លោក កឹម សុខា បញ្ជាក់ថា គុណ​តម្លៃ​របស់​មនុស្ស​គឺ​សេចក្ដីថ្លៃថ្នូរ និង​សម្បជញ្ញៈ​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​បានបញ្ជាក់​ថា គុណ​តម្លៃ​របស់​មនុស្ស​គឺ សេចក្ដីថ្លៃថ្នូរ និង​សម្បជញ្ញៈ​។ ដូច្នេះ​មនុស្ស​យើង​មានគុណ​តម្លៃ​ពិសេស ខុសពី​សត្វ​ដទៃ អាស្រ័យ​ដោយ​មនុ​ស្សមាន​សេចក្តីថ្លៃថ្នូរ និង​សម្បជញ្ញៈ​។​

លោក កឹម សុខា បាន​ពន្យល់ថា ទី​១-​សេចក្តីថ្លៃថ្នូរ គឺ​សិទ្ធិ​ដែល​ត្រូវ​ទទួលបាន  ព្រោះ​មនុស្ស​យើង​ទោះបីជា អ្នកធំ​ឬ​អ្នកតូច អ្នកខ្លាំង​ឬ​អ្នកខ្សោយ អ្នកមាន​ឬ​អ្នកក្រ អ្នកឈ្នះ​ឬ​អ្នកចាញ់​ក៏ដោយ ត្រូវតែ​ទទួលបាន​នូវ សេចក្តីថ្លៃថ្នូរ គឺជា​សិទ្ធិ​មូលដ្ឋាន​នៃ​ការរស់នៅ ដែលមាន​អាទិ៍ ៖ ទី​១-​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ ទី​២-​លំនៅដ្ឋាន​រស់នៅ​សមរម្យ ទី​៣-​ការងារ​ធើ្វ​សម្រាប់​ជា​មុខរបរ​ចិញ្ចឹមជីវិត ទី​៤.-​សេវា​សុខភាព និង ទី​៥-​សេវា​អប់រំ​ជាដើម​។ មនុស្ស​មិនត្រូវ​ទទួលរង​នូវ​ការប្រមាថ​មើលងាយ បង្ខូច​កេរ្ដិ៍ឈ្មោះ និង​បង្ខំ​ឲ្យ​រស់​ដូច​សត្វ​នោះទេ​។ ដូច្នេះ លោក​យល់ឃើញថា មនុស្ស​យើង​គួរ​មានឱកាស​ចូលរួម​រៀបចំ​សង្គម ដើម្បី​រស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ទាំងអស់គ្នា​។ មនុស្ស​យើង​គួរផ្តោត​លើ​បញ្ហា​សង្គម បញ្ហា​ប្រទេសជាតិ​ជាធំ ដោយ​ចៀសវាង​ទាំង​សកម្មភាព ទាំង​ការនិយាយស្តី ដែលជា​ការរំលោភបំពាន សម្លុត គំរាមកំហែង ជេរប្រមាថ បង្កាច់បង្ខូច បង្កជម្លោះ​តែ​រឿង​បុគ្គល​នោះទេ​។ មនុស្ស​យើង​មិនមែន​ចេះតែ​បង្កជម្លោះ ហើយ​មិនចេះ​រួមគ្នា​ដោះស្រាយ​បញ្ហា ដោយ​យោគយល់​គ្នា​នោះឡើយ​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា  បាន​បន្ត​ពន្យល់ថា ទី​២-​សម្បជញ្ញៈ គឺ​សេរីភាព​ដែល​ត្រូវ​ទាមទារ ព្រោះ​មនុស្ស​យើង​ទោះបី អ្នកធំ​ឬ​អ្នកតូច អ្នកខ្លាំង​ឬ​អ្នកខ្សោយ អ្នកមាន​ឬ​អ្នកក្រ អ្នកឈ្នះ​ឬ​អ្នកចាញ់​ក៏ដោយ ត្រូវមាន​សម្បជញ្ញៈ មានការ​ភ្ញាក់រលឹក មានការ​ពិចារណា មាន​សេរីភាព សម្រាប់​ខ្លួន​គ្រប់ៗ​គ្នា​។ មនុស្ស​មិនត្រូវ​ទទួលរង​នូវ​ការ​ឃាត់ឃាំង រារាំង មិន​ឲ្យ​មានការ​តវ៉ា ទាមទារ បញ្ចេញមតិ យោបល់​ខុសគ្នា ដើម្បី​ឲ្យ​ខ្លួន​រួច​ផុតពី​ការជិះជាន់ ការឈឺចាប់ ឬ ការកាប់សម្លាប់​នោះឡើយ​។ មនុស្ស​មិនអាច​ទ្រាំ​អោយគេ​ខ្ទប់​ដង្ហើម​បិទ​ច្រមុះ ហើយ​បិទមាត់​ទៀត ដោយ​មិន​រើបម្រះ​សោះឡើយ​។ ដូច្នេះ​លោក​យល់ថា មនុស្ស​យើង​ត្រូវតែ​ប្រើ​សម្បជញ្ញៈ​របស់ខ្លួន និង​ត្រូវតែ​គោរព​សម្បជញ្ញៈ​អ្នកដទៃ ទើប​យើង​អាច​ទទួលបាន​នូវ សេចក្តី​ស្ងប់ សេចក្តីសុខ និង​សេចក្តីចម្រើន ប្រកបដោយ​សុខដុមរមនា​ជាមួយគ្នា​នៅក្នុង​សង្គមមនុស្ស ដែលជា​សង្គម​ស៊ី​វិ​ល័យ ខុសពី​សង្គមសត្វ​ដទៃ​។​

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការសោកស្តាយ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​ដូច​គណបក្សកាន់អំណាច​៕

14045686_1431236070227021_2383663487177084154_n 14064114_1431236063560355_631951322755150952_n14054101_1431236066893688_8045337471820438181_n