់​ដាក់​ស្រែ​បន្ទាប់​ពី​ក្រុមហ៊ុន​ឧកញ៉ា លីម ប៊ុណ្ណា បាន​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ និង​ភោជនីយដ្ឋាន​បិទ​ផ្លូវ​ទឹក​របស់​ពួក​គាត់។ អាជ្ញាធរ​ស្រុក​ស្ទោង បញ្ជាក់​ថា ពួក​គាត់​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​រួច​រាល់​ហើយ។

ប្រជាពលរដ្ឋ​ស្នើ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់ ដោយសារ​តែ​គ្មាន​ទឹក​ដាក់​ស្រែ។ អ្នក​ភូមិ​អះអាង​ថា ប្រសិន​បើ​គ្មាន​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ពួក​គាត់​ទៀត នោះ​ស្រូវ​ជាង ៤០​ហិកតារ​នឹង​រង​ការ​ខូចខាត​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​នៅ​ភូមិ​ត្រាច ឃុំ​កំពង់ចិនជើង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ស្រូវ​របស់​គាត់​ចាប់​ផ្តើម​ខូចខាត​ជា​បណ្ដើរៗ ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។ បញ្ហា​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ និង​ភោជនីយដ្ឋាន​ឈ្មោះ លីម ប៊ុណ្ណា បាន​កសាង​ឡើង​ដោយ​លុប​ផ្លូវ​ទឹក​ហូរ​ធ្លាក់​ពី​ទំនប់ ៣០ កញ្ញា កាល​ពី​ឆ្នាំ​២០១៥។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ពួក​គេ​បាន​លុប​ផ្លូវ​ទឹក​ពី​ដើម​មក ហើយ​ធ្វើ​ប្រឡាយ​ខាង​ក្រោយ​ជំនួស ព្រម​ទាំង​ដាក់​ទុយោ​សម្រាប់​បង្ហូរ​ទឹក​ចូល​ដី​ស្រែ​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​បាន​គ្រប់គ្រាន់​ឡើយ ព្រោះ​ម្តង​បើក​ម្តង​បិទ៖ «ឥឡូវ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ លោក​ឧកញ៉ា លីម ប៊ុណ្ណា បាន​មក​អភិវឌ្ឍ​នៅ​តំបន់​កែង​គោល បាន​ចាក់​ដី​លុប​បំបាត់​ផ្លូវ​ទឹក មិន​បាន​ដាក់​លូ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​បង្ហូរ​ទឹក​ប្រើប្រាស់»

កាល​ពី​ថ្ងៃ​ទី​៥ សីហា ពលរដ្ឋ ២០​គ្រួសារ​ដែល​មាន​ដី​ស្រែ​រង​ផល​ប៉ះពាល់​ជាង ៤០​ហិកតារ (៤៥​ហិកតារ) បាន​ធ្វើ​លិខិត​អម​ដោយ​ស្នាម​មេដៃ​ដាក់​ជូន​អាជ្ញាធរ​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​ទឹក​ដាក់​ស្រែ​នេះ។ ក្នុង​លិខិត​បញ្ជាក់​ថា កន្លង​មក ពលរដ្ឋ​មាន​ទឹក​ដាក់​ស្រែ ព្រោះ​មាន​ប្រភព​ចេញ​ពី​ទំនប់ ៣០ កញ្ញា នៅ​តំបន់​កែង​គោល ហើយ​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ទ្វារ​ទឹក​ជូន​ពលរដ្ឋ​ទៀត​ផង ប៉ុន្តែ​ចាប់​តាំង​ពី​ក្រុមហ៊ុន​ឧកញ៉ា លីម ប៊ុណ្ណា ទៅ​វិនិយោគ​តំបន់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ដាក់​ស្រែ​ឡើយ។

ប្រភព​ដដែល​និយាយ​ថា ការ​បិទ​ផ្លូវ​ទឹក គឺ​ជា​ការ​កេង​យក​ទឹក​សម្រាប់​ប្រើប្រាស់​លើ​ដី​ស្រែ​ឧកញ៉ា លីម ប៊ុណ្ណា តែ​ម្នាក់​ឯង ពីព្រោះ​ឧកញ៉ា​មាន​ដី​ស្រែ​នៅ​ទីនោះ​ប្រមាណ ១​ពាន់​ហិកតារ។

ដោយឡែក​តំណាង​ក្រុមហ៊ុន​ឧកញ៉ា លីម ប៊ុណ្ណា នៅ​ស្រុក​ស្ទោង គឺ​លោក ទិត្យ សំណាង មាន​ប្រសាសន៍​ថា ផ្លូវ​ទឹក​ដែល​ហូរ​កាត់​នៅ​ចំណុច​កែង​គោល ពុំ​មែន​ជា​ប្រឡាយ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ផ្លូវ​ទឹក​ដែល​ហូរ​តាម​ដី​ចំណី​ផ្លូវ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ខាង​លោក​បាន​ធ្វើ​ប្រឡាយ​ទឹក​ពី​ក្រោយ​ក្បាល​ដី​របស់​ខ្លួន ដោយ​មិន​បាន​បិទ​ផ្លូវ​ទឹក​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​ដោយសារ​ទឹក​ឆ្នាំ​នេះ​តិច ម្យ៉ាង​ទឹក​ហូរ​ធ្លាក់​ពី​ខាង​លើ​មាន​ការ​រាំង​ស្ទះ​ច្រើន​កន្លែង​ផង។ បន្ថែម​ពី​នេះ ភ្លឺ​ស្រែ​របស់​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ខាង​ក្រោម​ដី​លោក​ឧកញ៉ា គឺ​តូចៗ​មិន​អាច​រក្សា​ទុក​ទឹក​បាន​យូរ៖ «ស្រុក​គេ​ហៅ​ខ្ញុំ​ទៅ​ថ្ងៃ​មុន ខ្ញុំ​ថា​ស្រុក-ឃុំ​ឯង​បាន​បើក​ភ្នែក​នៅ? ដែល​ទទួល​បណ្ដឹង​ពី​គាត់​ហ្នឹង បាន​បើក​ភ្នែក​មើល​នៅ? ប្រឡាយ​ទឹក​គេ​ប៉ុនណា​ណី»

លោក​យល់​ថា ដើម្បី​បាន​ទឹក​គ្រប់គ្រាន់ គឺ​ទាល់​តែ​ពលរដ្ឋ​នៅ​ផ្នែក​ខាង​លើ​បើក​បង្ហូរ​ទឹក​ពី​ទំនប់ ៣០ កញ្ញា ឲ្យ​បាន​ច្រើន។ លោក​ឲ្យ​ដឹង​ដែរ​ថា ដី​ស្រែ​លោក​ឧកញ៉ា​នៅ​តំបន់​នោះ គឺ​មាន​ជាង ១​ពាន់​ហិកតារ។

អភិបាល​រង​ស្រុក​ស្ទោង ដែល​បាន​ចុះ​សម្របសម្រួល​បញ្ហា​នេះ លោក សៀង ម៉ាប់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ សីហា ថា អាជ្ញាធរ​បាន​អន្តរាគមន៍​លើ​បញ្ហា​ទឹក​ដាក់​ស្រែ​របស់​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១១ សីហា ដោយ​សម្រួល​ឲ្យ​មាន​ការ​បើក​ផ្លូវ​ទឹក​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ដំណើរ​ការ​នេះ ហើយ​ប្រសិន​បើ​ពលរដ្ឋ​ជួប​បញ្ហា​ទៀត​នោះ អាជ្ញាធរ​ស្រុក​នឹង​ចុះ​អន្តរាគមន៍​បន្ត​ទៀត៖ «ក្រោយ​ពេល​យើង​សម្របសម្រួល​គ្នា​ទៅ ឃើញ​ថា​គាត់​យល់​គ្នា​ច្រើន ហើយ​ឥឡូវ​នេះ​បាន​ប្រើប្រាស់​ប្រឡាយ​ខាង​ក្រោយ​ហ្នឹង​ជា​បណ្ដោះអាសន្ន គឺ​ថា​បាន​ប្រើ​ហើយ​បង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សមាជិក​ក្រុមប្រឹក្សា​ស្រុក​ស្ទោង គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាយ ចែង មើល​ឃើញ​ថា ប្រសិន​បើ​ទីតាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ និង​ភោជនីយដ្ឋាន លោក លីម ប៊ុណ្ណា បាន​ធ្វើ​ប្រព័ន្ធ​លូ​ត្រឹមត្រូវ គឺ​ទឹក​អាច​ហូរ​ចុះ​ទៅ​ស្រែ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម​បាន​យ៉ាង​ស្រួល។ លោក​ថា ការ​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​នៅ​ខាង​ក្រោយ​ស្ថានីយ​ប្រេង​ឥន្ធនៈ គឺ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ដី​ស្រែ​របស់​លោក លីម ប៊ុណ្ណា ច្រើន​ជាង​ហូរ​ចូល​ស្រែ​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។