ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​របស់​វៀតណាម​មានការ​កើនឡើង​ខ្លាំង

ប្រទេស​វៀតណាម ៖ យោង​តាម​ក្រសួងកសិកម្ម​បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ​យ៉ាង​ឆាប់រហ័ស​រំពឹង​ថា នឹង​កើនឡើង​លើស​ការ​នាំ​ចេញ​អង្ករ​ជា​លើក​ដំបូង​ក្នុងឆ្នាំនេះ ។

លោក Le Quoc Doanh អនុរដ្ឋមន្ត្រី​នាយកដ្ឋាន​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង Can Tho ថា ៖ « បើ​ទោះជា​ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ ទាក់ទាញ​បាន​វិនិយោគិន​តិចតួច​ក្តី ក៏​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ » ។

លោក Doanh បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​កម្មវិធី​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ធ្វើ​កសិកម្ម ដើម្បី​សម្រប​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​។ ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ​កើន​ដល់​៩០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ និង​១,៤៧​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ព្រមទាំង​១,៨៥​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

យ៉ាងណាមិញ តួលេខ​នេះ​មាន​ចំនួន​១,៣៧​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ ហើយ​វា​ត្រូវ​បាន​គេ​ព្យាករ​ថា ចំនួន​សរុប​នឹង​កើន​ដល់​២,៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។

ទន្ទឹម​គ្នា​នេះ​ដែរ សមាជិកសមាគម​ស្បៀងអាហារ​វៀតណាម (VFA) បាន​រាយការណ៍​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​គិត​ត្រឹម​ចុងខែ​កក្កដា​នេះ មាន​ចំនួន​១,២៦​ប៊ី​លាន​ដុល្លារ ដែល​តិច​ជាង​ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ ប្រមាណ​១១០​លាន​ដុល្លារ ។

លោក Doanh ឱ្យ​ដឹង​ទៀត​ថា ក្រសួង​ព្យាករ​ថា ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែ នឹង​កើន​លើស​ការ​នាំ​ចេញ​អង្ករ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៦​នេះ ។ ជាង​នេះ​ទៀត លោក Doanh បាន​ប្រាប់​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ក្រោម​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម​វៀតណាម ឱ្យ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​លើកតម្កើង​ការ​អភិវឌ្ឍ​លើ​ដំណាំ​ផ្លែ​ឈើ និង​បន្លែ ។

លោក​បន្ថែម​ថា វៀតណាម​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការ​ធ្វើស្រែ​ជា​យូរណាស់​មក​ហើយ ប៉ុន្តែ​ផ្លែ​ឈើ និង​បន្លែ​មាន​សន្ទុះ​ឡើង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ផ្លែ​ស្រកានាគ សាវម៉ាវ មៀន និង​គូ​លេ​ន ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក សរុប​ចំនួន​២​ពាន់​តោន​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ដោយ​កើនឡើង​២០០% ពី​តួលេខ​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូច​គ្នា ។

ផ្លែ​គូ​លេ​ន​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី  ខណៈ​ការ​នាំ​ចេញ​ផ្លែ​ស្រកានាគទៅ​កាន់​ទីផ្សារ​អូស្ត្រាលី នឹង​ត្រូវធ្វើ​ឡើង​នា​ចុងឆ្នាំ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ឈើ​វៀតណាម​ជា​ច្រើន​ប្រភេទ​ទៀត​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​នូ​វែ​ល​-សេ​ឡង់ ៕​