«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

ជនដែលគួរឲ្យសង្ស័យ ចំនួនបីនាក់ ត្រូវបានកោះហៅ​មកសាកសួរ កាលពីថ្ងៃអាទិត្យ ម្សិលម៉ិញ ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​ថៃ ពាក់ព័ន្ធ​នឹង​សំនុំ​រឿង​​ភេរវកម្ម​ថ្មីៗ​បំផុត ស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃ​ប្រទេស​ថៃ។ នគរបាល​បាន​ដាក់​ទំងន់ ទៅលើ​ការ​សង្ស័យ​ផ្នែក​នយោបាយ ជាជាង​ការ​ជាប់​សង្ស័យ ដែល​បង្ក​ឡើង ដោយ​បណ្ដាញ​ភេរវនិយម។
«នៅថៃ យើង​គ្មាន​បណ្ដាញ​ភេរវនិយម​ទេ»

ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងលោក ប្រាយុត ចាន់អូចា មេទ័ពថៃ ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយរដ្ឋប្រហារនៅថៃ។​​ (រូបថត AP)

«ជនដែលគួរឲ្យ​សង្ស័យពីរនាក់ ត្រូវបានកោះហៅ ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងហេតុការណ៍ភេរវកម្ម នៅ​ក្រុង ហួរហ៊ីន» នេះបើតាមការអះអាង យ៉ាងប្រយ័ត្នប្រយែង របស់អ្នកនាំពាក្យនគរបាលជាតិថៃ លោក ពីយ៉ាប៉ាន ពីងម័ង (Piyapan Pingmuang) ទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ ប៉ុន្តែអ្នកនាំពាក្យ បាន​បដិសេធ​ប្រើ​ពាក្យ ហៅ​ជន​ទាំង​ពីរ ថាជាជនសង្ស័យ។

អ្នកនាំពាក្យបានបន្ថែមទៀតថា៖ «ហើយជនម្នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ (Nakhon Si Thammarat - ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃ)»។

លោក ពីយ៉ាប៉ាន មិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះ ពីអត្តសញ្ញាណរបស់ជនទាំងបីទេ តែបើតាម​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួន​នៅ ក្រុង ណាក់ខន ស៊ីធម្មារ៉ាត់ នោះ ជាមេ​ដឹកនាំ​មួយរូប នៃក្រុមអាវក្រហម ស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីណាវ៉ាត្រា (Shinawatra) ទាំងពីរនាក់បងប្អូន និង​ជា​ចលនា​មួយ មាននិន្នាការប្រឆាំង នឹងរដ្ឋអំណាចយោធាសព្វថ្ងៃ។ ព័ត៌មានខាងលើ  មិនត្រូវបាននគរបាលថៃ អះអាង​ថា​ពិត ឬមិនពិត​ នាវេលានេះនៅឡើយ។

យ៉ាងណា អ្នកនាំពាក្យនគរបាលបានបង្ហើបឲ្យដឹងថា​ សំនុំរឿងនេះ អាចមានជាប់ពាក់ព័ន្ធ ជាមួយនឹង​នយោបាយ។ លោកបន្តថ្លែងឡើងថា៖ «យើងកំពុងធ្វើការ ជាមួយភស្ដុតាង ដើម្បីដាក់ការសង្ស័យ​បាន។ (...) ការ​ស៊ើបអង្កេត កំពុងបោះជំហានទៅមុខ ហើយយើងដឹងហើយ ថានរណានៅពីក្រោយ (ភេរវកម្មទាំងនេះ)។»។

លោក ពីយ៉ាប៉ាន ពីងម័ង បានសង្កត់ធ្ងន់ថា៖ «ហេតុការណ៍នេះ ជាអំពើវិទ្ធង្សនាមួយ និងមិនមែនជា​ទង្វើ​ភេរវកម្ម​នោះ​ទេ។ នៅថៃ យើងគ្មានបណ្ដាញភេរវនិយមទេ។»

រវាងពីថ្ងៃព្រហស្បត្តិ៍ មកដល់ថ្ងៃសុក្រ គ្រាប់បែកចំនួន១១គ្រាប់ បានផ្ទុះឡើង ក្នុងខេត្តចំនួនប្រាំ នៅថៃ ក្នុង​នោះ​រាប់​បញ្ចូលទាំង ក្រុង ភូកេត និងក្រុងហួរហ៊ីន ដែលជាក្រុងមាត់សមុទ្រដ៏ល្បី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ និង​សម្បូរ​ដោយ​ទេសចរណ៍ រាប់សិបម៉ឺននាក់ កំពុងកំសាន្ដសម្រាកកាយ។ ការបំផ្ទុះគ្រាប់បែកនោះ បានបង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤នាក់ និងមនុស្សរបួសរាប់សិបនាក់។ ពីក្នុងចំណោមអ្នករបួស មានដប់នាក់ ជា​ជន​បរទេស។

ក្រុមអ្នកវិភាគ ក៏បានលើកឡើងដែរថា ហេតុការណ៍នេះ​អាចបណ្ដាល​មកពីកំហឹងនយោបាយ របស់​ក្រុម​មនុស្ស​ស្និត នឹងអតីតនាយករដ្ឋមន្ត្រី ទាំងពីរនាក់បងប្អូន លោក ថាក់ស៊ីន (Thaksin Shinawatra) និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលរងការបង្ក្រាប តាំងពីពីរឆ្នាំមកហើយ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​​ ក្នុង​ខែ​ឧសភា ឆ្នាំ២០១៤នោះមក។ សម្រាប់បងប្អូន ស៊ីណាវ៉ាត្រា ទាំងពីរនាក់វិញ បានប្រកាសថ្កោលទោស និង​ស្នើ​សុំ​ឲ្យ​រក​ការ​ពិត ទៅលើភេរវកម្មទាំងនេះ៕