បទល្មើស​បំផ្លាញ​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​ខេត្ត​ព្រះសីហនុ នៅតែ​កើតឡើង​យ៉ាង​មហន្តរាយ​

មន្ត្រី​អាជ្ញាធរ និង​ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​គ្រែង​ឈាម​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​ដើម្បី​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​គេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ធំៗ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់យក​កូន​គ្រែង​ឈាម និង​ធនធាន​ជលផល​ជាច្រើន​ប្រភេទ​ទៀត​ទៅ​លក់​ឲ្យ​យួន​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ បើទោះបី​ប្រជា​សហគមន៍​នេសាទ​តំបន់​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ រាយការណ៍​និង​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

ប្រភពពី​ប្រជា​នេសាទ​នៅ​តំបន់​កោះ​ខ្យង ឃុំ​អូរជ្រៅ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​នៅតែ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់យក​កូន​គ្រែង​ឈាម​ទៅ​លក់​នៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត ហើយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួនទៀត​មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ប្រជា​នេសាទ​តំបន់​កោះ​ខ្យង​បាន​រិះគន់​ចំៗ​ថា សមត្ថកិច្ច​ជំនាញ​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​គ្រែង​ឈាម​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ទន្ទឹមនឹងនេះ​ប្រជា​នេសាទ​នៅ​តំបន់​កោះ​ខ្យង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​លើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​គ្រែង​ឈាម​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​មហន្តរាយ​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក យន់ ឆេង មេឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ បាន​បញ្ជាក់ថា ពិតជា​មាន​ករណី​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង ដូច​សេចក្ដីរាយការណ៍​របស់​ប្រជា​នេសាទ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ពិតមែន​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា គ្រែង​ឈាម​ដែលជា​ធនធាន​ជលផល​នៅ​តំបន់​ដែនសមុទ្រ​កោះ​ខ្យង ចៀស​មិន​ផុតពី​រលាយ​ផុត​ពូជ​ទេ ប្រសិនបើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​តាម​អំពើ​ចិត្ត​តទៅទៀត​។ មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ចំពោះ​ភាព​អសកម្ម​របស់លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​គឺជា​មេខ្លោង​ដ៏​ធំ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​កូន​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​៕

f02e2812-72ed-4131-9427-1fad0e1c1bdfលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ  P1លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល

image