ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦​នេះ ត្រង់​ចំណុច​ផ្ទះ​ជួល​ដំបូល​ខៀវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​។ ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ ច​ន ប៊ុ​ន​ធិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​បឹង​សាង​ខាងកើត ឃុំ​សុ​គង ស្រុក​កងមាស ខេត្តកំពង់ចាម​។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​បាន​មួយ​ចំនួន មាន ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម ប្រដាប់​តេស្ដ​គ្រឿងញៀន និង​សម្ភារ​មួយ​ចំនួន​ទៀត​។ បើ​តាម​សម្ដី​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្គាល់​ជនសង្ស័យ​នោះ​បាន​ប្រាប់​ថា បុរស​ឈ្មោះ ច​ន ប៊ុ​ន​ធិ​ន នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ធំ​មួយ ជា​យូរ​មក​ហើយ​ដែរ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕