PNN លើកស្ទួយតារាក្នុងស្រុក ដោយវិនិយោគយ៉ាងសន្ធឹកសន្ធាប់ លើការផ្សព្វផ្សាយភាពយន្តភាគខ្មែរ

ភីអិនអិន កំពុងតែលើកស្ទួយតារាភាពយន្តកម្ពុជា ជាមួយនឹងការបណ្តាក់ទុនយ៉ាងច្រើនក្នុង ការផ្សព្វផ្សាយភាពយន្តភាគក្នុងស្រុក។ ស្ថានីយ៍ដែលទើបតែប្រារព្ធខួបមួយឆ្នាំរបស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ កំពុងតែធ្វើការផ្សព្វផ្សាយរឿងភាគ និងតារាសម្តែងក្នុងស្រុកនៅលើ បណ្តាញអ៊ីនធឺណិត តាមផ្ទាំងប៉ាណូធំៗក្នុងទីក្រុងភ្នំពេញ ការធ្វើយុទ្ធនាការទីផ្សារ និងការផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ភីអិនអិនបានចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក ទៅលើការផលិតរឿងភាគខ្មែរ ដ៏ល្អឯកសម្រាប់ទូរទស្សនិកជន និងចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារផ្សេងទៀតទៅលើ ការធ្វើយុទ្ធនាការផ្សព្វផ្សាយ។

ទូរទស្សនិកជនដែលគាំទ្ររឿងភាគខ្មែរទាំងអស់ នឹងបានឃើញការផ្សព្វផ្សាយរបស់ ភីអិនអិននៅលើផ្ទាំងLED តាមទីសាធារណៈក្នុងរាជធានីភ្នំពេញ នៅលើផ្ទាំងប៉ាណូនៅតាមឡានក្រុង រ៉ុម៉កកង់បី ខិតប័ណ្ណនានា ក៏ដូចជាព្រឹត្តិការណ៍ផ្សព្វផ្សាយ ជាច្រើនផ្សេងទៀត។

លោក Glen Felgate នាយកប្រតិបត្តិស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានឲ្យដឹងថា៖ «ពួកយើងបានចំណាយពេលវេលា ក៏ដូចជាការខិតខំប្រឹងប្រែង និងទឹកប្រាក់យ៉ាងច្រើន ដើម្បីជ្រើសរើសភាពយន្តភាគខ្មែរ ដែលល្អគួរជាទីចាប់អារម្មណ៍ជូនទូរទស្សនិកជន»។

លោកបានបន្តថា៖ «ឥឡូវនេះយើងក៏កំពុងតែ ចំណាយទឹកប្រាក់ផ្សេងទៀត ដើម្បីគាំទ្រតារាសម្តែង ហើយនិងខ្សែភាពយន្តដែលផលិតបាន»។ 

សា្ថនីយ៍ទូរទស្សន៍ភីអិនអិន នឹងចាប់ផ្តើមចាក់ផ្សាយរឿង ភាគខ្មែររបស់ខ្លួនដំបូងបង្អស់នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ វេលាម៉ោង៨យប់តទៅ។

រឿងភាគដំបូងដែលនឹងចាក់ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ គឺជាស្នាដៃរបស់ផលិតកម្មអិលឌីភីចឆ័រ ក្រោមការដឹកនាំរបស់លោក លៀក លីដា ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈរឿងល្បីៗ មួយចំនួនដែលបានចាក់បញ្ចាំង តាមរឿងកុនធំៗនាពេលកន្លងមក។

រឿងភាគបែបមនោសញ្ចេតនា កំប្លែងសើចសប្បាយ លាយឡំដោយការកាច់កុងគ្នារវាងកូនប្រសា និងម្តាយក្មេក «ម្ទេសហឹរ ប៉ះអំបិលប្រៃ» មានការចូលរួមសម្តែងដោយកញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង លោក ចាបចៀន រួមនឹងសិល្បករល្បីៗ ជាច្រើនរូបទៀត។

ដោយឡែកសម្រាប់រឿងភាគមានចំណងជើងថា «សង្គ្រាមបេះដូង» វណ្ណកម្មថ្មីរបស់ផលិតកម្មខ្មែរមេគង្គ ក៏នឹងត្រៀមចាក់ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងខែកញ្ញាខាងមុខនេះដែរ។ ទូរទស្សនិកជនភាគច្រើន បានទទួលស្គាល់ទៅលើស្នាដៃផលិតរបស់ ផលិតកម្មក្នុងស្រុកមួយនេះ ជាពិសេសនោះ គឺរឿងចុងក្រោយគេ «តម្លៃស្នេហ៍» ដែលបានឈ្នះពានរង្វាន់ដល់ទៅ៤ ពីមហោស្រពភាពយន្តនៅហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។

តួសម្តែងនៅក្នុងរឿងភាគមនោសញ្ចេតនាស្នេហា ការច្រណែន និងការលះបង់របស់ផលិតកម្មខ្មែរមេគង្គមួយនេះមានដូចជា លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា លោក សាវិន ហ្វីលីព រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គជាច្រើនរូបទៀត។

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្ត ភាគក្នុងស្រុកឲ្យបានច្រើនជាង មួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូន ទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ។

ភីអិនអិនជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា បានផ្ដល់ទុនផលិតយ៉ាង សន្ធឹកសន្ធាប់ដល់ផលិតករខ្មែរ ដើម្បីលើកកំពស់គុណភាពភាពយន្តខ្មែរ និងបំពេញតម្រូវការកម្សាន្តរបស់ពលរដ្ឋកម្ពុជា។ ខែ្សភាពយន្តភាគខ្មែរដំបូងនឹងចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload