មូលហេតុអ្វី បានជាបណ្តាលឲ្យមានសក់ស្កូវ ទាំងវ័យក្មេង?

ជាធម្មតា សក់របស់មនុស្សយើង ប្រែពណ៌ ឬត្រូវបានហៅជាទូទៅថា សក់ស្កូវ នៅពេលដែលពួកគេមាន វ័យកាន់តែចាស់ ហើយនេះ ក៏ព្រោះតែ ឫសសក់បញ្ឈប់ការផលិត “មេឡានីន” ដែលជាសារធាតុ ផ្តល់ពណ៌ទៅឲ្យសក់។ ផ្ទុយទៅវិញ មនុស្សមួយចំនូនធំ សព្វថ្ងៃនេះ បែរជាចាប់ផ្តើម មានសក់ស្កូវ ទាំងមិនទាន់ចូលវ័យ ៣០ ឆ្នាំផង។ ការដែលមានសក់ស្កូវ ទាំងអាយុតិចបែបនេះ ពិតជាធ្វើឲ្យអ្នកខ្មាស់គេ និងគ្មានទំនុកចិត្តលើសម្រស់ខ្លួនឯងទាល់តែសោះ។

# អ្វីទៅដែលហៅថា “ចាស់មុនអាយុ” ?

ដូចដែលបានលើកឡើងខាងលើ គឺសក់របស់អ្នក នឹងក្លាយជាស្កូវ នៅពេលដែល កោសិកាឈប់ផលិត ជាតិពណ៌មកឲ្យសក់។ តាមលក្ខណៈធម្មជាតិសក់របស់មនុស្ស ត្រូវការកកើតឡើងនៃសារធាតុ Hydrogen peroxide ដើម្បីបង្កើតចេញជាពណ៌បាន។

ជាទូទៅ ជនជាតិស្បែកស ចាប់ផ្តើមមានសក់ស្កូវនៅអំឡុង ពាក់កណ្តាលវ័យ ៣០ ឆ្នាំ ជនជាតិអាស៊ី នៅវ័យជិតឈានចូលវ័យ ៤០ ឆ្នាំ និងជនជាតិអាហ្វ្រិក នៅក្នុងវ័យពាក់កណ្តាល ៤០ឆ្នាំ។ ហេតុនេះប្រសិនបើអ្នកមានបញ្ហាសក់ស្កូវ  ទាំងក្នុងអំឡុងវ័យ ២០ ឆ្នាំ នោះអ្នកត្រូវបានគេចាត់ចូលក្នុងប្រភេទ “ចាស់ជាងអាយុ” ហើយ។

# មូលហេតុ ដែលបណ្តាលឲ្យមាន សក់ស្កូវទាំងក្មេង

១. តំណពូជ

ប្រសិនបើអ្នក មានម្តាយ ឬមានឪពុក ដែលមានសក់ស្កូវ តាំងពីនៅអាយុក្មេងៗ នោះអ្នកក៏ប្រហែលជា ទទូលបាន ក្រូម៉ូសូមហ្សែន សក់ស្កូវទាំងក្មេង ពីម្តាយឪពុក ដែរហើយ។ ហ្សែនរបស់អ្នក ត្រូវបានកំណត់ នៅពេលដែលការផលិតសារធាតុ មេឡានីន ត្រូវបានបញ្ឈប់ រួច DNA របស់អ្នក នឹងធ្វើឲ្យសក់ប្រែពណ៌ទៅជា ស ឬប្រផេះ ទាំងអាយុនៅតិចនៅឡើយ។

២. កង្វះជាតិវីតាមីន

សក់ស្កូវ មុនអាយុ អាចជាសញ្ញាមួយ ដែលបង្ហាញថា អ្នកមានបញ្ហាខ្វះសារធាតុវីតាមីន ជាពិសេស គឺកង្វះនូវសារធាតុ វីតាមីន B។ ប្រសិនបើអ្នក ទទួលទាននូវរបបអាហារ ដែលមានតុល្យភាព និងមិនបានទទួលរងពីបញ្ហាកង្វះអាហាររូបត្ថម្ភទេ បែរជានៅតែជួបបញ្ហាសក់ស្កូវទៀនោះ មានន័យថាអ្នកអាចមានជំងឺខ្វះគ្រាប់ឈាមក្រហមមួយប្រភេទ ហៅថា “Pernicious anemia”។ ករណីរបស់ជំងឺ ខ្វះគោលិកាក្រហមប្រភេទនេះ ធ្វើឲ្យរាងកាយរបស់អ្នក មិនអាចស្រូបយក វីតាមីន B-12 ពីក្នុងឈាមបានឡើយ។ អ្នកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យ។ ប្រសិនបើ ការពិនិត្យ និងធ្វើតេស្តបញ្ជាក់ថា អ្នកមានជំងឺ Pernicious anemia នេះពិតមែន នោះអ្នកអាចនឹងទទួលបាន ការចាក់ថ្នាំ វីតាមីន B-12 បានគ្រប់គ្រាន់ និងទាន់ពេលវេលា។

៣. ភាពមិនប្រក្រតីរបស់ក្រពេញទីរ៉ូអ៊ីត

ក្នុងករណី ក្រពេញទីរ៉ូអ៊ីត របស់អ្នកប្រែជា អសមត្ថភាព មិនអាចផលិតអរម៉ូន ទីរ៉ូអ៊ីត បានគ្រប់គ្រាន់ នោះអ្នកនឹងទទួលរងគ្រោះ ពីជំងឺម៉្យាងហៅថា Hypothyroidism ជាមិនខាន។ ផលប៉ះពាល់មួយ ដែលបណ្តាលមកពីជំងឺ Hypothyroidism គឺធ្វើឲ្យសក់ប្រែជាស្កូវ មុនអាយុបាន នេះបើយោងតាមប្រព័ន្ធសុខាភិបាល នៃសាកលវិទ្យាល័យរដ្ឋ Michigan របស់អាមេរិកបានរាយការណ៍។ អ្នកអាចទៅធ្វើតេស្តឈាម ដើម្បីបញ្ជាក់ថា អ្នកមានជំងឺ Hypothyroidism ឬក៏អត់ និងដើម្បីប្រើប្រាស់ថ្នាំឲ្យបានទាន់ពេលវេលា ក្នុងគោលបំណង ស្តារការផលិតអរម៉ូនឲ្យប្រក្រតីឡើងវិញ។ 

៤. ការជក់បារី

លោកវេជ្ជបណ្ឌិត J. G. Mosley បានសិក្សាលើអ្នកជំងឺក្នុងប្រទេសអង់គ្លេស នៅឆ្នាំ ១៩៩៦ ដោយបានកត់សម្គាល់ឃើញ ពីទំនាក់ទំនងរវាងប្រវត្តិនៃការជក់បារីរបស់អ្នកជំងឺ ជាមួយនឹងការចាប់ផ្តើមដុះសក់ស្កូវ និងការជ្រុះសក់។ ប៉ុន្តែបើទោះបីជា លោកវេជ្ជបណ្ឌិត Mosley មិនមានភស្តុតាងច្បាស់លាស់ ដែលបង្ហាញថាការជក់បារី បណ្តាលឲ្យសក់ស្កូវក៏ដោយ ក៏លោកបានធ្វើការស្ទង់មតិដែលបង្ហាញថា អ្នកជក់បារីពិតជាធ្វើឲ្យដុះសក់ស្កូវមុនអាយុពិតមែន។

# វីធីការពារ

១. បង្កើនការទទួលទានជាតិរ៉ែ

សារធាតុទង់ដែងជាអង់ហ្ស៊ីម ដែលបង្កើតសារធាតុមេឡានីន។ ស័ង្កសី ក៏ដូចជា ទង់ដែងដែរ  ​វាជាសារធាតុដែលមិនអាចខ្វះបាន សម្រាប់ចិញ្ចឹមសរសៃសក់ ដែលមានដូចជា បន្លែបៃតង ស្រូវសាលី សាច់មាន់ សាច់គោ ស៊ុត -ល-។

២. ចៀសវាងបញ្ហាស្រ្តេស

ស្រ្តេស មិនត្រឹមតែប៉ះពាល់ដល់រាងកាយបញ្ញាស្មារតី និងផ្លូវចិត្ត ប៉ុណ្ណោះទេ វាក៏ធ្វើឲ្យខូចសក់ របស់អ្នកពីខាងក្នុងផងដែរ។ ហេតុនេះ អ្នកត្រូវតែចៀសវាង បញ្ហាស្រ្តេស តាមដែលអាចធ្វើទៅបាន ដោយការហាត់ប្រាណ សមាធិ យូហ្គា និងទទួលទានរបបអាហារបានត្រឹមត្រូវ។

៣. ទទួលទានទឹកផ្លែឈើស្រស់

ការទទួលទានទឹកផ្លៃឈើស្រស់ ជាវិធីដ៏ល្អបំផុត ដើម្បីរក្សារាងកាយឲ្យមានជាតិទឹកគ្រប់គ្រាន់ ជាពិសេសទឹកការ៉ុត ដែលមានសមត្ថភាពអាចជួយដល់សុខភាពសក់ និងមិនងាយធ្វើឲ្យសក់ប្រែជាស្កូវឡើយ។ ជាងនេះទៅទៀត អ្នកគួរចៀសវាង ការទទួលទានកាហ្វេ និងតែ ច្រើនហួសកំណត់ តាមដែលអាចធ្វើទៅបាន។

៤. បង្កើនជាតិអ៊ីយ៉ូត

ជាតិ អ៊ីយ៉ូត ជួយឲ្យ ក្រពេញទីរ៉ូអ៊ីត ដែលផលិតអរម៉ូន ទីរ៉ូអ៊ីត ដំណើរការបានប្រក្រតី។ ហេតុនេះហើយបានជា ការបង្កើនការទទួលទានជាតិអ៊ីយ៉ូត គឺជាវិធីដ៏ល្អ ក្នុងការថែរក្សារាងកាយ ជាពិសេស គឺសរសៃសក់តែម្តង ដោយបង្កើនការបរិភោគត្រី និងអំបិលអ៊ីយ៉ូត សម្រាប់ចម្អិនអាហារឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។

៥. ម៉ាស្សាសក់

ការប្រើប្រាស់ប្រេងធម្មជាតិ ឬផ្លែឈើ មកម៉ាស្ស៉ាសក់ អាចជួយសក់ឲ្យមាន ភាពភ្លឺរលោង លូតលាស់ដោយមានសុខភាពល្អ ជាពិសេសសម្រួលដល់ចរន្តឈាមក្នុងឫសសក់ទៀតផង។ ជាងនេះទៅទៀត អ្នកត្រូវចៀសវាងសាប៊ូកក់សក់ ឬផលិតផលថែរក្សាសក់ ដែលមានជាតិគីមី តាមដែលអាចទៅរួចទើបជាការល្អ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មូលហេតុអ្វី បានជាបណ្តាលឲ្យមានសក់ស្កូវ ទាំងវ័យក្មេង?

មូលហេតុអ្វី បានជាបណ្តាលឲ្យមានសក់ស្កូវ ទាំងវ័យក្មេង?