គ្រាប់បាល់ឈ្នះរបស់ Costa ជួយឲ្យលោក Conte ឈ្នះថ្ងៃបើកឆាកជាមួយ Chelsea (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Diego Costa បានធ្វើឲ្យរូបគេវិលទៅរកការចាប់អារម្មណ៍វិញជាមួយនឹងគ្រាប់បាល់ឈ្នះរបស់គេនៅនាទី ទី៨៩ ខណៈដែលក្រុម Chelsea បានផ្តួលក្រុម West Ham United ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទីមួយរបស់លោក Antonio Conte ក្នុងនាមជាអ្នកចាត់ការទូទៅកាលពីថ្ងៃចន្ទ។

Premierleage-ft16

ខ្សែបម្រើប្រយុទ្ធ Eden Hazard ដែលជានិមិត្តសញ្ញានៃការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Chelsea ពីម្ចាស់ជើងឯកធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១០កាលពីរដូវកាលមុននោះ បានរកគ្រាប់បាល់បើកឆាកនៅកីឡដ្ឋាន Stamford Bridge ដោយការស៊ុតបាល់ប៉េណាល់ទីនៅដើមតង់ទី២ នៅមុនពេលកីឡាករ James Collins បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី ទី៧៧។

Costa គួរតែទទួលបានការពិន័យកាតលឿងជាលើកទី២ ក្រោយពីការប្រជែងដណ្តើមបាល់ជាមួយនឹងអ្នកចាំទី Adrian របស់ក្រុម West Ham ប៉ុន្តែ រូបគេបានរក្សាវត្តមាននៅលើទីលានដើម្បីរកគ្រាប់បាល់ឈ្នះតាមរយៈការស៊ុតបាល់ពីចម្ងាយប្រមាណជា១៨ម៉ែត្រចូលទីយ៉ាងល្អ។

គ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្កើតឲ្យមានរាត្រីជាវិជ្ជមានមួយសម្រាប់លោក Conte ដែលបានដាក់ឲ្យ N’Golo Kante អតីតខ្សែបម្រើរបស់ក្លិប Leicester City ធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេ ហើយខ្សែប្រយុទ្ធបម្រុង Michy Batshuayi ដែលជាអ្នកបង្កើតឲ្យមានគ្រាប់បាល់ឈ្នះ ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia

The post គ្រាប់បាល់ឈ្នះរបស់ Costa ជួយឲ្យលោក Conte ឈ្នះថ្ងៃបើកឆាកជាមួយ Chelsea (មានវីដេអូ Highlight) appeared first on CamboSport.