នគរបាលថៃ​រកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​នៅ​ភាគ​ខាង​ត្បូង

បន្ទាប់ពីបានរងនូវការដាក់បំផ្ទុះគ្រាប់បែកផ្ទួនៗ នៅខេត្តហួហ៊ីន ប្រទេសថៃ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស២នាក់នោះ នគរបាលថៃទើបតែបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ផ្សេងទៀត ដែលគេដាក់ផ្លុងចោលនៅតាមខេត្តភាគខាងត្បូង។ ដំណាក់កាលនេះ ធ្វើឲ្យនគរបាលថៃ ដាក់ការសង្ស័យថា ការដាក់បង្កៃបំផ្ទុះគ្រាប់បែកទាំងនេះ អាចជាស្នាដៃរបស់ពួកឧទ្ទាមអ៊ីស្លាមផ្តាច់ខ្លួននៅភាគខាងត្បូង ដែលនេះគឺវាឃ្លាតឆ្ងាយពីការសង្ស័យរបស់រដ្ឋាភិបាល ដែលបានចោទទៅលើក្រុមអាវក្រហម ថាជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ។

កាលពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យកន្លងទៅ យ៉ាងហោចណាស់មានគ្រាប់បែកច្នៃចំនួន៥គ្រាប់ ដែលនគរបាលថៃបានរកឃើញ នៅតាមខេត្តភាគខាងត្បូងចំនួន៣ គឺខេត្តផាំងង៉ា ខេត្តប្រាជួបគីរីខណ្ឌ និងកោះភូកេត។ គ្រាប់បែកទាំងនេះ ត្រូវបាននគរបាលបំផ្លាញចោល ហើយបើតាមការពិនិត្យពីអ្នកបចេ្ចកទេស គឺវាជាប្រភេទគ្រាប់បែកច្នៃតែមួយ ដូចទៅនឹងគ្រាប់បែកដែលបានផ្ទុះនៅហួហ៊ីន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅ។

នគរបាលថៃ បានឈានទៅរកឃើញនូវកាតស៊ីមSIM ដែលជនដៃដល់បានប្រើប្រាស់ ដើម្បីបញ្ជាបំផ្ទុះគ្រាប់បែក ហើយដែលកាតស៊ីមនោះ គឺមានប្រភពពីប្រទេសម៉ាឡេស៊ី ដែលនៅជាប់ភាគខាងត្បូងប្រទេសថៃ។ ជាមួយនឹង លទ្ធផលស៊ើបអង្កេតថ្មីទាំងនេះ ធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យទាំងស្រុង ថាសកម្មភាពបំផ្ទុះគ្រាប់បែកនេះ គឺជាស្នាដៃរបស់ក្រុមឧទ្ទាមអ៊ីស្លាមផ្តាច់ទឹកដី នៅភាគខាងត្បូង។

អ្នកនាំពាក្យនគរបាលថៃបានបញ្ជាក់ថា មេក្រុមឧទ្ទាមអ៊ីស្លាមផ្តាច់ទឹកដី កំពុងសំងំលាក់ខ្លួន ក្នុងទឹកដីម៉ាឡេស៊ី ជាប់ព្រំប្រទល់ប្រទេសថៃ ហើយតែងតែធ្វើសកម្មភាពនៅភាគខាងត្បូងថៃ ក្នុងតំបន់ដែលមានទេសចរណ៍បរទេសច្រើន។ ការដាក់ការសង្ស័យរបស់នគរបាល ទៅលើក្រុមឧទ្ទាមអ៊ីស្លាមបំបែកទឹកដីបែបនេះ គឺវាផ្ទុយពីអ្វីដែលរដ្ឋាភិបាលយោធាថៃបានសង្ស័យ ដែលភ្លាមៗ បានចោទប្រកាន់ថា ក្រុមអាវក្រហមរបស់លោកថាក់ស៊ីន គឺជាអ្នកធ្វើសកម្មភាពវិទ្ធង្សនា នេះ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍ទី១១ សីហាមក មានគ្រាប់បែកផ្ទុះចំនួន១១គ្រាប់ នៅតាមខេត្តនានានៅភាគខាងត្បូងថៃ ដែលសុទ្ធតែជាខេត្តទេសចរណ៍សមុទ្រ។ មានមនុស្សស្លាប់៤នាក់ និងរបួសជាច្រើននាក់ ដែលក្នុងនោះមានអ្នកទេសចរណ៍បរទេសចំនួន១០នាក់ផងដែរ។ គ្រាប់បែក៣គ្រាប់ បានផ្ទុះចុងក្រោយគេ នៅខេត្តយ៉ាឡា កាលពីយប់ថ្ងៃអាទិត្យ តែមិនបានបង្ករឲ្យមានជនរងគ្រោះទេ។

សូមបញ្ជាក់ផងដែរថា នគរបាលថៃ បានឃាត់ខ្លួនមនុស្ស២នាក់ ហើយកំពុងធ្វើការសាកសួរ ទាក់ទិននឹងការផ្ទុះនៅហួហ៊ីន។ ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានប្រកាសនៅថ្ងៃចន្ទនេះថា យោធាបានឃាត់ខ្លួនជនសង្ស័យជាង១០នាក់ ហើយកំពុងឃុំខ្លួននៅបន្ទាយកងទ័ព។ ហើយបើតាមការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកថៃ បានឲ្យដឹងថានគរបាលបានឃាត់ខ្លួនមនុស្សម្នាក់ នៅខេត្តណាខនស៊ីថាម៉ារ៉ាត ហើយដែលជននោះគឺជាសកម្មជនក្រុមអាវក្រហមរបស់លោកថាក់ស៊ីន។ តែយ៉ាណាក៏ដោយ នគរបាលថៃមិនទាន់បានបញ្ជាក់ ថានេះជាដំណឹងពិតទេ៕

ប្រភព៖  RFI


នគរបាលថៃ​រកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​នៅ​ភាគ​ខាង​ត្បូង

ម៉ៃយោ​មុជទឹក​បែប​អ៊ីស្លាម​ Burkini ​បង្ក​ជា​ជម្លោះ​ហិង្សា​នៅ​កោះ​Corse ​ប្រទេស​បារាំង

នគរបាលថៃ​រកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ​នៅ​ភាគ​ខាង​ត្បូង

លោក Rodrigo Duterte ប្រឈមនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)