ភ្នាក់ងារ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ក្អួត​ឈាម​ស្លាប់​នៅ​លើ​ការ​ណូ​ត

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារ​កាសែត ខ្មែរ​ម្ចាស់​ស្រុក​ម្នាក់ ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​ក្អួត​ធ្លាក់ឈាម ខណៈជិះ​កាណូត​ដ ចេញពី​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦​។ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ស្លាប់​ដោយសារ​ក្អួត​ឈាម​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រស់ សំអាត (​ហៅ ង៉ែត​) អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង  ក្រុង​ខេត្តកំពង់ឆ្នាំង ជា​ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ប្រចាំ​ខេត្តកំពង់ឆ្នាំង​។

នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​កាណូត​ដ​ចុះ​ទៅ​ស្រុក​កំពង់លែង ដោយ​ចេញដំណើរ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ពេល​ដែល​កាណូត​កំពុង​ធ្វើ​ដំណើរ បុរស​រង​គ្រោះ​បាន​ជជែក​គ្នា​លេង​ជាមួយ​អ្នក​ធ្វើ​ដំណើរ​ធម្មតា  ខណៈ​ដែល​កាណូត​បាន​មក​ដល់​ចំណុច​ព្រែក​ដី​ដុល ស្រាប់តែ​បុរស​រង​គ្រោះ​បាន​ប្រាប់​អ្នក​បើកកាណូត​ដ​ឲ្យ​បើក​តិច​ៗ​ថា​ខ្លួន​ហាក់ដូចជា​ធី​ង​ធោ​ង​ចង់​ក្អួត​។បន្តិច​ក្រោយមក​ស្រាប់តែ​គាត់​លុតជង្គុង​ចុះ ហើយ​ក្អួត​ធ្លាក់​សុទ្ធតែ​ឈាម បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​លើ​កាណូត​ដ ដែល​អ្នក​ជិះ​ជាមួយ​បាន​នាំ​គ្នា​លើកដាក់ ឲ្យ​ដេក​លើ​កៅអី​បម្រុង​ជួយ​សង្គ្រោះ  តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​នោះ​កាណូត​ដ​ដឹក​អ្នកដំណើរ​បាន​មក​ដល់​ចំណត ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ស្រុក​កំពង់លែង​ចុះ​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដឹក​តាម​កាណូត​តូច​មួយ​យក​ទៅ​លំនៅ​ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ តាម​ការ​សន្និដ្ឋាន​របស់​អ្នកដឹង​នូវ​ករណី​នេះ​ថា បុរស​រង​គ្រោះ​អាច​ជំងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ ទើប​ធ្លាយ​ក្រពះ​ក្អួត​ឈាម​ស្លាប់​៕