ចន្លោះប្រហោង​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី បង្កើតជា​បញ្ហា​ថ្មី ក្រោយ​ប្រជាមតិ និពន្ធដោយ : ទេព អ៊ីវិសាល       August-15-2016, 10:19 pm         71

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចន្លោះប្រហោង​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី បង្កើតជា​បញ្ហា​ថ្មី ក្រោយ​ប្រជាមតិ​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្ងៃទី​០៧​ខែសីហា​កន្លងទៅ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ហើយ​ថា​ប្រជាពលរដ្ឋ​ថៃ ភាគច្រើន បាន​គាំទ្រ និង​ទទួលយក​នូវ​សេចក្តីព្រាង ដែល​អ្នកនយោបាយ និង​អ្នកវិភាគ​មួយចំនួន​មើលឃើញថា​ជា​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ បទ​ប​ញ្ញ​តិ​មួយចំនួន​ក្នុង​សេចក្តីព្រាង​នោះ បម្រើ​ផលប្រយោជន៍​យោធា និង​ផ្តល់​ភាពស្របច្បាប់​សម្រាប់​យោធា​ដើម្បី​តោង​អំណាច​ក្នុង​នយោបាយ​។ យ៉ាងណាក៏ដោយ ដំណើរ​ការធ្វើ​រដ្ឋធម្មនុញ្ញ​នោះ មិនទាន់​បញ្ចប់​នៅឡើយ​នោះទេ ព្រោះ​មាន​បទបញ្ញត្តិ​ខ្លះ​ត្រូវ​ជជែក​បន្ថែម និង​មាន​ភាពមិនប្រក្រតី​ជុំវិញ​នៃ​ការធ្វើប្រជាមតិ​នោះ​ផងដែរ​។​

​សំណួរ​គោល​សម្រាប់​ការធ្វើប្រជាមតិ​ថ្ងៃទី​០៧ ខែសីហា «​ថា​តើ​ប្រជាពលរដ្ឋ​ព្រម​ទទួលយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ឬ​យ៉ាងណា​?»​ត្រូវបាន​ឆ្លើយ​តាមរយៈ​ការបោះឆ្នោត​«Yes»​គាំទ្រ​ភាគច្រើន​ដែលមាន​ចំនួន​លើសពី​៦០​ភាគរយ​រួចទៅហើយ​។ ដោយឡែក វា​នៅមាន​ចន្លោះប្រហោង​មួយទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​ថា​តើ «​សមាជិក​ព្រឹទ្ធសភា​គួរផ្តល់​សិទ្ធិអំណាច​ក្នុងការ​ចូលរួម​បោះឆ្នោត​ជាមួយនឹង​រដ្ឋសភា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដែល​មិនមែនជា​បេក្ខជន​ចេញពី​បក្សនយោបាយ​ដែល​បាននិងកំពុង​តែ​ត្រូវបាន​ជជែក​ដោយ​គណៈកម្មាធិកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ​»​។

១. តើ​ព្រឹទ្ធសភា គួរផ្តល់​អំណាច​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដែល​មិនមែន​ចេញពី​បញ្ជី​បក្សនយោបាយ​ឬ​យ៉ាងណា​?
​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ លោក Chatchai Na Chiang Mai ដែល​ដកស្រង់​ដោយ​សម្តី​សារព័ត៌មាន Bangkok Post គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ កំពុងតែ​ពិចារណា​លើ​លទ្ធភាព​សម្រាប់​ព្រឹទ្ធសភា​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ដែល​មិនមែនជា​បេក្ខជន​ចេញពី​បញ្ជី​បក្សនយោបាយ បន្ទាប់ពី​សំណួរ​បន្ថែម​ត្រូវបាន​ទទួលស្គាល់​តាមរ​យៈ​ការបោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃទី​០៧ ខែសីហា​។ សំណួរ​បន្ថែម​នោះ​និយាយ ថា «​ព្រឹទ្ធសភា​នឹងចូលរួម​ជាមួយ​រដ្ឋសភា​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​» តែ​មិនបាន​បញ្ជាក់ថា ព្រឹទ្ធសភា អាច​ចូល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលជា​អ្នក​ខាងក្រៅ​នោះទេ ដែល​នេះហើយ​ជា​ចន្លោះប្រហោង​មួយ​ដែល​បញ្ហា​បន្ទាប់ពី​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​ជារួម​។​

​តាម​ប្រភពព័ត៌មាន​ដដែល អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ ត្រូវការ​ពេលវេលា​បន្ថែម​ច្រើន​ទៀត​ដើម្បី​សិក្សា​ពី​បញ្ហា​នេះ ហើយ​គណៈកម្មាធិការ អាច​នឹង​អញ្ជើញ​រដ្ឋសភាជាតិ និង​សមាជិក​រដ្ឋសភា​ទទួល​បន្ទុក​កែទម្រង់​ជាតិ​ដើម្បី​ពិភាក្សា និង​បកស្រាយ ដ្បិត​សំណួរ​បន្ថែម​នោះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស្ថាប័ន​ទាំងពីរ​។ យ៉ាងណាក៏ដោយ ប្រសិនបើ​ព្រឹទ្ធសភា​ដែល​កើតចេញពី​ការតែងតាំង​សរុប​២៥០​នោះ អាច​ត្រូវ​បានផ្តល់​សិទ្ធិ​មែន​នោះ វា នឹង​ក្លាយជា​បញ្ហា​ថ្មី​មួយទៀត​។ បញ្ហា​នោះ​គឺ សមាជិក​ព្រឹទ្ធសភា​ទាំងនោះ អាច​នឹង​បោះឆ្នោត​ជំទាស់​លើ​បេក្ខជន​ដែល​ចេញពី​បញ្ជី​បក្សនយោបាយ​ឈ្នះឆ្នោត ដែល​វា នឹង​ផ្តល់ឱកាស​ខ្ពស់​សម្រាប់​អ្នក​ខាងក្រៅ​ដែល​មិនមាន​ជា​បេក្ខជន​របស់​បក្សនយោបាយ​ឈ្នះឆ្នោត​(​អាចជា​យោធា​) ក្នុងការ​ប្រកួតប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​។

២. ការមិនអាច​ទទួលបាន​ការយល់ដឹង​ទាំងស្រុង​ពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មុនពេល​ប្រជាមតិ គួរ​ចាត់ទុកជា​រឿង​មិន​ប្រក្រតី​?
​ទន្ទឹមនឹង​ចន្លោះប្រហោង​នៃ​បទបញ្ញត្តិ​នោះ វា ក៏មាន​បញ្ហា​មួយ​ថ្មី​ត្រូវបាន​លេចឡើង​ផងដែរ​។ នោះ​គឺ​សកម្មជន​បក្ស​ភឿ​ថៃ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម បានប្រកាស​ពី​គម្រោង​ក្នុង​ប្តឹង​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ទៅកាន់​តុលាការ​កំពូល​ជំនាញ​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​«​ភាពស្របច្បាប់​»​នៃ​ការធ្វើប្រជាមតិ​នោះ​។

​លោក Ruangkrai Leekijwattana សមាជិក​បក្ស​ភឿ​ថៃ​ទទួលបន្ទុក​ផ្នែក​ច្បាប់ នៅ​ថ្ងៃទី​១៤​ខែសីហា បាន​អះអាងថា លោក បានទទួល​បណ្តឹង​ជាច្រើន​នៅមុន​និង​ក្រោយ​នៃ​ការធ្វើប្រជាមតិ​បី​ឬ​បួន​ថ្ងៃ​ពី​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ដែល​ពួកគេ បាន​បញ្ជាក់ថា មិន​ទទួលបាន​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថតចម្លង​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ដើម្បី​អាច​យល់ដឹង​ឲ្យ​បាន​កាន់តែច្បាស់​ពី​សេចក្តីព្រាង​នោះ​។ លោក បញ្ជាក់ថា បញ្ហា​នេះ គឺជា​ហេតុផល​មួយ​ដែល​បញ្ជាក់ថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត មិនបាន​ថតចម្លង​សេចក្តីព្រាង​គ្រប់គ្រាន់​សម្រាប់​អ្នកបោះឆ្នោត ដែល​បាន​តម្រូវ និង​កំណត់ដោយ​ច្បាប់ និង​បទបញ្ជា​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post​។

​អ្វី​គួរកត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល សកម្មជន​បក្ស​រូបនោះ ក៏បាន​សង្កត់​ដែរ​ថា លោក នឹង​ស្នើ​ឲ្យ​តុលាការ​មោឃភាព​លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នោះ ប្រសិន គេ​រកឃើញថា​លទ្ធផល​នោះ​មិន​ស្របតាម​ច្បាប់​។ ហើយ លោក ក៏​នឹង​ស្នើ​ឲ្យ​មាន​ការបើក​ស៊ើបអង្កេត​មួយ​ជាបន្ទាន់​ដើម្បី​សុំ​ការពន្យល់​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ពី​មូលហេតុ​នៃ​ការមិនអាច​ផ្តល់​សេចក្តីព្រាង​ទៅកាន់​អ្នកបោះឆ្នោត​ទាំងអស់ និង​ពន្យល់​ពី​របៀប​នៃ​ការចំណាយ​កញ្ចប់​ថវិកា​រហូតដល់​២.៩៩ ពាន់​លាន​បាត ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សម្រាប់​ការធ្វើប្រជាមតិ​៕