តិរច្ឆាន​ណាស់ ! ប្តី​ចាក់​និង​អា​រកប្រពន្ធ​រហូត​ស្លាប់

រាជធានី​ភ្នំពេញ ៖ ប្តី​ចិត្តតិរច្ឆាន​ម្នាក់​បាន​យក​កាំបិត​ទៅ​ចាក់ក និង​អា​រកប្រពន្ធ​រហូត​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង​បុរី​សូ​នី ចំណុច​ផ្ទះ​ម៉ាស្សា កោស​ជប់ យីហោ​សុខ​វិសាល​១២៦ ស្ថិត​ក្នុងភូមិ​ឫស្សី​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ទុន ធា​វី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​វត្ត​ពោធិ៍​ញាណ​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ សុខ ឃិ​ន អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នក​ម៉ាស្សា ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​វាល់ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ម៉ាស្សា​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​នេះ​ស្រលាញ់​គ្នា​អស់​រយៈពេល​៣-៤​ឆ្នាំ​មក​ហើយ ហើយ​តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ទើប​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ គាត់​បាន​បែក​គ្នា ដោយ​រស់នៅ​ផ្ទះ​ផ្សេង​គ្នា បន្សល់​ទុក​នៅ​កូន​៣​នាក់​(​ប្រុស​២​នាក់​ស្រី​ម្នាក់​)​នៅ​ជាមួយ ។ មុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ​ដោយ​ប្តី​ដែល​ជា​ឃាតករ​បាន​មក​រករឿង និង​ឈ្លោះប្រកែក​គ្នា​ព្រមទាំង​មាន​សៀតកាំបិត​នៅ​ជាប់​ខ្លួន​ទៀត លុះ​ស្អែក​ឡើង​ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ស្រាប់តែ​នៅ​វេលា​កើតហេតុ ជនសង្ស័យ​បាន​លប​កាត់​ដំបូលផ្ទះ​លួច​ចូល​បន្ទប់​ស្ត្រី​រង​គ្រោះ ហើយ​ឲ្យ​កូន​ៗ​ចេញ​ទៅ​ក្រៅ រួច​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់ក និង​អាករ​សម្លាប់​តែ​ម្តង បន្ទាប់​មក​រត់​ចេញ​ទៅ​តាម​ដំបូលផ្ទះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព រួច​យក​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស​ដើម្បី​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ ប្រាប់​ថា បើ​មាន​សប្បុរសជន​ណា​ចង់​យក​កូន​ទាំង​៣​នាក់​ទៅ​ច​ញ្ចឹ​ម​ក៏​បាន​ដែរ ព្រោះ​កូន​ទាំង​៣​នាក់​គ្មាន​ទីពឹង និង​កន្លែង​ជ្រកកោណ​ទៀត​នោះ​ទេ ៕