សហព័ន្ធទ្រីយ៉ាត្លុង នឹងរៀបចំការប្រកួតដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងរៀបចំការប្រកួត Triathlon Training Camp 2016 ដែលនឹងចាប់ដំណើរការពីថ្ងៃពុធស្អែកនេះតទៅ នៅទីរួមខេត្តកែប ដើម្បីពង្រឹងទៅលើបច្ចេកទេស និងសមត្ថភាពរបស់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមការប្រកួតស៊ីហ្គេម នាឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី បានយល់ព្រមដាក់ប្រភេទកីឡានេះឲ្យចូលរួមការប្រកួតស៊ីហ្គេម ដែរនោះ។

mm1

ការប្រកួត Triathlon Training Camp 2016 នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែសីហា នៅទីរួមខេត្តកែប ហើយកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាចំនួន១៣នាក់(ស្រី៦នាក់) ក៏នឹងត្រូវចូលរួមនៅក្នុងការប្រកួតនោះដែរ ខណៈការប្រកួតនេះមានការប្រកួតនៅលើវិញ្ញាសាចំនួន២គឺការប្រកួតផ្នែកបុរស ហែលទឹកចម្ងាយ១,៥គីឡូម៉ែត្រ រួចជិះកង់៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០គីឡូម៉ែត្រ។ហើយផ្នែកស្ត្រីហែលទឹកចម្ងាយ៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ រួចបន្តរត់ទៅកាន់ទីផ្តាច់ព្រ័ត្រចម្ងាយ៥គីឡូម៉ែត្រ។

mm2

ទាក់ទងទៅនឹងការប្រកួតនេះ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាននិយាយថា ការប្រកួត Triathlon Training Camp 2016នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាករកីឡាការិនីនៃជម្រើសជាតិកម្ពុជា ដែលបានហ្វឹកហាត់នាពេលកន្លងមក ជាពិសេសដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាឆ្នាំ២០១៧។ ម្យ៉ាងទៀត ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាការិនី ថាតើសមត្ថភាពរបស់ពួកគេ អាចដាក់បញ្ចូលទៅក្នុងការប្រកួតស៊ីហ្គេម បានឬអត់?

The post សហព័ន្ធទ្រីយ៉ាត្លុង នឹងរៀបចំការប្រកួតដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម appeared first on CamboSport.