បង្ក្រាប​​ស្តែងៗ! អរគុណពលរដ្ឋ​​សហការបាន​ល្អ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​ដកហូត​គ្រឿងញៀន​បាន​២​កញ្ចប់​ធំ រួម​ជាមួយ​កាំភ្លើងខ្លី​ជ័រ​១​ដើម និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់ពីមានប្រជាពលរដ្ឋល្អ​បាន​រាយការណ៍មកសមត្ថកិច្ច ។ ជនសង្ស័យ​ឈ្មោះ​កែវ ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​នេះ គឺ​កម្លាំង​បាន​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ជនសង្ស័យ​ម្នាក់​នោះ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ដែល បាន​ចែកចាយ​នៅ​តំបន់​នោះ ។ ក្រោយ​ពី​ទទួល​ដំណឹង​នោះ​ភ្លាម កម្លាំង​ក៏​ចុះ​ទៅ​ឆ្មក់​ចូល​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជន​នោះ​បាន​ភ្លាម​ៗ​តែ​ម្ដង ៕