ជិះកង់ រៃ​អង្គាស​បាន​ថវិកា​ជាង​១ម៉ឺន​ដុល្លារ​ជួយ​​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ

ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​​រៃ​អង្គាស​ថវិកា​ជួយ​​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក្រោម​​ប្រធាន​បទ «ជិះកង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ ឆ្នាំ​ទី​៣» ប្រមូល​​បាន​​ថវិកា​ប្រមាណ​ជាង​១ម៉ឺន​ដុល្លារ​សហរដ្ឋ​​អាមេរិក​ ដើម្បី​រួម​​ចំណែក​ជួយ​ដល់​សកម្ម​ភាព​​ពិនិត្យ​ថែទាំ និង​​ព្យាបាល​កុមារ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​​សៀមរាប។

 

ជិះកង់ រៃ​អង្គាស​បាន​ថវិកា​ជាង​១ម៉ឺន​ដុល្លារ​ជួយ​​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ

 

កម្មវិធី​នេះ​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​​មាន​​អ្នក​​ចូលរួម​​ជិះ​កង់ ប្រមាណ​​៧៥០​នាក់   ចាប់​ផ្តើម​​​​ចេញ​​ដំណើរពី​មជ្ឈ​មណ្ឌល​ Siem Reap Art Center នៅ​ម៉ោង​៧ព្រឹក​ ធ្វើ​ដំណើរ​ប្រមាណ​១៧​​គីឡូម៉ែត្រ និង ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា​១០ព្រឹក នា​​រមណីយដ្ឋាន​​ស្រះ​ស្រង់។

 

ជិះកង់ រៃ​អង្គាស​បាន​ថវិកា​ជាង​១ម៉ឺន​ដុល្លារ​ជួយ​​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ

 

ក្រៅ​​ពី​​ធាក់​​កង់​​គយ​​គន់​​ទេសភាព​​វាល​​ស្រែ អ្នក​​ចូល​រួម​​ទាំង​​អស់​​បាន​​ឈប់​​សម្រាក​​​ដាំ​​កូន​ឈើ នៅ​​ក្នុង​សាលា​បឋម​សិក្សា​គូរ៉ាតា​ (អញ្ជាញ់)​  និង​រាំ​លេង​កម្សាន្ត​ជាមួយ​នឹង​​ក្រុម​​យុវ​តន្ត្រី​​ស្ម័គ្រ​ចិត្ត​ក្រុម (កំប្រុក​តូច និង​កុមារ​ក្លាហាន) ក្នុង​ខេត្ត​​សៀមរាប​ទៀត​​ផង។

 

ជិះកង់ រៃ​អង្គាស​បាន​ថវិកា​ជាង​១ម៉ឺន​ដុល្លារ​ជួយ​​ដល់​មន្ទីរពេទ្យ​​កុមារ​អង្គរ

 

លោក ​ហ៊ុន សុជាតិ នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Cycling បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ជិះ​កង់​រៃ​អង្គាស​ថវិកា​ជួយ​​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​​សៀមរាប នៅ​ឆ្នាំ​ទី៣នេះ ទទួល​បាន​​​ជោគ​ជ័យ​ លើស​ពី​ការ​​រំពឹង​ទុក។ «ដំបូង​​យើង​​រំពឹង​ថា មាន​អ្នក​​ចូល​រួម​តែ​៦៥០​នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​​មក​​មាន​អ្នក​​មក​​ចុះ​​ឈ្មោះ រហូត​ដល់៧៥០​នាក់ ដែល​​ធ្វើ​ឱ្យ​យើង​ត្រូវ​បង្ខំ​ចិត្ត​​បិទ​ការ​ចុះ​ឈ្មោះ​មុន​កាល​កំណត់។ ទាំងនេះ​គឺ​ជា​មោទនភាព​ដែល​​បង្ហាញ​ពី​​​សាមគ្គី​ភាព​​របស់​ប្រជាជន​​ខ្មែរ និង​​បរទេស​ ក្នុង​ការ​​រួម​​ចំណែកជួយ​​ដល់​​សកម្មភាព​សប្បុរសធម៌»។

 

លោក ច្រឹក គីមផូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Asian Square Group បាន​​ឱ្យ​ដឹង​​ថា ព្រឹត្តិការណ៍​ជិះ​កង់​​ឆ្នាំ​នេះ ទទួល​បាន​​ការ​​សហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​​ប្រមាណ​ជា៥០  ហើយ​លោក​​រំពឹង​ថា​​នៅ​ឆ្នាំ​ក្រោយ​នឹង​​កាន់​តែ មាន​ភាព​សប្បាយ​រីករាយ​ជាង​ឆ្នាំ​នេះ​ទៅ​ទៀត។

 

ព្រឹត្តិការណ៍​ជិះ​​កង់​ដើម្បី​រៃ​អង្កាស​មូល​និធិ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​​កុមារ​អង្ករ ឆ្នាំ​ទី​៣​នេះ ដំណើរ​ការ​យ៉ាង​រលូន​ក្រោម​​កិច្ច​សហការ​គ្នា​យ៉ាង​ល្អ  ពី​ក្រុមហ៊ុន​​ទេសចរណ៍ Cambodia Cycling ក្រុមហ៊ុន Asian Square Group និង  ក្រុមហ៊ុន​ទេសចរណ៍  Travel Loops និង​ការ​​ចូលរួម​ជួយ​​ជ្រោម​​ជ្រែង សម្រប​​សម្រួល​​ដោយ​អាជ្ញាធរ​ខេត្ត​​សៀមរាប និង​អាជ្ញាធរ​​ជាតិ​​អប្សរា។

 

អ្នក​​រៀបចំ​កម្មវិធី និង​​មន្ទីរពេទ្យ​កុមារ​អង្គរ សូម​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី (sponsor) និង​​អ្នក​​ចូលរួម​​ទាំង​អស់ ដែល​​បាន​​ចំណាយ​​ពេល​វេលា និង​​ថវិកា ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ យ៉ាង​​ច្រើន​កុះករ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ការ​បម្រើ​សេវា​ពិនិត្យ ព្យាបាល និង​ថែទាំ ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ មក​ពី​គ្រប់​ទិសទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ក្តី​មេត្តា​ករុណា៕

 

អត្ថបទៈ ដៃគូសហការ