ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

លោក ទៀត ចំរើន ​ឪពុក​របស់​កីឡាករ U16 ​កម្ពុជា​ ទៀត គីមហេង ​បាន​និយាយ​សុំទោស​សហព័ន្ធ​បាល់ទាត់​កម្ពុជា ចំពោះ​សម្ដី​របស់​លោក​ដែល​បាន​យល់​ច្រឡំ​ទៅ​លើ​ឯកឧត្តម សៅ សុខា ​អំឡុង​ពេល​ញ៉ាំ​អាហារ​ជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ។

 

ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

ឯកឧត្តម សៅ សុខា

 

​ឯកឧត្ដម​ សៅ សុខា ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​កោះ​ហៅ​អាណាព្យាបាល​និង​ក្រុម​កីឡាករ U16 ​កម្ពុជា​ទាំង​អស់ ដើម្បី​ញ៉ាំ​អាហារ​ជុំ​គ្នា​ម្ដង កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម ​បាន​និយាយ​រឿង​រ៉ាវ​ជា​ច្រើន​ទាក់ទង​និង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ​បូក​រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​ផង​ដែរ ដោយ​ប្រើ​ពេល​ជិត​១​ម៉ោង​ឯ​ណោះ។

 

ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

 

ក្រោយ​មក​ដោយ​មាន​ការ​ស្ដាប់​ច្រឡំ​តិច​តួច​ លោក ទៀត ចំរើន ​បាន​ផ្ញើ​សារ​មិន​សមរម្យ​ទៅ​លើ​សហព័ន្ធ​បាល់ទាត់​កម្ពុជា(រូប​ខាង​លើ​)​។ ដោយ​ក្នុង​សារ​នោះ មាន​២​ចំណុច​សង្កត់​ធ្ងន់​ជាង​គេ ដោយ​ចំណុច​ទី​១ ​ចោទ​ថា​សហព័ន្ធ​មើល​ងាយ​ឪពុក​ម្ដាយ​កីឡាករ ដែល​គ្មាន​ប្រាក់​មក​ចិញ្ចឹម​កូន​ឱ្យ​បាន​រៀន​សូត្រ។ ចំណុច​ទី​២ ​គឺ​និយាយ​ថា​ក្រុម​រដ្ឋបាល​កំពុង​តែ​កេញប្រវាញ​ញើស​ឈាម​ក្រុម​កីឡាករ U16 ​កម្ពុជា។

 

ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

  លោក ទៀត ចំរើន

 

ដើម្បី​ជា​ការ​បកស្រាយ​រឿង​មិន​គួរ​ឱ្យ​កើត​មាន​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម​ សៅ សុខា ​ផ្ទាល់​បាន​បើក​សន្និសីទកាសែត​មួយ​កាល​ពី​ព្រឹកមិញ​នេះ ហើយ​ក៏​អញ្ជើញ​លោក ទៀត ចំរើន ​មក​និយាយ​គ្នា​ផង​ដែរ។ ក្នុង​សន្និសីទកាសែត​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ពន្យល់​ថា​៖

 

១. រឿង​ចោទ​ថា​សហព័ន្ធ​មើល​ងាយ​ក្រុម​គ្រួសារ​កីឡាករ

 

លោក​ គល់ សុផាន់ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បកស្រាយ​ថា​នៅ​ពេល​ឯកឧត្តម សៅ សុខា ​បាន​និយាយ​នោះ មិនមែន​សំដៅ​ទៅ​លើ​ការ​មើល​ងាយ​ដល់​ក្រុម​គ្រួសារ​កីឡាករ​នោះ​ទេ។ ដោយ​ឯកឧត្ដម គ្រាន់​តែ​ចង់​បញ្ជាក់​ថា​សហព័ន្ធ​បាន​ជួយ​ដល់​កីឡាករ​ក្មេង​ៗ​នេះ ​បាន​ច្រើន ទាំង​ផ្ដល់​កន្លែង​រៀន​សូត្រ​និង​ពង្រឹង​បន្ថែម​ទៅ​លើ​មុខ​វិជ្ជា​ណា​ដែល​ពួកគេ​មិន​ចេះ​ថែម​ទៀត។ ​នេះ​អាច​បញ្ជាក់​ថា​សហព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដល់​ក្មេង​ៗ​នៅ​បាទី ដែល​សឹង​តែ​អាណាព្យាបាល​កីឡាករ​ខ្លះ​ដែល​នៅ​ខេត្ត​ឆ្ងាយ​ៗ​ធ្វើ​មិន​បាន។ ពាក្យ​ទាំង​នេះ មិនមែន​សំដៅ​ទៅ​មើល​ងាយ មើល​ថោក​ដល់​ក្រុម​គ្រួសារ​កីឡាករ​ណា​ម្នាក់​ឡើយ។

 

ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

 លោក​ គល់ សុផាន់ណា

 

២. ​រដ្ឋបាល​កំពុង​កេញប្រវាញ​ញើសឈាម​កីឡាករ​ U16

 

ត្រង់​ចំណុច​នេះ លោក​ គល់ សុផាន់ណា ​បាន​បញ្ជាក់​ថា​មាន​ការ​យល់​ច្រឡំ​ច្រើន ដែល​លោក ទៀត ចំរើន ​មិន​បាន​យល់ ​ពោល​គឺ​កាល​ពី​ថ្ងៃ​ជប់លៀង​នោះ ​សហព័ន្ធ​ពិត​ជា​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដល់​ក្រុម​គ្រួសារ​កីឡាករ​មែន ដើម្បី​ធ្វើ​ដំណើរ។ តែ​ដោយសារ​តែ​មាន​ការ​យឺតយ៉ាវ​តិចតួច ទើប​បណ្ដាល​ឱ្យ លោក ទៀត ចំរើន ​មាន​ការ​យល់​ច្រឡំ​ថា​បុគ្គលិក​សហព័ន្ធ​ចង់​លេប​លុយ​ទុក។

 

ឪពុក ទៀត គីមហេង ​សុំទោស​សហព័ន្ធ​បាល់ទាត់ រឿង​យល់​ច្រឡំ​ថ្ងៃ​មុន

 ទៀត គីមហេង

 

ក្រោយ​ពី​មាន​ការ​និយាយ​វែកញែក​គ្នា និង​យល់​រៀង​ៗ​ខ្លួន​មក លោក ទៀត ចំរើន ​ដែល​មាន​តួនាទី​ជា​មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត​ព្រះ​សីហនុ នោះ​ក៏​បាន​យល់​ថា​ខ្លួន​និយាយ​លើស​បន្តិច ហើយ​ក៏​សូមទោស​ដល់​ខាង​ឯកឧត្តម សៅ សុខា ​ដើម្បី​ជា​ការ​សម្រួល​គ្នា​វិញ​។ ខណៈ​ដែល​សហព័ន្ធ​ក៏​បាន​យល់​ព្រម ហើយ​យល់​ចំពោះ​អ្វី​ដែល​លោក ទៀត ចំរើន ​កំពុង​ធ្វើ ក្នុង​គោល​បំណង​តែ​មួយ​គត់ ចង់​ឱ្យ​វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចំរើន​ទៅ​មុខ៕

 

អត្ថបទ៖ មុន្នី រម្យ