សមត្ថកិច្ច​គ្រោង​បញ្ជូន​តំណាង​សហគមន៍​បឹងកក់​២​នាក់​ទៅ​តុលាការ​រឿង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ គ្រោង​បញ្ជូន​តំណាង​សហគមន៍​​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៦ សីហា នេះ។

ប្អូនស្រី​លោកស្រី បូវ សោភា លោកស្រី បូវ សោភ័ណ ថ្លែង​ឲ្យ​ដឹង​ក្រោយ​ពី​ចូល​ទៅ​ជួប​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ថា សមត្ថកិច្ច​គ្រោង​បញ្ជូន​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ទៅ​កាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់។

លោកស្រី បូវ សោភ័ណ បន្ត​ថា សមត្ថកិច្ច​បាន​សាកសួរ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ​ពី​ប្រភព​នៃ​ការ​ធ្វើ​ទង់ជាតិ ទីងមោង ក្រវិល រួម​​នឹង​សម្ភារៈ​ផ្សេងទៀត សម្រាប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

ក្នុង​ពេល​ជាមួយ​គ្នា មាន​សកម្មជន​ដីធ្លី​ប្រមាណ​២០​នាក់ ​កំពុង​តវ៉ា​នៅ​ខាង​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ពីរ។ ពួកគេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំងពីរ​មក​សាកសួរ ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។

យ៉ាងណាក៏ដោយ ក្រោយ​ពី​ការ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា នេះ សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ស្ត្រី​ជនបរទេស​ម្នាក់​ទៀត បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន្ត ដើម្បី​សាកសួរ នៅ​ព្រឹក​នេះ។

ម៉ាហ្គា ប៊ូចូសា សេហ្គាដូ ២០១៦ ៨៥៥
អ្នកនាង ម៉ាហ្គា ប៊ូចូសា សេហ្គាដូ (Marga Bujosa Segado) អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ (Spanish) នៅ​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

កញ្ញា ម៉ាហ្គា ប៊ូចូសា សេហ្គាដូ (Marga Bujosa Segado) គឺ​ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​អេស្ប៉ាញ (Spanish) ដែល​សកម្ម​នឹង​ការ​ឃ្លាំ​មើល​ការងារ​អ្នក​បឹងកក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ចប់​សព្វគ្រប់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។