ចាប់​ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៣​នាក់ កាលពី​វេលា ១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦​នៅ​ត្រង់​ចំណុច ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ប្រតិបត្តិការ​ខាងលើ​នោះ ក្រោម​ការ​បញ្ជា និង​ដឹក នាំ​ដោយ​លោក​វរៈសេនីយ៍ទោ ជឹ​ម​ស៊ី ថា អធិការ​នគរបាល​ខណ្ឌដង្កោ ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​បាន​ព័ត៌មាន ពី​សំណាក់​ប្រជាពលរដ្ឋ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន ជន​ស​ង្ស​យ​រួម​នឹង​វត្ថុ​តាង​តែ​ម្ដង​។

ជនសង្ស័យ​៣​នាក់​នោះ​មាន ទី​១-​ឈ្មោះ ផ​ល្លី ចាន់​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​អង្គការ​ស្កុ​ត ស្ថិត​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ ទិន បូ​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​រោង​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទី​៣-​ឈ្មោះ រិ​ទ្ធ ណា​វិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ កម្លាំង​នគរបាល​ដកហូត​បាន វត្ថុ​តាង​ថ្នាំ​ញៀន​៣​កញ្ចប់ ស​ម្ភ​ភារ​ជក់​គ្រឿងញៀន​មួយ​ចំនួន កាំភ្លើង​ជ័រ​១​ដើម​។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕