ម៉ៃយោ​មុជទឹក​បែប​អ៊ីស្លាម​ Burkini ​បង្ក​ជា​ជម្លោះ​ហិង្សា​នៅ​កោះ​Corse ​ប្រទេស​បារាំង

អំពើហិង្សា ប្រវ៉ាយប្រតប់គ្នា បានកើតឡើងយ៉ាងអាណាធិបតេយ្យ កាលពីថ្ងៃអាទិត្យទី១៤សីហា នៅកោះCorse ប្រទេសបារាំង រវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកទេសចរណ៍ រឺអ្នកភូមិជនជាតិបារាំងមិនមែនអ៊ីស្លាម។ ដើមហេតុនៃអំពើហិង្សានេះ គឺកើតចេញពីការដែលស្ត្រីអ៊ីស្លាមជាច្រើននាក់ បានចុះមុជទឹកសមុទ្រ ក្នុងសម្លៀកបំពាក់ម៉ៃយោ បែបអ៊ីស្លាម ដែលហ៊ុំជិតខ្លួនឃើញតែមុខនិងចុងដៃ។ អ្នកទេសចរណ៍បាននាំគ្នាលួចថតរូប ហើយក៏បានបង្កជាការស្រែកជេរគ្នាទៅវិញទៅមក ផ្ទុះជាអំពើហិង្សាដ៏ធំ។

ឈុតមុជទឹកសមុទ្ររបស់ស្ត្រីតាមបែបអ៊ីស្លាម រឺដែលហៅថា Burkini នោះបានបង្កជាអំពើហិង្សាយ៉ាងអាណាធិបតេយ្យនៅក្នុងតំបន់ឆ្នេរសមុទ្រ ភូមិ Sisco កោះCorse ប្រទេសបារាំង។ ឈុតមុជទឹកដែលរុំខ្លួនជិតឈឹង ឃើញតែប្រឡង់មុខ នឹងចុងដៃ បានធ្វើឲ្យមតិសាធារណៈជនបារាំងខ្លះ មានការមិនសុខចិត្ត និងរិះគន់ ដោយសារប្រពៃណីអ៊ីស្លាម បានហាមឃាត់សិទ្ធិសេរីភាពស្ត្រីសូម្បីតែពេលចុះមុជទឹក។

កាលពីរសៀលថ្ងៃអាទិត្យ ក្រុមទេសចរណ៍ដែលភាគច្រើនជាយុវជនក្មេងៗ បានលួចថតរូបស្ត្រីអ៊ីស្លាម ដែលចុះមុជទឹកក្នុងឈុត Burkini អ៊ីស្លាមនេះ ដែលបានធ្វើឲ្យមានការស្រែកតវ៉ាពីសំណាក់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមដែលនៅក្បែរនោះ។ សង្រ្គាមពាក្យសំដីបានរីកកាន់តែធំ ម្ខាងៗ បានលើកគ្នាមកព្រួត ដើម្បីយកឈ្នះតែរៀងៗខ្លួន។

យោងតាមសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រុមឪពុកម្តាយរបស់យុវជនក្មេងៗ និងអ្នកភូមិ បានព្រួតគ្នាឈ្លោះជាមួយនឹងក្រុមជនជាតិអ៊ីស្លាម។ ក្រុមស្រ្តីអ៊ីស្លាម បាននាំគ្នាចាក់បំបែកកង់រថយន្តរបស់ក្រុមម្ខាងទៀត ឯចំណែកក្រុមយុវជនមិនមែនអ៊ីស្លាមវិញ បាននាំគ្នាដុតបំផ្លាញរថយន្ត២គ្រឿងរបស់ក្រុមជនជាតិអ៊ីស្លាម។ យ៉ាងហោចណាស់មានអ្នករបួសធ្ងន់៥នាក់ ហើយនគរបាលបារាំងបានសម្របសម្រួលស្ថានភាពនេះ ដោយលំបាក។

burkini_5647351

លោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថ្កោលទោសអំពើហិង្សានេះ ហើយបានសន្យាស្វែងរកដំណើរដើមហេតុដំបូង ឲ្យបានពិតប្រាកដ ដើម្បីដាក់ពិន័យ្យដល់អ្នកដែលបានបង្កវា។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមានការប្រទូស្តរាយគ្នា រវាងក្រុមអ្នកកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកស្រុកCorse ជនជាតិបារាំងតែមិនមែនអ៊ីស្លាម។

លោក Ange Pierre Vivoni មេឃុំSisco បានសម្រេចនៅថ្ងៃចន្ទទី ១៥សីហានេះ ដោយបានដាក់បំរាមហាមឃាត់ មិនឲ្យមានការស្លៀកឈុតម៉ៃយោBurkini បែបអ៊ីស្លាមនេះ នៅតាមឆ្នេរសមុទ្រក្នុងឃុំរបស់លោកទេ ដើម្បីចៀសវៀងអំពើហឹង្សា។ នេះជាសេចក្តីសម្រេច ដូចគ្នាទៅនឹងចៅហ្វាយទីក្រុងកាន និងក្រុងVilleneuve-Loubet ដែរ ដែលបានហាមឃាត់ការស្លៀកឈុតមុជទឹកបែបអ៊ីស្លាមនេះ។

ទោះបីជាយ៉ាងណា សេចក្តីសម្រេចនេះ មិនត្រូវបានទទួលការគាំទ្រ ពីសំណាក់មហាជនបារាំងទូទៅទេ ព្រោះវាមិនមែនជាដំណោះស្រាយ ហើយធ្វើឲ្យសង្គមបារាំងកាន់តែបែកបាក់គ្នា។ អំពើហិង្សាដែលកើតចេញពីឈុតមុជទឹកបែបអ៊ីស្លាមនេះ វាគឺជាលទ្ធផលនៃកំហឹង ការស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ក្នុងសង្គមបារាំងបច្ចុប្បន្ន ជាពិសេសគឺក្រោយពេលដែលបារាំង បានរងអំពើភេរវកម្មផ្ទួនៗ បង្កឡើងដោយ ក្រុមជីហាដអ៊ីស្លាម ដែលមានប្រភពចេញពីប្រទេសបារាំងផ្ទាល់តែម្តង៕

ប្រភព៖ RFI


Related Posts