សាលា​​​ដំបូង​​​រាជធានី​​​សាកសួរ​ជន​សង្ស័យ​ពាក់ព័ន្ធ​ការ​បាញ់សម្លាប់​​បុរស​ម្នាក់​នៅ​ម៉ាត​មួយ​កន្លែង​

ក្រុមមន្ត្រីបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរជនសង្ស័យបីនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការបាញ់សម្លាប់បុគ្គលិកម៉ាតម្នាក់អាយុ៣៧ឆ្នាំនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃសៅរ៍។ យោងតាមសេចក្តីរាយការណ៍មួយដែលបានបង្ហោះក្នុងគេហទំព័ររបស់នគរបាលជាតិកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា សឿន ចាន់ដារ័ត្ន បាននៅជាមួយមិត្តភក្តិនៅមុខ Only You Mini Mart ស្រាប់តែនៅពេលនោះម្នាក់ក្នុងចំណោមពួកគេ គឺ ឈ្មោះ ខៀវ ថនវណ្ឌី បានចេញទៅទិញអាហារ។នៅពេល ថនវណ្ឌី ត្រឡប់មកវិញប៉ុន្មាននាទីក្រោយមក គាត់ត្រូវបុរសបួនទៅប្រាំនាក់ជិះម៉ូតូពីរគ្រឿងដេញតាម រហូតដល់ក្នុងម៉ាតនោះ។ យោងតាមសេចក្តីរាយការណ៍នោះបានឱ្យដឹងថា សឿន ចាន់ដារ័ត្ន បានព្យាយាមរារាំងអ្នកដេញតាមទាំងនោះ ត្រង់ចំណុចនេះជម្លោះបានកើតឡើង ហើយបុរសរូបនេះត្រូវបាញ់ចំនួនពីរគ្រាប់ ហើយស្លាប់នៅពេលបន្តិចក្រោយមក។ លោក អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញថា ជនសង្ស័យបីនាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យពាក់ព័ន្ធជម្លោះនេះ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជនសង្ស័យទាំងនេះកំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីកាលពីយប់មិញ បន្ទាប់ពីត្រូវបានសាកសួរនៅតុលាការ ទីដែលពួកគេនឹងត្រឡប់មកវិញនៅថ្ងៃនេះ៕សារុន   © 2016, ខេមបូឌា ដេលី. All rights […]

The post សាលា​​​ដំបូង​​​រាជធានី​​​សាកសួរ​ជន​សង្ស័យ​ពាក់ព័ន្ធ​ការ​បាញ់សម្លាប់​​បុរស​ម្នាក់​នៅ​ម៉ាត​មួយ​កន្លែង​ appeared first on The Cambodia Daily.