អាជីវករ​នៅ​បន្ទាយ​មាន​ជ័យ​រអ៊ូរទាំ​រឿង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដាក់​កុងត្រូលជជុះ​កៀប​យក​លុយ

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ពី​ក្រុម​អាជីវក​រដឹក​ទំនិញ​ពី​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចូល​មក​កម្ពុជា នៅ​តំបន់​ប៉ោយ​ប៉ែ​ត បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារ​ព៌​ត័​មាន​ឲ្យ​ដឹង​ថា ពួក​គេ​(​អាជីវករ​) កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​រកស៊ី​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ចំណាយ​លុយ​បង់​ឲ្យ​ទៅ​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​ជា​ច្រើន​ស្ថាប័ន ដែល​ដាក់​កុងត្រូលជជុះ​នៅ​តាម​គោលដៅ​មួយ​ចំនួន​ចាំ​កាក់​រថយន្ត​របស់​ពួក​គាត់​យក​លុយ​តាមតែ​អំពើ​ចិត្ត នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ។

ប្រភព​បាន​បង្ហើប​បន្ត​ថា ជាក់ស្តែង​នៅ​ពេល​ដែល​ពួក​គាត់​បាន​ដឹក​ទំនិញ​តាម​រទេះ ឆ្លង​ដែន​ពី​ទឹកដី​ថៃ ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែ​ត ភ្លាម ទំនិញ​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុម​មន្ត្រី គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ជាតិ​ប៉ោយ​ប៉ែ​ត ដែល​គ្រប់គ្រង​ដោយ​លោក​ហ៊ុយ សុ​ជាតិ ប្រធាន​គយ​នៅ​ទីនោះ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ចូល​ទៅ​បង់​ព​ន្ឋ​ជូន​រដ្ឋ​រួច​ម្តង​ទៅ​ហើយ ។ ពួក​គាត់​បាន​ដាក់​ជា​ច​ម្ង​ល់​ថា​ចុះ​ហេតុ​អ្វី​នៅ​ពេល​ដែល​ពួក​គាត់ ដឹក​ទំនិញ​ទាំងនោះ​តាម​រថយន្ត តូច ធំ បន្តដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ មក​ទី​រួម​ខេត្តបន្ទាយមានជ័យ ស្រាប់តែ​រថយន្ត​ដឹក​ទំនិញ​របស់​ពួក​គាត់ ត្រូវ​បាន​មន្ត្រី​ពាក់​ព​ន្ឋ័​មួយ​ចំនួន​មាន​ដូច​ជា មន្ត្រី​គយ​ចល័ត​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង គយ​ចល័ត​ក្រសួង រួម​ទាំង​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ ចាំ​កាក់​រថយន្ត​របស់​ពួក​គាត់​កៀប យក​លុយ​ក្នុង​១​រថយន្ត​តូច​ចំនួន​៣​ទៅ​៥​ម៉ឺន​រៀល និង​រថយន្ត​ធុន​ធំ​ពី​៥​ទៅ​១០​ម៉ឺន​រៀល តាមតែ​អំពើ​ចិត្ត​បែប​នេះ​ទៅ​វិញ ។

ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បញ្ហា​ដែល​ពួក​គាត់​ប្រឈម​ត្រូវ​បង់លុយ​ច្រើន​ជាងគេ​នោះ​គឺ​ស្ថាប័ន​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​តែ​ម្តង ដោយ​ពួក​គេ​បាន​ដាក់​ទី​តាំ​កុងត្រូលជជុះ​នៅ​ចំណុច​ទី​រួម​ខេត្តបន្ទាយមានជ័យ​ជា​ច្រើន​កន្លែង មា​នទី​តាំងទី​នៅ​ចំណុច​ហួស​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ មាន​១​កន្លែង ដែល​មាន​លោក​អនុសេនីយ៍ទោ​ទិ​ត សា​រិ​ន ជា​មេក្រុម​នៅ​ចំណុច​នោះ , ទី​២​នៅ​ផ្លូវ​ឆ្ពោះទៅ​តាម​ដងផ្លូវ​ទៅ​ខេត្ត​សៀម​រាម​មាន​លោក ចិ​ត្រា ជា​មេក្រុម និង​ទី​៣​តាម​ដងផ្លូវ​ឆ្ពោះ​ខេត្តបាត់ដំបង ក៏​មាន​ដែរ ។

តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា ក្រុម​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ដាក់​កុងត្រូលជជុះ​ចាំ​កាក់​រថយន្ត​ដឹក​ទំនិញ តូច ធំ យក​លុយ​ពី​ក្រុម​អាជីវករ នៅ​តាម​ដងផ្លូវ​ជាតិ​ទាំងនោះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​វរសេនីយ៍ ឡុ​ង សំ​អឿ​ន ជា​មេ​កើយ ហើយ​ថា​លោក​ឡុ​ង សំ​អឿ​ន ត្រូវ​បាន​ថ្នាក់លើ​ប្រគល់​ឲ្យ​គ្រប់គ្រង​ចំនួន​៣​ខេត្ត​នៅ​ប៉ែក​ខាងលិច​រួម​មាន​៖​សៀម​រាម បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ ។

ជុំវិញ​បញ្ហា​ការ​ចោទប្រកាន់​ខាងលើ សមត្ថកិច្ច​ប៉ូលិស​សេដ្ឋ​ក្រសួងមហាផ្ទៃ មិន​អាច​សុំ​ការ​បកស្រាយ​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា​នេះ ៕