បក្សប្រឆាំង ប្រកាស​រៀបចំ​វេទិកា​នយោបាយ​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍​ និពន្ធដោយ : ម៉ៅ សុផា       August-15-2016, 9:19 pm         74

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បក្សប្រឆាំង ប្រកាស​រៀបចំ​វេទិកា​នយោបាយ​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍​​ភ្នំពេញ​៖ បន្ទាប់ពី​ប្រកាស​ផ្អាក​វេទិកា​ស្តីពី​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​ប្រចាំថ្ងៃ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​វេទិកា​នយោបាយ​ថ្មី​មួយ​ផ្សេងទៀត នៅថ្ងៃនេះ ប៉ុន្តែ​វេទិកា​ថ្មី​នេះ នឹង​រៀបចំឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​មួយ​សប្តាហ៍​។

​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​លើកឡើងថា គណបក្ស​របស់លោក បាន​បង្កើត​វេទិកា​នយោបាយ​ថ្មី នៅ​ទីស្នាក់ការ​កណ្តាល ចាប់ពី​សប្តាហ៍​នេះ​តទៅ​។ លោក​បន្ថែមថា វេទិកា​នេះ នឹងធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១​ព្រឹក​។

​លោក អេង ឆៃអ៊ាង បន្តថា​ប្រធានបទ​ធំៗ​ចំនួន​៣ ដែល​នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​វេទិកា​នីមួយៗ គឺ​ប្រព័ន្ធយុត្តិធម៌ និង​វិមជ្ឈការ រួមទាំង​ការបោះឆ្នោត​។ លោក បានផ្តល់​ព័ត៌មាន​លម្អិត​ថា សម្រាប់​ថ្ងៃ​ចន្ទ គណបក្ស​នឹង​លើកយក​ប្រធានបទ​ស្តីពី​ប្រព័ន្ធយុត្តិធម៌ និង​សិទ្ធិ​សេរី​របស់​ប្រជាពលរដ្ឋ ទៅ​ពិភាក្សា​។ ចំណែក ប្រធានបទ​មួយទៀត ស្តីពី​ការបែងចែក​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ (​វិមជ្ឈការ​) នឹងត្រូវ​លើក​ទៅ​ជជែក​នៅ​ថ្ងៃ​ពុធ​។ រីឯ​ថ្ងៃ​សុក្រ​វិញ គណបក្ស​នឹង លើកយក​បញ្ហា​បោះឆ្នោត ទៅ​ជជែក​ដេញដោល ក្នុង​វេទិកា​នយោបាយ​នេះ​។

​បើតាម​មន្ត្រីជាន់ខ្ពស់​ខាងលើ វាគ្មិន​ដែល​ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នយោបាយ គឺ តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​អ្នកជំនាញ​ផ្នែក​ច្បាប់​។  លោក​អំពាវ​ទៅកាន់​អ្នកគាំទ្រ​បែបនេះ​ថា​៖«​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​ចង់​ចូលរួម​នៅក្នុង​វេទិកា​នយោបាយ ក្រោម​ប្រធានបទ​ទាំង​៣ ជា​រៀងរាល់ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ គឺ​សូម​អញ្ជើញ​មកកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​»​។

​សូម​បញ្ជក់​ថា ចាប់តាំងពី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាប់ឃុំ​ក្នុង​ទីស្នាក់ការ​កណ្តាល ក្នុងអំឡុង​ខែឧសភា​មក គណបក្សប្រឆាំង​មួយ​នេះ បាន​បង្កើត​វេទិកា​ស្តីពី​ការវិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ កាលពីពេល​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ផ្អាក​វេទិកា​ចាស់​នេះ ដោយ​ទុក​មួយអន្លើ​សិន​។ នៅ​ទីបំផុត បក្សប្រឆាំង ក៏បាន​ប្តូរ​ពី​វេទិកា​នយោបាយ​ចាស់ មក​វេទិកា​នយោបាយ​ថ្មី​មួយ​ផ្សេងទៀត ដើម្បី​បន្ត​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន ខណៈដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​៕