IMF សម្លឹង​ឃើញ​ទស្សនវិស័យ​វិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​ចិន

ប្រទេស​ចិន ៖ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទស្សនវិស័យ​នៃ​កំណើន​រយៈពេល​ខ្លី​របស់​ប្រទេស​ចិន​មាន​សន្ទុះ​ងើបឡើង​វិញ ដោយសារ​តែ​មាន​គោលនយោបាយ​គាំទ្រ​ថ្មី ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​ត្រូវការ​ទប់ស្កាត់​កំណើន​ឥណទាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៅ​លើ​គោល​ជំហរ​ប្រកបដោយ​និរន្តរភាព ។

IMF បាន​លើក​ឡើង​ក្នុង​របាយការណ៍​មួយ បន្ទាប់​ពី​ត្រួតពិនិត្យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ខ្លួន​ចំពោះ​បញ្ហា​សេដ្ឋកិច្ច​ចិន ដោយ​បញ្ជាក់​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៦,៦%​ក្នុងឆ្នាំនេះ ជាមួយ​អត្រា​អតិផរណា​កើន​ដល់​២% ។

លោក James Daniel ប្រធាន​បេសកកម្ម IMF ប្រចាំ​ប្រទេស​ចិន បាន​លើក​ឡើង​ថា ៖ « យើង​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ចិន ខណៈ​ចិន​កំពុង​បន្ត​ប្រមូល​នូវ​ធនធាន​របស់​ខ្លួន និង​ទទួល​ប្រាក់​ចំណូល​សេដ្ឋកិច្ច​ខ្ពស់​ជាង​មុន » ។

IMF រំពឹង​ថា ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ចិន​នឹង​នៅ​តែ​បន្ត ថែម​ទាំង​ជះ​ឥទ្ធិពល​វិជ្ជមាន ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ផង​ដែរ ។

យោង​តាម​របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា អ​តុល្យភាព​ខាងក្នុង និង​ខាងក្រៅ​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​ជា​បណ្តើរ​ៗ ដោយសារ​តែ​ស្ថិរភាព​ក្នុង​ប្រទេស ។ ការ​ចំណាយ​ក្នុង​គ្រួសារ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ងើបឡើង​វិញ​ផង​ដែរ ។

IMF បាន​កត់​សម្គាល់ថា ខណៈ​គេ​សង្កេត​ឃើញ​មាន​កំណើន​ទស្សនវិស័យ​រយៈពេល​ខ្លី ដែល​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​មួយ​ចំនួន​ត្រូវ​បាន​គ្រប់គ្រង​រួម​មាន កំណើន​ឥណទាន​យ៉ាង​ឆាប់រហ័ស និង​ដំណើរការ​យឺត​នៃ​កំណែទម្រង់ ។

លោក Daniel បានឱ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​កត្តា​ងាយ​រង​គ្រោះ​អាទិភាព​គោលនយោបាយ​របស់​ចិន គឺ​ត្រូវ​កាត់​បន្ថយ​កំណើន​ឥណទាន​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​ដោះស្រាយ​បញ្ហា​ឫសគល់​របស់​វា ដូច​ជា ដាក់​កម្រិត​ថវិកា​ចំពោះ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុងស្រុក ដោយ​ទទួល​បានការ​ធានា​ពី​រដ្ឋាភិបាល និង​ហានិភ័យ​ខ្ពស់​ដែល​កើត​មាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។

យោង​តាម​របាយការណ៍ IMF ឱ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ចិន​បាន​យល់ព្រម​ថា បំណុល​ក្រុមហ៊ុន​របស់​ចិន​បាន​កើនឡើង​ខ្លាំង ។ អាជ្ញាធរ​ចិន​រំពឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នឹង​នៅ​តែ​ស្ថិត​ក្នុង​ចន្លោះ​ពី​៦%​ទៅ​៧% ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​កំណើន​នេះ គឺជា​សក្តានុពល​ដ៏​សំខាន់​សម្រាប់​សន្ទុះ​ងើបឡើង​វិញ ៕