អាស៊ាន​មាន​គម្រោង​បង្កើន​កិច្ច​ប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ជប៉ុន

អាស៊ាន ៖ អាស៊ាន​គ្រោង​នឹង​ធ្វើ​ផែនការ​រយៈពេល​១០​ឆ្នាំ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ជប៉ុន ។

បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៨ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ក្នុង​ស​ប្តា​ហ៍​នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោកស្រី Apiradi Tantraporn បានឱ្យ​ដឹង​ថា បណ្តា​ប្រទេស​អាស៊ាន​បាន​យល់ព្រម​លើ​ផែនការ​រយៈពេល​១០​ឆ្នាំ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​ផ្នែក​ពាណិជ្ជកម្ម សេវាកម្ម ការ​វិនិយោគ និង​ការ​ការពារ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​នេះ ។

លោកស្រី​ឱ្យ​ដឹង​ថា អាស៊ាន​បាន​ឯកភាព​គ្នា​ដើម្បី​កំណត់​គោលដៅ​ច្បាស់លាស់​សម្រាប់​តំបន់​នីមួយ​ៗ ។ ដូច្នេះ វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តើ​សកម្មភាព​នេះ​ទទួល​បាន​ជោគជ័យ​ឬទេ ។ លោកស្រី​ថ្លែង​ថា ៖ « ផែនការ​រយៈពេល​១០​ឆ្នាំ នឹង​បង្កើត​មូលដ្ឋាន​សេដ្ឋកិច្ច​ដ៏​ល្អ​សម្រាប់​ប្រទេស​អាស៊ាន​នីមួយ​ៗ និង​ជួយ​ពង្រឹង​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ » ។

ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង​វៀង​ច័ន្ទ អាស៊ាន​បាន​យល់ព្រម​សហការ​នៅ​ក្នុង​តំបន់​មួយ​ចំនួន ដែល​នៅ​ក្រោម​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន រួម​ទាំង​ការ​កែតម្រូវ​របៀប​ដែល​ប្រជាជាតិ​ទាំងអស់​ចូលរួម​សហការ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​អភិវឌ្ឍ​នៃ​យន្តការ​ទីផ្សារ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​រនាំង​គ្មាន​ការ​បង់ពន្ធ ។ លើស​ពី​នេះ​ទៀត ធ្វើ​ឱ្យ​មានការ​ស៊ីជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សេវាកម្ម និង​ការ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​វិស័យ​នោះ រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​វិនិយោគ ពិនិត្យ​ឡើង​វិញ​ការ​រឹត​បន្តឹង​ក្នុង​ការ​ការពារ និង​លើកកម្ពស់​ការ​វិនិយោគ ។

ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​គោលបំណង​លើកកម្ពស់​ការ​ប្រមូលផ្តុំ​នូវ​ចំណេះដឹង បង្កើន​ទំនុកចិត្ត​អតិថិជន និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ផង​ដែរ ។

ក្នុង​នាម​ជា​ដៃគូ​អាស៊ាន ជប៉ុន​បាន​យល់ព្រម លើ​ផែនការ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​រយៈពេល១០​ឆ្នាំ​នេះ ។ ដូច្នេះ ភាគី​ទាំង​ពីរ​នឹង​រឹត​បន្តឹង​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន ។ កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ជប៉ុន​នេះ ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម និង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​នៅ​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ ព្រមទាំង​ការ​អភិវឌ្ឍ​លើ​ការ​បង្កើត​ថ្មី ។

ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង​វៀង​ច័ន្ទ​អាស៊ាន ក៏​បាន​ឯកភាព​គ្នា​កែប្រែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​ឯកភាព​លើ​វិធានការ​តម្លាភាព អាស៊ាន​និង​សហរដ្ឋអាមេរិក ដើម្បី​កាត់​បន្ថយ​ការ​រឹត​បណ្តឹង​ដែល​មិន​ចាំបាច់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ។

អាស៊ាន​គ្រោង​នឹង​បង្កើន​កិច្ច​សហ​ប្រ​តិ​-​ប​ត្តិ​ការ​ជាមួយ​ប្រទេស​ចិន ដោយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​ផលិតកម្ម និង​បណ្តា​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​របស់​ខ្លួន​ដូច​ជា កូរ៉េ​ខាងត្បូង អូស្ត្រាលី ញូ​វ​ហ្សេ​ឡែ​ន ឥណ្ឌា រុ​ស្ស៊ី សហរដ្ឋអាមេរិក និង​កា​ណា​ដា លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​បញ្ហា​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត ៕