គិតតែ​ថតរូប​បង្ហោះ​បង្អួត​ស្រី ពេល​ប្រពន្ធ​ស្ដី​ឲ្យ​វាយ​ប៉ោង​មុខ

រាជធានី​ភ្នំពេញ ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដែល​ប្រពន្ធ​បាន​ប្រាប់​នគរបាល​ថា រឿង​នេះ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី​អត់​គិត​រកស៊ី​អី​ទេ គិតតែ​ពី​អង្គុយ​លេង​ហ្វេ​ស​ប៊ុ​ក ថតរូប​របស់​ខ្លួន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្អួត​ស្រី​ស្នេហ៍​ដែល​បុរស​ជា​ប្ដី​នាង​កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ស្រី​ម្នាក់​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ លុះ​ពេល​នាង​និយាយ​បន្តិចបន្តួច​មិន​ចង់​ឲ្យ​ប្ដី​ដើរ​ផ្លូវខុស ក៏​ត្រូវ​ប្ដី​ប្រើ​កណ្ដាប់ដៃ​វាយ​នាង​បែប​នេះ​ទៅ​វិញ​។

ចំណែក​បុស​ជា​ប្ដី​បាន​បដិសេធ​ថា មិន​បាន​ទាក់ទង​ស្រី​ណា​ម្នាក់​ទេ ខ្លួន​លេង​ហ្វេ​ស​ប៊ុ​ក​ធម្មតា​ៗ​តែ​ប៉ុណ្ណោះ ហើយ​រឿង​បន្តិចបន្តួច​សោះ ប្រពន្ធ​បាន​យក​កន្ត្រៃ​ចាក់​រូបគេ ទើប​ទ្រាំ​មិន​បាន​ខ្លួន​បាន​តដៃ​វិញ​តែ​ម្ដង​។ ក្រោយ​ពេល​ត្រូវ​ប្តី​វាយ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នាង​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ​ឲ្យ​នាង​ផង​។

បន្ទាប់​មក​កម្លាំង​នគរបាល​បាន​ចុះ​ទៅ នាំ​ខ្លួន​បុរស​ជា​ប្ដី​នោះ​ទៅ​សាកសួរ និង​អប់រំ​ឈប់​ឲ្យ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ទៀត​។ បុរស​ជា​ប្ដី​នោះ​ឈ្មោះ ម៉ៅ គឹ​ម​ហៀ​ង អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត នៅ​ក្នុងភូមិ​អំពិល ឃុំ​កក់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ម៉េ​ង ធូ អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពាម​ស្ដី ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

ស្ត្រី​នោះ​បាន​ប្រាប់​នគរបាល​ថា នាង​គឺជា​អតីត​ស្រី​មេម៉ាយ មានកូន​ប្រុស​ម្នាក់ និង​កូនស្រី​២​នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា​ជាមួយ​ប្ដី បន្ទាប់​មក​បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាមួយ​បុ​រ​រស​ឈ្មោះ ម៉ៅ គឹ​ម​ហៀ​ង បាន​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​មិន​បាន​រៀប​ការ​នោះ​ទេ ដោយ​គ្រាន់តែ​សែន​ធម្មតា​ៗ​កុំ​ឲ្យ​មេបា​កាច់​ប៉ុណ្ណោះ ហើយ​ចំណងដៃ​បានកូន​ប្រុស​ម្នាក់​។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្ដី​ហាក់​មាន​ចរិត​ឫកពារ​ប្លែក​ណាស់ មួយ​ថ្ងៃ​ៗ​គិតតែ​អង្គុយ​លេង​ហ្វេ​ស​ប៊ុ​ក មិន​គិតការ​ងារ​ផ្សេង​ទេ មិនតែប៉ុណ្ណោះ​បាន​ថតរូប​ខ្លួនឯង​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​បង្អួត​ស្រី​ស្នេហ៍​ថែម​ទៀត​។

ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ដោយ​អត់ទ្រាំ​លែង​បាន​នាង​ក៏​បាន​ស្ដី​ឲ្យ​បន្តិចបន្តួច ក៏​ស្រាប់តែ​លោក​ប្ដី វាយ​នាង​តែ​ម្ដង​ទើប​នាងរ​ត់រក​ឲ្យ​នគរបាល​ជួយ​ហៅ​លោក​ប្ដី​ដើម្បី​នាំ​ទៅ​ធ្វើការ​អប់រំ​មិន​ឲ្យ​ចាត់ការ​តាម​ច្បាប់​នោះ​ឡើយ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​បាន​ចុះ​នាំ​ខ្លួន​ប្ដី​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សាកសួរ ហើយ​គេ​បាន​ប្រាប់​ថា ខឹង​ប្រពន្ធ​យក​កន្ត្រៃ​ដេញ​ចាក់​មក​លើ​ខ្លួន ទើប​ខ្លួន​វាយ​តដៃ​វិញ​។ បន្ទាប់​ពី​ការ​សាកសួរ​រួច កម្លាំង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការ​វាយតប់​ប្រពន្ធ​តទៅ​ទៀត និង​ធ្វើការ​អប់រំ​រួច ក៏​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕