លោក Kim Jong-un អំពាវនាវឱ្យប្រជាជន ហូបសាច់ឆ្កែ

លោក Kim Jong-un ថ្លែងថា សាច់ឆ្កែ សម្បូរដោយវីតាមីន ហើយវាគឺជាអាហារ “លំដាប់ខ្ពស់” ដែលមនុស្សគួរតែហូប

យោងតាមទំព័រ Apple Daily លោក Kim Jong-un បានអំពាវនាវតាមរយៈទូរទស្សន៍ក្នុងស្រុក ឱ្យប្រជាជនកូរ៉េខាងជើង ហូបសាច់ឆ្កែ។

លោក Kim Jong-un ត្រូវបាន DPRK Today (ទំព័រ YouTube របស់កូរ៉េខាងជើង) ដកស្រង់សំដីឱ្យដឹងថា សាច់ឆ្កែមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាង បើធៀបនឹងសាច់គោ និងសាច់មាន់ ហើយវាអាចបង្កើនថាមពលដល់រាងកាយរបស់មនុស្ស។

សាច់ឆ្កែធ្លាប់ជាអាហារបុរាណនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែ កូរ៉េខាងត្បូង បានចាត់ទុកឆ្កែជាសត្វសំណប់ចិត្ត។ ពួកគេកំពុងអំពាវនាវដល់ប្រជាជន កុំឱ្យហូបសាច់ឆ្កែ ហើយចាត់ទុកការហូបសាច់ឆ្កែថាជាការមិនមានភាពស៊ីវិល័យ។

កំពូលខ្មាន់ធ្នូរបស់កូរ៉េខាងត្បូង គឺនាង Ki Bo-Bae ដែលកំពុងចូលរួមប្រកួតកីឡា Olympic នៅប្រេហ្សីល ត្រូវបានគេដឹងថា ចូលចិត្តហូបសាច់ឆ្កែ។ ជាងនេះ ការហូបសាច់របស់ Ki Bo-Bae បានធ្វើឱ្យមានសង្គ្រាមពាក្យសំដីនៅលើបណ្ដាញសង្គម រវាងនាង និងម្ដាយរបស់តារាសំដែង Choi Yeo-jin ផងដែរ។

កាលពីខែមិនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយថា ក្រុងព្យុងយ៉ាង កំពុងស្ថិតក្នុងភាពលំបាក ដោយសារការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ហើយអាចនឹងប្រឈមមុខចំពោះភាពអត់ឃ្លាន ដូចនៅក្នុងទសវត្សរ៍ ឆ្នាំ ១៩៩០ ដែលធ្លាប់បានបណ្ដាលឱ្យមនុស្ស ៣លាននាក់ស្លាប់ដោយសារអត់អាហារ។

កាលពីខែឧសភា សកលវិទ្យាល័យមួយចំនួននៅកូរ៉េខាងជើង ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យនិស្សិតធ្វើដំណើរទៅស្រុកស្រែ ដើម្បីចូលរួមក្នុង “សង្គ្រាមដាំស្រូវ” ដែលមានរយៈពេលពេញ ១ខែ ដើម្បីបង្កើនទិន្នផលស្រូវ។

ប្រភព៖ camnews


Related Posts