ឧកញ៉ា​មានអំណាច​ខ្លាំង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កា​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ

​ដោយសារ​ស្រូវវស្សា​របស់​ពួកគាត់​ជាច្រើន​ហិកតា​ត្រូវ​ប្រឈម​នឹង​ការខូចខាត​ដោយសារ​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ក្រោយពេល​ឧកញ៉ា លឹម ប៊ុណ្ណា សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ភោជនីយដ្ឋាន​បិទផ្លូវ​ទឹក​នោះ ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ស្រូវវស្សា​របស់​ពលរ​ដ្ឋ​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ប្រមាណ​៤០​ហិកតា​កំពុង​ប្រឈម​នឹង​ការខូចខាត​ជា​បណ្ដើរៗ​ដោយសារ​គ្មាន​ផ្លូវ​សម្រាប់​បូមទឹក​បញ្ចូល​ស្រែ​។ ហេតុនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ឧកញ៉ា លឹម ប៊ុណ្ណា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​គួរ​ឲ្យ​ព្រួយបារម្ភ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ចិន​ជើង បាន​ឲ្យ​ដឹងថា ស្រូវវស្សា​របស់​ពួកគាត់​ជាង​៤០​ហិកតា​កំពុង​ខូចខាត​ជា​បណ្ដើរៗ​ដោយសារ​ឧកញ៉ា លឹម ប៊ុណ្ណា សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ភោជនីយដ្ឋាន​លុប​ផ្លូវទឹក​ដែល​ហូរ​ធ្លាក់​ពី​ទំនប់​៣០​កញ្ញា កាលពី​អំឡុង​ឆ្នាំ​២០១៥​។  បន្ទាប់ពី​រង​ផលប៉ះពាល់ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បានធ្វើ​សំណើ​ទៅ​អាជ្ញាធរ​ស្រុក​ស្ទោង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​ខ្វះ​ទឹក​បញ្ចូល​ស្រែ​នេះដែរ ព្រោះ​តាំងពី​ឧកញ៉ា លឹម ប៊ុណ្ណា មក​អភិវឌ្ឍន៍​ក្នុង​តំបន់​របស់​ពួកគាត់ គឺ​ពួកគាត់​ពុំមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រកប​របរ​កសិកម្ម​ដូច​កាលពីមុន​ឡើយ​។ ការដែល​ឧកញ៉ា លឹម ប៊ុណ្ណា បិទ​ផ្លូវទឹក​គឺធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ព្រោះ​ឧកញ៉ា លឹម ប៊ុណ្ណា មាន​ដីស្រែ​១០០០​ហិកតា​ក្នុង​តំបន់​នេះ​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស្រែវស្សា គឺ​ទាល់តែ​មានការ​បង្ហូរទឹក​ពី​ទំនប់​៣០​កញ្ញា​ឲ្យ​បាន​ច្រើន ហើយ​ត្រូវមាន​ប្រឡាយ​ដែល​អាច​នាំ​ទឹក​មកដល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដូច​កាលពីមុន​។ ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​អន្តរាគមន៍​របស់​អាជ្ញា​ធរ​ស្រុក​នាពេល​កន្លងមក មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ មន្ត្រី​អាជ្ញាធរ​ឃុំ​កំពង់​ចិន​ជើង បាន​ទទួលស្គាល់ថា ការដែល​ឧកញ៉ា លឹម ប៊ុណ្ណា សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​និង​ភោជនីយដ្ឋាន​បិទផ្លូវ​ទឹក​នោះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រូវវស្សា​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា ព្រោះ​ប្រព័ន្ធ​ប្រឡាយ​នៅ​ខាងក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ដីស្រែ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហើយ​ប្រជាពលរដ្ឋ​មិនអាច​ទាញយក​ទឹក​នោះមក​បញ្ចូល​ស្រែវស្សា​របស់​ពួកគាត់​បានឡើយ ទើប​ពួកគាត់​តវ៉ា​ឲ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​៕

13606604_1800648100221748_332723509739133816_n1លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ 494a3fd8-0e9c-4e39-818a-a70eedaec920