អ្នកដឹកនាំ​រឿង​ជា ឈី​ម ដក​តួ​នាង​ម៉ៅ គី​ម​ធីតា ពី​សាច់​រឿង

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ពាក្យ​សម្តី​បាន​កើតឡើង​រវាង​អ្នកដឹកនាំ​រឿង​លោក​ជា ឈី​ម និង​តារា​សម្តែង​ថ្មី​នាង​ម៉ៅ គី​ម​ធីតា បន្ទាប់​ពី​អ្នកដឹកនាំ​ជើង​ចាស់​រូប​នេះ​បាន​សម្រេច​ដក​តំណែង​តួឯក​ពី​នាង​ត្រឹម​ពាក់កណ្តាល​ទី ដោយ​មូលហេតុ​មិន​គោរព​ពេលវេលា ។

អ្នកដឹកនាំ​រឿង​លោក​ជា ឈឹ​ម បាន​ប្រកាស​ដក​ចេញពី​ការ​សម្តែង​របស់​នាង​ម៉ៅ គី​ម​ធីតា បន្ទាប់​ពី​សាច់​រឿង​មួយ​កំពុង​ដំណើរការ​ថត​សម្រាប់​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ តែ​តារា​សម្តែង​រូប​នេះ​មិន​ទទួលខុសត្រូវ​លើ​ការងារ និង​មិន​គោរព​ពេលវេលា ។

លោក​ជា ឈី​ម បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ចង់​បញ្ជាក់​បញ្ហា​តួ​សំដែង (​ម៉ៅ គី​ម​ធីតា​) ខ្ញុំ​ប្រកាស​ថា​នឹង​ដក​ចេញពី​ការ​សំដែង​ព្រោះ​នាង​មិន​មានការ​ទទួលខុសត្រូវ​ដោយ​មិន​គោរព​ពេលវេលា និង​ការ​សន្យា ។ ក្រុមការងារ​តម្រូវ​ចេញ​ថត​នៅ​ភ្នំ​ស្រង់ ថត​បាន​មួយ​ថ្ងៃ​ហើយ​ត្រូវ​គេង​មួយ​យប់ តែ​នាង​ត្រូវ​ត្រឡប់​មក​វិញ​ដោយ​សន្យា​ថា ត្រឡប់​ទៅ​ថត​នៅ​ព្រឹកស្អែក​វិញ ។ លុះ​ព្រឹកស្អែក​ក្រុមការងារ និង​តួ​សំដែង ផ្សេង​ៗ​បាន​ត្រៀមលក្ខណៈ​សព្វគ្រប់​រង់ចាំ​តែ​នាង​មិន​បាន​មក​តាម​សន្យា ។ ក្រោយមក​អ្នកចាត់ការ​ទូទៅ​បាន​ទូរស័ព្ទ​ទៅ តែ​នាង​បាន​បិទ​ទូរស័ព្ទ ធ្វើ​ឱ្យ​ក្រុមការងារ​ត្រូវ​ខាត​ពេលវេលា​និង​លុយកាក់ ហើយ​ក្រុមការងារ​ក៏​ត្រូវ​រំសាយ​ដោយ​មិន​បាន​ថត ។ នេះ​ជា​លើក​ទី​១ ។

លុះ​លើក​ទី​២​នេះ​ក្រុមការងារ​បាន​ណាត់គ្នា​ត្រូវ​ថត​ជា​ថ្មី នាង​តួ​សំដែង​ម្នាក់​នោះ​ក៏​យល់ព្រម​ទទួល​ដោយ​ផ្ដល់​ថ្ងៃ​ថត​ឱ្យ​ក្រុមការងារ​ខ្ញុំ ។​លុះដល់​ថ្ងៃ​ត្រូវ​ចេញ​ថត​ក្រុមការងារ​ចេញដំណើរ​ស្រាប់តែ​នាង​ទូរស័ព្ទ​មក​ប្រាប់​ថា នាង​ជាប់រវល់​មិន​បាន​ថត​ឱ្យ​ខ្ញុំ​វិញ ។

សិល្បៈ​ទី​៧​របស់​យើង​កំពុង​តែ​ងើបឡើង​វិញ​តែ​នាង​បែរជា​មក​ជាន់ពន្លិច​ក្នុង​ច​រឹត​បោកប្រាស់​ផលិតករ​ទៅ​វិញ ? សូម​បងប្អូន​ជួយ​ពិចារណា​នូវ​អត្ត​ចរិត​តួ​សំដែង​ឈ្មោះ​នាង​ម៉ៅ គី​ម​ធីតា នេះ​មើល ថា​តើ​នាង​មក​បំផ្លាញ​សិល្បៈ ឬ​ក៏​មក​យក​សិល្បៈ​ជា​ឈ្នាន់ ?​» ។

ជុំវិញ​ការ​ចោទប្រកាន់​នោះ នាង​ម៉ៅ គី​ម​ធីតា បាន​អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា នាង​ព្រម​ទទួលស្គាល់​ថា ខ្លួន​គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​មានរឿង​ហេតុ​នោះ​កើតឡើង ប៉ុន្តែ​មិន​ត្រូវ​ទម្លាក់​កំហុស​លើ​នាង​តែ​ម្ខាង​ទេ ព្រោះ​កិច្ចសន្យា​បាន​ចុះ​ជាមួយ​គ្នា​នោះ គឺ​បាន​ផុតកំណត់​ទៅ​ហើយ ។ នៅ​ក្នុង​កិច្ចសន្យា​គឺ​មាន​រយៈពេល​៣​ខែ​ក្នុង​ការ​ថត ប៉ុន្តែ​កន្លង​ទៅ​ជិត​១​ឆ្នាំ​ហើយ នៅ​តែ​មិន​ទាន់​បាន​ថត​ទៀត​។ ហេតុនេះ​នាង​ក៏​ទទួល​ថត​ឲ្យ​ឱ្យ​ផលិតកម្ម​ផ្សេង​ទៀត​២​ទៅ​៣​រឿង ហើយ​ក៏​បាន​ជូនដំណឹង​ឲ្យ​លោក​ជា ឈី​ម ដែរ ។

នៅ​ពេល​នាង​រវល់​ថត​ឲ្យ​ផលិតកម្ម​ផ្សេង ខាង​ផលិតកម្ម​លោក​ជា ឈី​ម ក៏​ចេញ​ថត​ដូច​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ជាន់​ម៉ោង​ពេល​គ្នា ។

ជា​ការ​ឆ្លើយ​តប​លោក​ជា ឈី​ម បាន​អះអាង​ថា កិច្ចសន្យា​ដែល​លោក​ធ្វើ​ជាមួយ​នាង​ម៉ៅ គី​ម​ធីតា គឺ​មិន​បាន​ដាក់​ថ្ងៃ​ផុតកំណត់​ថា ថ្ងៃ​ណា ខែ​ណា​ទេ គឺ​គិត​មួយ​រឿង​ចប់​តែ​ម្ដង។ លោក​មិន​ដាក់​ថ្ងៃ​ថត​នៅ​ក្នុង​កិច្ចសន្យា​ឱ្យ​ច្បាស់លាស់ គឺ​ព្រោះតែ​លោក​មាន​មនោសញ្ចេតនា​យោគយល់ពី​នាង មិន​ដាក់​កំហិត មិន​ចងជើង​នាង គឺ​ទុក​ឱកាស​ឱ្យ​នាង​មានការ​ងារ​ធ្វើ​ជាមួយ​ផលិតកម្ម​ផ្សេង​ខ្លះ ។ សំខាន់​គឺ​នាង​ត្រូវ​ចេះ​ជួយ​លោក​វិញ យោគយល់​ពី​លោក ដែល​នាង​ត្រូវ​ចែកពេល​វេលា​ឱ្យ​បាន​ច្បាស់​ថា មួ​យស​ប្ដា​ហ៍​ទុក​ពេល​ឱ្យ​លោក​ថត​ប៉ុន្មាន​ថ្ងៃ តែ​គ្រប់ពេល​ដែល​ក្រុមការងារ​លោក​ទូរស័ព្ទ​ទៅ​នាង​គឺ​នាង​គ្មាន​ថ្ងៃ​ណាមួយ​ច្បាស់​ឱ្យ​ក្រុមការងារ​លោក​ទេ ។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ក្រុមការងារ​លោក​រ៉ាំរ៉ៃ ចំណាយ​ពេលវេលា​យូរ​រង់ចាំ​នាង ។ រឿង​បែប​នោះ​ទៅ​ហើយ តែ​សំខាន់​ថ្ងៃ​ដែល​លោក​ដាក់​ឱ្យ​ថត​យ៉ាង​ច្បាស់លាស់​ជាមួយ​នាង គឺ​នាង​ទទួល​ហើយ តែ​ដល់​ថ្ងៃ​ថត​បែរជា​មិន​មក​ទៅ​វិញ​ធ្វើ​ឱ្យ​តួ​ជា​ច្រើន​នាក់ ក៏​ដូច​ជា​ក្រុមការងារ​ខាតបង់​ពេលវេលា និង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។ និយាយ​រួម​នាង​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ ៕