ថ្ងៃក្រោយ​ឲ្យ​រាង ! ប្អូនស្រី​ជីដូនមួយ​ក៏​ប្តឹង​ដែរ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​បងប្អូន​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ក្រុង​តា​ខ្មៅ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ តាម​ពាក្យបណ្ដឹង​ប្អូនស្រី​ជីដូនមួយ​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​រហូត​បាន​សម្រេច និង​ឆក់​យក​ទូរស័ព្ទ២​គ្រឿង​ ព្រមទាំង​លុយ​អស់​មួយ​ចំនួន​ទៀត ។

ប្រភព​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ យិ​ន ថា​រ៉ូ ហៅ​ខ្ញេ​វ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ត្រូវជា​បងប្អូន​ជីទួតមួយ​ជាមួយ​ជនសង្ស័យ និង​នៅ​លីវ​ដូច​គ្នា ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ជនសង្ស័យ​ធ្លាប់​ចេញចូល​ផ្ទះ​នារី​រង​គ្រោះ និង​ធ្លាប់​សុំ​លុយ​ចាយ​ញឹកញាប់​ផង​ដែរ ។ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥​សីហា ជនសង្ស័យ​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ឃើញ​នារី​រង​គ្រោះ​កំពុង​តែ​ដេក​ចុច​ទូរស័ព្ទ​លេង​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​តែ​ម្នាក់ឯង ក៏​បាន​ចូល​ទៅ​ចាប់​ខ្ទប់ មាត់ និង​ច្របាច់ក​គំរាម​មិន​ឲ្យ​ស្រែក ហើយ​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ពេល​រំលោភ​បាន​សម្រេច​ហើយ នារី​រង​គ្រោះ​បាន​ទាញ​ទូរស័ព្ទ​បម្រុង​ទូរស័ព្ទ​ប្រាប់​ម្តាយ​របស់​ខ្លួន ក៏​ត្រូវ​ជនសង្ស័យ​ស្ទុះ​ទៅ​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​ទាំង​២​គ្រឿង ព្រមទាំង​យក​លុយ​អស់​មួយ​ចំនួន រួច​រត់គេច​ខ្លួន​បាត់ ។ លុះដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ បងប្អូន​របស់​នារី​រង​គ្រោះ​បានឃើញ​ជន​ជនសង្ស័យ​នៅ​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក៏​បាន​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​នគរបាល​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​ថា មិន​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​ទេ គឺ​គ្រាន់តែ​បាន​បាន​យកដៃ​ខ្ទប់មាត់ និង​ច្របាច់ក​មិន​ឲ្យ​ស្រែក ព្រមទាំង​យក​ទូរស័ព្ទ​២​គ្រឿង និង​លុយ​១០​ដុល្លារ​ប៉ុណ្ណោះ ៕