ឈ្មួញ​ជាច្រើន​នាក់​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​បាក់ដៃ ដែលមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​

ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​បាក់ដៃ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​ក្នុងនោះ​មាន​ទាំង​លោក អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១​ផងដែរ បានធ្វើ​សកម្មភាព​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​នាំ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារព្រំដែន​ទឹក​ព្រែក​បាក់ដៃ​យ៉ាង​គគ្រឹកគគ្រេង គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​លោក នាង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​បាក់ដៃ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​បាក់ដៃ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​តាម​ច្រក​បាក់ដៃ គឺ​មានការ​ត្រូវរ៉ូវ​បង់លុយ​ក្រោម​តុ​ឲ្យ​សមត្ថកិច្ច​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​គយ​ចល័ត​នៅតាម​ដងផ្លូវ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ទូក​ប៉ុកចាយ​ធំៗ​មាន​ចំណុះ​រាប់សិប​តោន​មានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញ​ចាប់ហួយ​ចម្រុះ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់ ឥដ្ឋការ៉ូ ដែក និង​គ្រឿង​ឧបភោគបរិភោគ​។ ទំនិញ​ទាំងអស់នេះ​ឈ្មួញ​នាំចូល​ដោយ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ ឬ​មិន​បង់ពន្ធ​ក៏មាន​ឲ្យ​តែមាន​ការឃុបឃិត​ជាមួយ​លោក នាង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​បាក់ដៃ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។

​ក្នុងចំណោម​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​លោក អេង ឃាង មេបញ្ជាការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១ កំពុង​ល្បីល្បាញ​រឿង​នាំ​គ្រឿង​ដែក​មក​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ពី​ច្រក​បាក់ដៃ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ច្រើន​ឆ្នាំ​មកហើយ​។ សមត្ថកិច្ច​គយ​ច្រកព្រំដែន ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​គយ​ចល័ត​តាម​ដងផ្លូវ​បាន​ជួយ​សម្របសម្រួល​សកម្ម​ភាព​ដឹកជញ្ជូន​ដែក​របស់លោក អេង ឃាង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ គឺជា​រឿង​លែង​សើច​ឥតប្រយោជន៍​ព្រោះ​លោក នាង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាក់ដៃ កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

2លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ