ស៊យធំហើយលោកកុងតឺន័រ ! ម្ខាង​ជាយោធា​ ម្ខាង​ជាប៉ូលិស​

រា​ជ​ធានី​ភ្នំពេញ ​៖ ​រថ​យន្ត​ដឹក​​​កុង​តឺន័រ​​១​​គ្រឿង​បើក​​​មាន​​ល្បឿន​លឿន​ ក្នុងអាការៈ​ងងុយដេក​ទៀត​ក៏​​ងោក​មួយភាំង ​បណ្តាលឱ្យ​បាត់​ម្ចាស់​ការ​​ជ្រុល​បុក​គូទ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿងយ៉ាង​​ពេញទំហឹង​​ ហើយ​​រថយន្ត​កាម​រី​​​​ទៅ​មុខ​បុក​គូទ​រថយន្ត​ម៉ា​កវី​ហ្គោបន្ត​ ​ធ្វើ​ឱ្យរថយន្ត​កាម​រី​ដែលនៅកណ្តាល​រង​ការ​ខូចខាត​ទាំង​មុខ​ទាំង​ក្រោយ​យ៉ាងដំណំ​ ឯ​រថយន្ត​ម៉ា​កវី​ហ្គោ​ខូច​ខាង​ក្រោយ​។

ហេតុ​ការ​ណ៍​នេះ​​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា​ ​២០១៦ នេះ ស្ថិត​នៅ​​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ត្រង់​​​ចំណុច​​មុខ​​ផ្សារ​ជម្ពូ​វ័ន ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ រាជធានី​ភ្នំពេញ ​។

​ប្រភព​​​​ឱ្យ​ដឹង​​ថា រថយន្ត​ដឹក​កុងតឺន័រ​​បង្កហេតុ​១​គ្រឿង​នោះ​ ពណ៌​​ប្រផេះ ​ពាក់​ស្លាក​លេខភ្នំពេញ 4A-1500 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ឆ្លាម ព​ណ៌​ស្ករស្លាក​លេខ​ភ្នំពេញ 2M-6146 ​បើកបរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ ​រុញ​រថយន្ត​កាម​រី​ឆ្លាម​នោះ​​​ទៅ​បុក​ផ្ទប់​ពីក្រោយ​រថយន្ត​មួយទៀត​គឺ​ម៉ាក Hilux vigo​ព​ណ៏​ស្ករ​ពាក់ ស្លាក​លេខ​ភ្នំពេញ​2T-8779​ បើក​ដោយ​បុរស​ម្នាក់​ អតីត​ជា​នាយ​​នគរបាល​មួយ​រូប ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា​ដែរ​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថ​យ​ន្ត​​បង្កត្រូវ​​នគរបាល​ចាប់ខ្លួន​បាននាំ​ទៅ​ធ្វើការ​សាកសួរ ហើយ​គេ​បាន​ប្រាប់​ថា ខ្លួន​ងងុយ​ដេក​ខ្លាំង​ពេក ទើប​ងោក​មួយភាំង ​ទើប​បង្ក​ឱ្យ​មាន​​គ្រោះថ្នាក់​បែប​នេះ ​។ ​មុន​ពេល​ចេញដំណើរ​ខ្លួន​បាន​ប្រកែក​​ប្រាប់​ថៅកែ​ថា​ ងងុយ​ដេក​បើកឡាន​មិនកើត​ទេ​ ប៉ុន្តែ​ថៅកែ​នៅ​តែ​បង្ខំ​ទៀត ទើប​មាន​បញ្ហា​កើតឡើង​បែប​នេះ​ ។

ទោះបីជាយ៉ាងណា ​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​រង់ចាំ​តំណាង​ក្រុមហ៊ុន​របស់​រថយន្ត​បង្ក​ដោះស្រាយ​ជាមួយ​ខាង​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​ ។